សេរ៉េណា វីល្លៀម កីឡាការិនីវាយកូនបាល់លំដាប់ទី១ពិភពលោក ជនជាតិអាមេរិក សុំបិទឆាកការប្រកួត WTA Tourក្នុងរដូវកាល ២០១៥ដែលដណ្ដើមបានជើងឯកចំនួន៣ពី៤កម្មវិធី Grand Slam កាលពីថ្ងៃទី១ តុលា ដោយសាររបួស ។
តាមរបាយការណ៍ពីអ្នករៀបចំការប្រកួត China Openនៅក្រុងបេ៉កាំង ប្រទេសចិន ដែលបានបិទឆាកកាលពីថ្ងៃទី៣ តុលា កន្លងមក បានគូសបញ្ជាក់ថា នាងសេរ៉េណា វីល្លៀម សុំឈប់សម្រាកព្រោះត្រូវការពេលថែរក្សាសុខភាព។ នាងសេរ៉េណា អាយុ៣៤ឆ្នាំ ថ្លែងថា៖ «មិនចាំបាច់បិទបាំងទេ ខ្ញុំបានព្យាយាមចូលលេងទាំងរបួសអស់រយៈពេលពេញ១ឆ្នាំ។ ខ្ញុំពូកែលុះត្រាតែខ្ញុំមានកម្លាំងមាំមួនល្អដែរ ហេតុដូច្នេះទើបខ្ញុំសម្រេចចិត្តដកខ្លួនពីការប្រកួតនៅប៉េកាំង និងសិង្ហបុរី ដើម្បីថែរក្សាសុខភាព»។
តាមរបាយការណ៍ប្រចាំសប្ដាហ៍បញ្ជាក់ថា កីឡាការិនីជើងឯក Grand Slam ចំនួន២១ជំនាន់រូបនេះ បានសម្រេចចិត្តឈប់ចូលប្រកួតក្នុងឆ្នាំ២០១៥ លឿនជាងកាលកំណត់ ព្រោះមិនអាចបំភ្លេចការបរាជ័យដ៏ធំក្រោមដៃកីឡាការិនីអីុតាលីគឺនាងរ៉ូប៊ែរតា វីនស៊ី ក្នុងជុំផ្ដាច់ព្រ័ត្រនៃការប្រកួត US Open ៕
ចែករំលែកព័តមាននេះ