បណ្តាអ្នកទទួលខុសត្រូវរាយការណ៍ថា ការបាក់ដីដែលកើតមានកាលពីថ្ងៃទី៣ តុលា ក្នុងភូមិមួយ នៃប្រទេសហ្គាតេម៉ាឡា ជិតរដ្ឋធានី បណ្តាលឱ្យមនុស្សស្លាប់យ៉ាងតិច៥៦នាក់ ហើយបំផ្លាញផ្ទះ១២៥ខ្នង ចំណែកមនុស្សប្រមាណជា៣៥០នាក់ នៅតែបាត់ខ្លួន ។
លោក Julio Sanchez អ្នកនាំពាក្យរបស់ក្រុមជួយសង្គ្រោះ ដែលកំពុងតាមរុករកអ្នកដែលអាចនៅរស់រានមានជីវិត បញ្ជាក់ថា កុមារច្រើននាក់ ក្នុងនោះមានកូនង៉ែតទាំងឡាយផង ស្ថិតក្នុងចំណោមអ្នកស្លាប់នៅភូមិកាតារីណា ពីនូឡា ។ ការបាក់ដីនេះកើតមានក្រោយពីភ្លៀងធ្លាក់ខ្លាំង នៅតំបន់កាតារីណា ពីនូឡា ចម្ងាយ១៥គីឡូម៉ែត្រខាងត្បូងរដ្ឋធានីហ្គាតេម៉ាឡា ។ ពួកអ្នកជួយសង្គ្រោះប៉ុនប៉ងរុករកអ្នកនៅរស់រានមានជីវិតក្នុងភក់លាយថ្ម ហើយមនុស្សប្រមាណជា៣៦នាក់ ត្រូវបានទាញចេញពីគំនរបាក់បែក បញ្ជូនទៅមន្ទីរពេទ្យ ៕
ចែករំលែកព័តមាននេះ