ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ចោរ​ជំនាញ​លួច​មាន់​ប្រគល់​ឱ្យ​សមត្ថកិច្ច​ចាត់ការ​តាម​ច្បាប់

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ជំនាញ​ខាង​លួច​មាន់​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ចាប់​ឃាត់ខ្លួន​ប្រគល់​ឱ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទឹកថ្លា ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់ ក្រោយ​ពី​ធ្វើ​សកម្មភាព​ប៉ង​លួច​មាន់​របស់​ប្រជាពលរដ្ឋ ។ ហេតុការណ៍​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​កាលពី​ម៉ោង​២ ​និង​៣០​នាទី​ទាប​ភ្លឺ ថ្ងៃ​ទី​៤ តុលា ២០១៥ នៅ​ចំណុច​ក្រុម​៦ ភូមិ​អូរ​បែក​ក្អម សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

ជនសង្ស័យ​ដែល​ត្រូវ​ចាប់​ឃាត់ខ្លួន​ឈ្មោះ ផា​ច់ សុ​ផាត ហៅ​កុមារ​ទេព អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​ជួល​​នៅ​ភូមិ​ប៉ប្រក​ខាងត្បូង សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​មានស្រុក​កំណើត​នៅ​ភូមិ​ថ្លុក​ព្រាល ឃុំ​ព្រះ​និព្វាន ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ។ ចំណែក​ដើមបណ្តឹង​ឈ្មោះ ពេជ្រ សា​រ៉​ន ភេទ​ប្រុស អាយុ​៥១​ឆ្នាំ មុខរបរ​មេការ​សំណង់ ស្នាក់​នៅផ្ទះ​លេខ​៤៣០ ផ្លូវលំ ភូមិ​អូរ​បែក​ក្អម សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

ប្រភព​ព័ត៌​មាន​ពី​ដើមបណ្តឹង​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​ឃាត់ខ្លួន​ជនសង្ស័យ ខណៈ​ពេល​ដែល​គាត់​ងើប​ពី​ដំណេក​ស្រាប់តែ​បានឃើញ​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស្មាស់ ពណ៌​ក្រហម ស៊េរី​ឆ្នាំ​២០១២ ពាក់​ស្លាក​លេខ ភ្នំពេញ 1CA-0961 បាន​មក​ឈប់​មុខ​ផ្ទះ​រួច​អើតអើម​ៗ​មុខ​ផ្ទះ​គាត់ គាត់​ក៏​សម្ងំ​ក្នុងផ្ទះ​តាមដាន​សកម្មភាព​ជនសង្ស័យ​ខាងលើ មួយសន្ទុះ​ក្រោយមក​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​ចេញ​ឃ្លាត​ពី​ផ្ទះ​គាត់​បន្តិច​ក៏​ដើរ​សំដៅ​មក​ទ្រុងមាន់​របស់​គាត់ ហើយ​បម្រុង​ធ្វើ​សកម្មភាព​លួច​មាន់​ក៏​ត្រូវ​គាត់​ជា​ម្ចាស់ផ្ទះ​បាន​ហៅ​សន្តិសុខ​មក​ឃាត់​បាន​ភ្លាម​ៗ​យក​មក​ប្រគល់​ឱ្យ​សមត្ថកិច្ច​តែ​ម្តង ។ ប្រភព​បាន​ប្រាប់​ទៀត​ថា ក្រោយ​ពី​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​យក​មក​ប្រគល់​ឱ្យ​សមត្ថកិច្ច បានឃើញ​នៅ​លើ​ម៉ូតូ​ជនសង្ស័យ​មាន​មាន់​គ​គ​២​ក្បាល់​នៅ​ក្នុង​កាបូប​ខ្មៅ​មិនដឹង​ថា ជនសង្ស័យ​ទើប​លួច​មកពីណា​ឡើយ ។

តាម​សំដី​សមត្ថកិច្ច​បាន​ប្រាប់​ឱ្យ​ដឹង​ថា ក្រោយ​ពី​ធ្វើការ​សាកសួរ ជនសង្ស័យ​បាន​សារភាព​ថា មាន់​២​ក្បាល​ខាងលើ​ខ្លួន​បាន​ធ្វើ​សកម្មភាព​លួច​មក​ពី​ម្តុំ​ផ្សារ​ពោធិ៍​ចិន​តុង ក្នុង​សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ប្រភព​ពី​សមត្ថកិច្ច​ដដែល​បាន​ប្រាប់​ទៀត​ថា ជនសង្ស័យ​ខាងលើ​គឺជា​មុខសញ្ញា​លួច​មាន់​យ៉ាង​សកម្ម ហើយ​ធ្លាប់​ជាប់ពន្ធ​នាគា​រយៈពេល​៤​ខែ​កាលពី​ឆ្នាំ​២១០៤​ពី​បទ​លួច​មាន់​ដូច​គ្នា ហើយ​ត្រូវ​បាន​ប៉ុស្តិ៍​នគរបាល​ភ្នំពេញ​ថ្មី​ឃាត់ខ្លួន​៣​ដង​ពី​បទ​លួច​មាន់​ដូច​គ្នា តែ​ត្រូវ​បាន​សមត្ថកិច្ច​គ្រាន់តែ​ធ្វើការ​អប់រំ និង​ហៅ​ម្តា​យមក​ធានា​ប៉ុណ្ណោះ ។

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ និង​វត្ថុ​តាង​ ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំ​រឿង​បញ្ជូន​បន្ត​ទៅ​កាន់​អធិការ​ដ្ឋាន​នគរ​បាល​ខណ្ឌ​សែន​សុខ ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់ ៕