រាជធានីភ្នំពេញ ៖ ការប្រកួតប្រដាល់នៅលើសង្វៀនស៊ីធីអិនកាលពីថ្ងៃសៅរ៍ ទី៣ តុលា កន្លងមកនេះ នេន វណ្ណា មកពីក្លិបខ្លារខិនមានរិទ្ធ បានយកឈ្នះពិន្ទុ វៀត ប៊ុនឌឿន មកពីសមាគមកីឡាប្រដាល់ក្រសួងការពារជាតិទាំងវេទនា ។
គូនេះប្រកួតគ្នាក្នុងឋានៈជាគូឯកប្រចាំសប្ដាហ៍ ហើយកាលពីពេលផ្គូផ្គងអ្នកដែលត្រូវជួបជាមួយ នេន វណ្ណា មិនមែន វៀត ប៊ុនឌឿន ទេគឺសល់ អាម៉ា មកពីក្លិបកុសលកីឡា ប៉ុន្តែដោយសារសល់ អាម៉ា មានបញ្ហាផ្នែកសុខភាពមិនអាចមកប្រកួតកើត ទើបគណៈកម្មការប្រកួតសម្រេចជ្រើសរើស វៀត ប៊ុនឌឿន ឱ្យប្រកួតជំនួសវិញ។ ដោយសារមិនបានត្រៀមខ្លួនទុកជាមុនបែបនេះ គេសង្កេតឃើញ វៀត ប៊ុនឌឿន ហាក់មិនមានកម្លាំងពេញលេញទេ ដោយចាប់ផ្ដើមអស់ស៊ុហ្វតាំងពីទឹកទី២ម្ល៉េះ ។ នេន វណ្ណា ដែលមានប្រៀបជាងស្រាប់ទាំងកម្ពស់និងកម្លាំងនោះបានសម្រុកចូលវាយ និងទាត់មិនប្រណីធ្វើឱ្យ វៀត ប៊ុនឌឿន ដួលទាំងជំហរជាច្រើនលើកច្រើនសា តាំងពីនៅក្នុងទឹកទី១ និងទី២ ម្ល៉េះ។ ទោះជាយ៉ាងណា វៀត ប៊ុនឌឿន មានចិត្តសឿងគ្រាន់បើពោលគឺកាន់តែត្រូវកាន់តែដើរចូលនិងបានវាយកែងត្រូវគល់ថ្គាម នេន វណ្ណា ពេញទំហឹង បណ្ដាលឱ្យដួលទាំងជំហរ ប៉ុន្តែមិនធ្ងន់ធ្ងរដល់ថ្នាក់ប្រកួតលែងកើតទេ គ្រាន់តែត្រូវអាជ្ញាកណ្ដាលលោក ផាន់ ផាណាត រាប់ដល់៨ ក៏អាចក្រោកប្រកួតវិញបានភ្លាម ។ នេន វណ្ណា បន្ទាប់ពីត្រូវ១កែងដួល គេចាប់ផ្ដើមផ្ទុះកំហឹងដើរចូលវាយនិងទាត់មកលើ វៀត ប៊ុនឌឿន មិនខុសពីខ្លាត្រូវរបួសឡើយ ។ ផ្លែជង្គង់របស់គេបានបុកចូលពោះទឹកគូប្រកួតពេញៗធ្វើឱ្យ វៀត ប៊ុនឌឿន ស្ទើរតែលែងហ៊ានចូលកៀកម្ដងៗទៅហើយ ។ ទោះជាយ៉ាងណា វៀត ប៊ុនឌឿន អាចតស៊ូប្រកួតដល់ចប់ទឹកទី៥ និងចាញ់ត្រឹមពិន្ទុប៉ុណ្ណោះ ។
ចំណែកលទ្ធផលគូផ្សេង ព្រំ វី មកពីក្លិបខ្លារខិនមានរិទ្ធ ធ្វើឱ្យ គង់ ហូវ មកពីក្លិបកងពលធំអន្តរាគមន៍លេខ២ ចាញ់ការប្រកួតទាំងមិនអស់ចិត្ត ។ ជ័យ វណ្ណៈ មកពីក្លិបឃ្លាំងមឿងកីឡាឈ្នះពិន្ទុ ឈាន រស្មី មកពីក្លិបខេត្តរតនៈគិរី។ ទេស ឧត្ដម មកពីក្លិបកងពលតូចលេខ៧០ ផ្ដួល ឆេង ពន្លក មកពីក្លិបតាព្រហ្មមានជ័យបង្ក្រាបគ្រឿងញៀនឱ្យសន្លប់នៅត្រឹមទឹកទី២ប៉ុណ្ណោះ ៕


ចែករំលែកព័តមាននេះ