ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាគម​អ្នក​សាងសង់​កម្ពុជា​បង្កើន​ទំនាក់ទំនង​ដើម្បី​ជំរុញ​ពាណិជ្ជកម្ម

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សមាគម​អ្នក​សាងសង់​កម្ពុជា តែងតែ​រៀបចំ​ឲ្យ​មានការ​ជួបជុំ​រវាង​សមាជិក​ទាំងអស់ ដើម្បី​បង្កើន​ទំនាក់ទំនង​ក្នុង​គោលបំណង​ជំរុញ​ការ​ធ្វើ​អាជីវកម្ម​ទៅ​វិញ​ទៅ​មក​នៃ​សមាជិក​នៅ​ក្នុង​សមាគម ដែល​សព្វថ្ងៃ​មាន​ប្រមាណ​១១០​ក្រុមហ៊ុន ។

ថ្លែង​ក្នុង​ពិធី​ជួបជុំ​រវាង​សមាជិក​នៃ​សមាគម អ្នក​សាងសង់​កម្ពុជា​នៅ​សណ្ឋាគារ​រ៉ា​ហ្វ​ល់ ឡឺ​រ៉ូ​យ៉ា​ល់ កាលពី​ថ្ងៃ​ទី​២៩ កញ្ញា កន្លង​ទៅ លោក ឆា​រស៍ វ៉ា​ន់ តំណាង​អ្នកឧកញ៉ា​ពុង ឃាវ​សែ ប្រធាន​សមាគម​អ្នក​សាងសង់​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ការ​បង្កើត​កម្មវិធី​ជួបជុំ​សំណេះសំណាល និង​ទំនាក់ទំនង​ធុរកិច្ច​នេះ​ឡើង ដើម្បី​ផ្ដល់​ឱកាស​ជូន​ដល់​សមាជិក​របស់​សមាគម​បាន​ជួបជុំ​ពិភាក្សា​គ្នា និង​ធ្វើ​ទំនាក់ទំនង​ជាមួយ​គ្នា ជួយ​ផ្ដល់​ការងារ ឬ​គម្រោង​សាងសង់​ឲ្យ​គ្នា​ជួយ​ទិញ ជួយ​លក់​ផលិតផល សម្ភារ ឧបករណ៍ និង​គ្រឿងចក្រ​សំណង់​ដែល​មាន​តម្លៃ​ថោក​ជាង​តម្លៃ​ទីផ្សារ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ជា​រៀង​រាល់​ចុងឆ្នាំ សមាគម​តែងតែ​រៀបចំ​កម្មវិធី​តាំងពិព័រណ៍ ឧស្សាហកម្ម សំណង់ កម្ពុជា ដែល​បង្ហាញ​ផលិតផល​ប្រមាណ​១០០​ប្រភេទ មក​ពី​បណ្ដា​ប្រទេស​នានា​នៅ​លើ​ពិភពលោក ។ ពិធី​ពិព័រណ៍​នេះ​ដែរ ក៏​ត្រូវ​បាន​រៀបចំ​ដើម្បី​បង្កើត​កម្មវិធី​និង​ផ្ដល់​ឱកាស​ឱ្យ​សមាជិកសមាគម​ទាំងអស់​បាន​ដាក់​តាំង​បង្ហាញ និង​លក់​ផលិតផល​ដូច​ជា ស​មា្ភ​រ ឧបករណ៍ គ្រឿងចក្រ​សំណង់ គម្រោង​សាងសង់​ផ្ទះសម្បែង ការ​បង្ហាញ​ពី​បច្ចេកទេស​សាងសង់​ទំនើប​ៗ និង​ដំឡើង​ប្រព័ន្ធ​ទឹក អគ្គិសនី ម៉ាស៊ីនត្រជាក់ កាមេរ៉ា សុវត្ថិភាព និង​សេវាកម្ម​ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​សំណង់​ជា​ច្រើន​ប្រភេទ​ដូច​ជា ធានា​រ៉ាប់រង និង​ធនាគារ ដើម្បី​ធ្វើការ​ខ្ចីប្រាក់​សម្រាប់​កិច្ចការ​ទិញ និង​លក់​ផ្ទះ និង​កិច្ចការ​វិនិយោគ​សាងសង់​ជាដើម ។

លោក​បន្ត​ថា ចំពោះ​កិច្ច​សហប្រតិបត្តិការ របស់​សមាគម​ជាមួយ​ស្ថាប័ន​ផ្សេង​ៗ​ទាំង​ថ្នាក់​ជាតិ និង​អន្តរជាតិ គឺ​យើង​បាន​ប្រតិបត្តិការ​យ៉ាង​ល្អ​ប្រសើរ និង​មាន​ភាព​ទូលំ​ទូលាយ ដោយ​ស្ថាប័ន​ទាំងនោះ មាន​ភាព​ជឿជាក់ និង​មានការ​កោតសរសើរ​ដល់​សមាគម និង​ស្នើ​សុំ ការ​សហការ​ឱ្យ​ចូលរួម​ចំណែក​លើ​កិច្ចការ​ផ្សេង​ៗ ដូច​ជា កន្លង​មក​មានការ​ផ្ដល់​យោបល់​លើ​ឯកសារ​គតិ​យ​ត្ត និង​ច្បាប់​ផ្សេង​ៗ​ពាក់​ព​ន្ធ័​នឹង​វិស័យ​សំណង់ ហើយ​កិច្ចការ​នេះ គឺ​ត្រូវ​បាន​លើក​មតិ​ឡើង​ដោយ​តំណាង​សមាគម​អ្នក​សាងសង់​កម្ពុជា  ក្នុង​កម្មវិធី​វេទិកាសាធារណៈ​លើ​វិស័យ​ឯកជន នៅ​ទីស្ដីការគណៈរដ្ឋមន្ត្រី ហើយ​មានការ​គាំទ្រ​ពី​ស្ថាប័នរដ្ឋ និង​ប្រមុខ​រាជរដ្ឋាភិបាល​ផង​ដែរ ។

លោក​ក៏​បាន​សូម​អំពាវនាវ​ឱ្យ​សមាជិកសមាគម​ទាំងអស់​មេត្តា​ជួយ​បន្ត​នូវ​កិច្ចសហការ​ផ្លាស់​ប្តូរ​យោបល់ និង​ធ្វើការ​ទំនាក់ទំនង​ធុរកិច្ច ជាមួយ​គ្នា​ឲ្យ​បាន​ជិត​ស្និទ្ធ និង​ល្អ​ប្រសើរ​ថែម ទៀត ដើម្បី​ទទួល​បាន​ជោគជ័យ និង​ផលប្រយោជន៍​ដល់​ក្រុមហ៊ុន​គ្រប់​ៗ​គ្នា ហើយ​សូម​ជួយ​ទិញ រឺ​លក់​ផលិតផល រឺ​ផ្ដល់​គម្រោង​ផ្សេង​ៗ ក្នុង​តម្លៃ​សមរម្យ​ជូន​គ្នា​ទៅ​វិញ​ទៅ​មក ។

គួរ​បញ្ជាក់​ថា ប្រភេទ​ក្រុមហ៊ុន ដែល​ជា​សមាជិក​របស់​សមាគម​អ្នក​សាងសង់​កម្ពុជា រួម​មាន​ក្រុមហ៊ុន​ប្រកប​អាជីវកម្ម​សិក្សា​គម្រោង​ប្លង់ ក្រុមហ៊ុន​សាងសង់​គ្រប់​ប្រភេទ ក្រុមហ៊ុន​លក់​សម្ភារ បរិក្ខារ ឧបករណ៍ គ្រឿងចក្រ​សំណង់​គ្រប់​ប្រភេទ ក្រុមហ៊ុន​អចលនទ្រព្យ រោងចក្រ​ផលិត​បេតុង ក្រុមហ៊ុន​ដំឡើង​ប្រ​ព​ន្ធ័​អគ្គិសនី ទឹក ម៉ាស៊ីនត្រជាក់ ក្រុមហ៊ុន​ធានា​រ៉ាប់រង ក្រុមហ៊ុន​ដឹក​ជញ្ជូន​សម្ភារ​សំណង់ ក្រុមហ៊ុន​ធ្វើ​ពិសោធន៍​ដី ក្រុមហ៊ុន​ធ្វើ​សសរ​គ្រឹះ និង​គ្រឹះ​ក្រុមហ៊ុន​សេវាកម្ម និង​លក់​អចលនទ្រព្យ ផ្ទះសម្បែង ដីធ្លី និង​ក្រុមហ៊ុន​ពាក់​ព​ន្ធ័​នឹង​ឧ​ប​សម្ព​ន្ធ័​សំណង់​ជា​ច្រើន​ផ្សេង​ទៀត ៕