រាជធានីភ្នំពេញ ៖ បើទោះជាអ្នករៀបចំការប្រកួតរបស់ស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍បានផ្លាស់ប្ដូរគូប្រកួតដ៏ខ្លាំង ហើយតម្រូវឲ្យកីឡាករថៃផ្សេងមកប្រកួតជំនួសក៏ដោយ ក៏កីឡាករកម្ពុជា ឃីម ឌីម៉ា នៅតែចាញ់កីឡាករថៃ ដែលមកប្រកួតជំនួសនោះដដែល កាលពី ថ្ងៃសៅរ៍ទី៣ កញ្ញា ។ ចំពោះកីឡាករឌុម កែវដា ដែលមានមហិច្ឆតាចង់ឈ្នះគូប្រកួតឲ្យបានដាច់ខាតនោះ ក៏បានត្រឹមស្មើប៉ុណ្ណោះក្នុងការប៉ះប្រកួតជាមួយកីឡាករថៃ ។
ក្នុងការប្រកួតអន្តរជាតិពេលព្រឹកនៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍នោះ កីឡាករ ឃីម ឌីម៉ា មកពីក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យ មិនត្រូវគេឲ្យឡើងប្រកួតជាមួយកីឡាករ Chheang Krai នោះទេ ។ ការផ្គូផ្គងឲ្យជួបគ្នានោះគឺបន្ទាប់ពីអ្នកទាំងពីរធ្លាប់បានប៉ះគ្នាកាលពីលើកមុន ហើយបានត្រឹមស្មើគ្នា ។ ការប៉ះគ្នាជាមួយ Chheang Krai មានការប៉ាន់ស្មានតិចណាស់ថា កីឡាករកម្ពុជានឹងឈ្នះដោយសារតែការមកប្រកួតលើកទីមួយរបស់កីឡាករថៃ គេចាញ់កីឡាករកម្ពុជា ឯម វិចិត្រ មកពីក្លិបឫទ្ធីពោធិសែនជ័យក្នុងទឹកទី៤ ដោយសារតែហេតុផលជ្រុលដៃវាយខុសលក្ខន្តិកៈ ហើយ ឯម វិចិត្រ ក៏មានឱកាសស៊ីឡាក់ និងការប្រកួតលើកទី២របស់គេ គឹស្មើនឹង ឃីម ឌីម៉ា ។ ការយល់ឃើញបែបនោះ គឺបណ្ដាលមកពីការប្រកួតទាំង២លើករបស់ Chheang Krai គឺគេឈ្នះកីឡាករកម្ពុជាទាំងពីរលើក ដោយគ្រាន់តែលើកទី១ ឯម វិចិត្រ ស៊ីឡាក់ និងលើកទី២ ឃីម ឌីម៉ា បានស្មើពិន្ទុ ព្រោះតែគណៈកម្មការមិនចង់បំបាក់មុខឌីម៉ា ប៉ុណ្ណោះ។ អញ្ចឹងហើយទើបម្នាក់ៗបង្ហាញអារម្មណ៍ធូរចិត្តនៅពេលដឹងថាកីឡាករ
ChheangKraiត្រូវបានប្ដូរចេញហើយដាក់កីឡាករថៃឈ្មោះChhok Chhai Sor Karavek ឲ្យមកជំនួស ដោយសារតែហេតុផលបច្ចេកទេស។ ការដាក់ជំនួសដោយសមាសភាពខុសពីគូប្រកួតចាស់ គឺជាអ្វីដែលអ្នកគាំទ្រគិតថានឹងជួយឲ្យ ឃីម ឌីម៉ា ទទួលបានជ័យជម្នះ បើទោះជាមានការអះអាងថា កីឡាករដែលមកជំនួសក៏មិនអន់ជាងអ្នកត្រូវប្ដូរចេញ ។ យ៉ាងណាក៏ដោយ នៅពេលការប្រកួតរវាងកីឡាករកម្ពុជា និង Chhok Chhai Sor Karavek ត្រូវបញ្ចប់គឺ ឃីម ឌីម៉ា នៅតែចាញ់ដោយគេចមិនផុត បើទោះជាគេប្រឹងប្រែងតស៊ូយ៉ាងស្វិតស្វាញក្ដី។ នោះគឺដោយសារតែកីឡាករដែលមកប្រកួតជំនួសខ្លាំងជាង Chheang Krai ទៅទៀត។ ឆ្លងកាត់ការប្រកួត៥ទឹក កីឡាករ Chhok Chhai Sor Karavek គឺល្អដាច់ឆ្ងាយកីឡាករកម្ពុជា ទើបធ្វើឲ្យ ឌីម៉ា មិនមានឱកាសស្មើដូចពេលប្រកួតជាមួយកីឡាករ Chheang Krai កាលពីមុន ។ លទ្ធផលនេះ បង្ហាញថា កីឡាករកម្ពុជាខាតដើមខាតចុងជាជាងត្រូវប្រកួតជាមួយដៃគូសងសឹកនោះទៅទៀត ។ មានការលើកឡើងថា បើឌីម៉ា ឡើងប្រកួតជាមួយ Chheang Krai ស្រួលមិនស្រួលនឹងឈ្នះការប្រកួតនោះផង ដោយផ្អែកតាមការប៉ះគ្នាកាលពីលើកទី១ គេមានសមត្ថភាពប្រដំប្រសងគ្នា ។
អ្នកទស្សនាបានបង្ហាញការសោកស្ដាយដែល ឃីម ឌីម៉ា មិនអាចទៅរួចជាមួយកីឡាករ Chhok Chhai Sor Karavek ហើយចាញ់ការប្រកួតដោយពិន្ទុនៅវគ្គចុងក្រោយ ។ បើទោះជាគេប្រឹងប្រែង ហើយអាចធ្វើឲ្យការប្រកួតកក្រើកពេញសង្វៀន ក៏លទ្ធផលដែលបានស្ដែងឡើង ហាក់ធ្វើឲ្យកីឡាកររូបនេះប្រឡាក់ប្រឡូសដោយការរិះគន់ថាធ្លាក់ដៃដែរ ។
ងាកទៅកាន់ការប្រកួតរបស់ឌុម កែវដាវិញ គេហាក់មានយីអ៊ុនបន្តិចជាមួយកីឡាករថៃ Yorth Sing ។ ឆ្លងកាត់ការប្រកួតពេញរយៈពេល៥ទឹក កីឡាករកម្ពុជារូបនេះធ្វើបានល្អជាងបើធៀបនឹងកីឡាករ ឃីម ឌីម៉ា ជាមិត្តរួមអាជីព ។ ទោះមិនអាចមានប្រៀបទៅលើគូប្រកួត ក៏គេមិនធ្វើឲ្យគូបដិបក្ខមានប្រៀបចំពោះខ្លួនដូចគ្នា ។ ធៀបនឹងកីឡាករ Chheang Krai ឬ Chhok Chhai Sor Karavek ដែលប៉ះជាមួយឌីម៉ា កីឡាករ Yort Sing ត្រូវគេទទួលស្គាល់ថា សមត្ថភាពខ្លាំងជាងដែលមិនគួរឲ្យឌុម កែវដា ទៅរួចនោះទេ ដោយសារតែការមកប្រកួត៤លើករបស់គេនៅកម្ពុជា គឺឈ្នះទាំងអស់ ។ ការប្រកួតលើកទី១ គេឈ្នះ ម៉ន សាម៉េត មកពីក្លិបការិយាល័យទី៥ កងទ័ពជើងគោកដោយពិន្ទុ លើកទី២ឈ្នះអុឹង បូរ៉ា មកពីក្លិបគជសារកីឡាក្នុងទឹកទី១ លើកទី៣ឈ្នះ សេក គឹមរួន មកពីក្លិបអង្គរមានជ័យ ខេត្តសៀមរាប ដោយពិន្ទុ និងលើកទី៤ វាយឈ្នះកីឡាករ ង៉ែត្រ រដ្ឋា មកពីក្លិបតាព្រហ្មមានជ័យដោយពិន្ទុ ។ អញ្ចឹងហើយ ទើបលទ្ធផលស្មើរបស់កីឡាករ Yorth Sing និងកីឡាករកម្ពុជាកាលពីថ្ងៃសៅរ៍ ហាក់ធ្វើឲ្យម្នាក់ៗសប្បាយចិត្ត និងសម្ដែងការអបអរសាទរ ។ ទាំងកែង ទាត់ និងម៉ាត់ កីឡាករឌុម កែវដា ធ្វើបានល្អហួសស្មានក្នុងជំនួបជាមួយកីឡាករ Yort Sing ។ ប៉ុន្តែភាគីខាងថៃ ក៏មានសមត្ថភាពលោតខ្លាំងសម្រាប់ការប្រកួតនោះផងដែរ ទើបលទ្ធផលស្មើរបស់អ្នកទាំងពីរមានអ្នកត្រូវចិត្តច្រើនជាងមិនពេញចិត្ត ។ គូនេះត្រូវគេចាត់ទុកជាគូជក់ចិត្ត នៅក្នុងព្រឹត្តិការណ៍ទាំងមូលនោះផង ហើយតាមការបញ្ជាក់ក្រៅផ្លូវការ អ្នកទាំងពីរនឹងអាចបើកជំនួបសងសឹកក្នុងពេលដ៏ខ្លី បើទោះមិនប្រាកដពីកាលបរិច្ឆេទ ។
សម្រាប់ការប្រដាល់នៅពេលរសៀលរបស់ទូរទស្សន៍អាស៊ីអាគ្នេយ៍នៅថ្ងៃដដែលនោះដែរ កីឡាករឆៃ សារ៉ា មកពីសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ បានផ្ដួលកីឡាករប្រាក់ រស្មី មកពីក្លិបតាឯកខេត្តបាត់ដំបងឱ្យសន្លប់ក្នុងទឹកទី២ និងកីឡាករស៊ូ វណ្ណៈ មកពីក្លិបនាគរាជមានជ័យ ក៏បានផ្ដួលកីឡាករតក់ សោភ័ណ្ឌ មកពីក្លិបមកុដរាជសីហ៍ក្នុងទឹកទី២ដូចគ្នា ៕




ចែករំលែកព័តមាននេះ