ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សែនអាសូរ ! សពទារកតូចម្នាក់ ត្រូវបានប្រទះឃើញអណ្តែតទឹកទន្លេ ដោយមានកន្សែងរុំខ្លួនប្រាណ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ សពទារកអភព្វម្នាក់ ត្រូវបានពលរដ្ឋប្រទះឃើញអណ្តែតទឹកទន្លេ នៅក្រោមស្ពានព្រះមុន្នីវង្សថ្មី ស្ថិតក្នុងភូមិព្រែក សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១៦ និង៣០នាទីល្ងាចថ្ងៃទី១៨…

រាជធានីភ្នំពេញ៖ សពទារកអភព្វម្នាក់ ត្រូវបានពលរដ្ឋប្រទះឃើញអណ្តែតទឹកទន្លេ នៅក្រោមស្ពានព្រះមុន្នីវង្សថ្មី ស្ថិតក្នុងភូមិព្រែក សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១៦ និង៣០នាទីល្ងាចថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ល្ងាចនេះ។

សពទារកខាងលើ អាចទើបនឹងចាប់កំណើតបានប្រមាណ ២សប្តាហ៍ប៉ុណ្ណោះ ហើយសភាពសពនៅមើលមុខស្គាល់ មិនទាន់ហើមស្អុយរលួយ រហូតមើលលែងយល់នោះទេ។ ផ្អែកតាមរូបភាពខាងក្រៅនៃសព អាចនិយាយបានថា ទើប​តែស្លាប់ថ្មីៗប៉ុណ្ណោះ។

ប្រភពព័ត៌មាន អោយដឹងថា នៅមុនការប្រទះឃើញសព គឺក្រុមក្មេងៗរស់នៅតំបន់នោះ បាននាំគ្នាចុះរាវខ្ចៅរាវខ្យង នៅក្រោមកំផ្លោក ជាប់នឹងច្រាំងទន្លេក្រោមស្ពាន។ លុះពេលកំពុងរាវ ស្រាប់តែប៉ះនឹងដុំអ្វីម្យ៉ាងហាក់ស្ទាបទៅរឹងៗ ក៏ពួកគេវែកកំផ្លោកចេញ ក៏ប្រទះឃើញសពទារកខាងលើតែម្តង ក៏បាននាំគ្នាជួយស្រង់ឡើងមកលើគោក និងស្រែកផ្អើលឆោរឡោរអោយពលរដ្ឋចាស់ទុំក្នុងតំបន់ទៅជួយមើលផង។

ភ្លាមៗ មានអ្នកស្រុកបាននាំគ្នាទៅចោមរោមមើល តែបានត្រឹមតែមើលសពប៉ុណ្ណោះ មិនអាចជួយអ្វីបានឡើយ ព្រោះទារកតូចនោះ បានស្លាប់ហើយ។ ក្រោយកើតហេតុ គេសង្គេតឃើញមានកម្លាំងនគរបាលមូលដ្ឋាន សហការជាមួយជំនាញផ្នែកកោសល្យវិច្ច័យខណ្ឌ បានចុះអន្តរាគមន៍ពិនិត្យផងដែរ។

ក្រោយការពិនិត្យរួចរាល់ ក្រុមនគរបាលជំនាញ និងអាជ្ញាធរ បានសម្រេច ដឹកទារកខាងលើ យកទៅតម្កល់នៅវត្តច្បារអំពៅ ស្ថិតក្នុងសង្កាត់ច្បារអំពៅ២ ដើម្បីរង់ចាំបូជាតាមប្រពៃណីនៅទីនោះតែម្តង។

នាយប៉ុស្តិ៍រដ្ឋបាលនគរបាលច្បារអំពៅទី១ លោក ហ៊ុន សុថុល បញ្ជាក់ប្រាប់កោះសន្តិភាព អោយដឹងថា តាមការវាយ​តម្លៃរបស់សមត្ថកិច្ច សពទារកខាងលើ ស្លាប់ដោយសារមានមនុស្ស យកកន្សែង២ មានពណ៌ក្រហម និងពណ៌ស រុំដងខ្លួនត្រឹមក ហើយទម្លាក់ចូលទៅក្នុងទឹកទន្លេទាំងរស់តែម្តង ទើបបណ្តាលអោយក្មេងនោះត្រូវលង់ស្លាប់។

លោកបញ្ជាក់ថា ករណីនេះ ពុំទាន់ដឹងថា ម្តាយឪពុកផ្ទាល់របស់ទារកខាងលើ ជាអ្នកប្រព្រឹត្តិដោយផ្ទាល់ ឬក៏មាន​អ្នក​ផ្សេងក្រៅពីអាណាព្យបាល ជាអ្នកប្រព្រឹត្តិនៅឡើយនោះដែរ៕ ដោយ៖ លី ហេង