ខេត្តត្បូងឃ្មុំ ៖ រថយន្តប្រភេទយីឌុបធុនយក្សចំនួន៣គ្រឿង ដឹកឈើកំណាត់កង់ៗហៀរដល់ដំបូលក្នុងមួយគ្រឿងអាចមានទម្ងន់រាប់សិបតោន បានឈប់ចតនៅមាត់ច្រកទ្វារដូង៧ដើម ទំនងម្ចាស់ទៅរត់ការជាមួយនឹងស្ថាប័នពាក់ព័ន្ធកាលពីរសៀលថ្ងៃទី២ តុលា ២០១៥ ។ គ្រាន់តែក្រុមអ្នកយកព័ត៌មានលើកកាមេរ៉ាថតរូបស្រាប់តែអ្នកបើកបររថយន្តបានប្រញាប់នាំគ្នារត់ចូលក្នុងកាប៊ីនរថយន្តបញ្ឆេះម៉ាស៊ីន រួចបើកចូលទៅប្រទេសវៀតណាមភ្លាមៗតាមច្រកដូង៧ដើម ឃុំដារ ស្រុកមេមត់ ធ្វើឱ្យមានការសង្ស័យថា រថយន្តទាំងនោះទំនងជាបង្កប់ឈើប្រណីតហើយមើលទៅ ទើបបានជាតក់ក្រហល់បែបនេះ?
ស្ថិតក្នុងសំលៀកបំពាក់ស៊ីវិល បុរសមានគ្នាពី៣ទៅ៤នាក់កំពុងតែអង្គុយនៅក្រោមរថយន្តផ្នែកខាងក្រោយក្រោមកំដៅថ្ងៃប្រាប់ឲ្យដឹងថា ឈើទាំង៣រថយន្តនេះជាប្រភេទអាកាស្យាបង្កប់ឈើប្រណីត ត្រូវបានដឹកចេញមកពីខេត្តកោះកុងយកមកលក់នៅប្រទេសវៀតណាម ហើយក៏មិនបានបញ្ជាក់ថាជារបស់ឈ្មួញណាម្នាក់ ឬក្រុមហ៊ុនណាមួយឡើយ ហាក់ដូចជាមានការលាក់លៀម ។
លោក យឹម វណ្ណៈ ប្រធានគយប្រចាំច្រកដូង៧ដើម បានប្រាប់ឲ្យដឹងថា រថយន្តធុនធំទាំង៣គ្រឿងនោះគឺបានដឹកឈើមកពីខេត្តកំពង់ធំចេញតាមច្រករបស់លោកចូលទៅវៀតណាម ។
ចំណែកលោក ឃួន ស៊ីណាត ប្រធានច្រកដូង៧ដើម(ហៅច្រកដារ)វិញ នៅព្រឹកថ្ងៃទី៤ តុលា ២០១៥ ភ្នាក់ងាររបស់យើងបានទាក់ទងតាមទូរស័ព្ទជាច្រើនលើក ដើម្បីសុំការបំភ្លឺករណីខាងលើ តែមិនអាចទាក់ទងបាននោះទេ ។
មន្ត្រីនគរបាលអន្តោប្រវេសន៍មួយរូបបានប្រាប់«កោះសន្តិភាព»ថា ឈើប្រណីតក៏ដូចមិនប្រណីតដែរបានដឹកពេញៗរថយន្តស្ទើររាល់យប់ចេញតាមច្រកទ្វារដូង៧ដើមដោយគ្មានបញ្ហា ។ មន្ត្រីដដែលនិយាយថា អ្នករកស៊ីនៅផ្លូវនេះគេស្គាល់គ្នីគ្នាអស់ហើយ គេរត់ការរួចរាល់តាំងពីមន្ត្រីចល័តគ្រប់ស្ថាប័នតាមដងផ្លូវអស់ហើយ ទើបគេហ៊ានបើកមកដល់ទីនេះ ។ ពួកគេនិយាយថា ចាប់យកឈើបានប្រយោជន៍អី … ៕





ចែករំលែកព័តមាននេះ