ខេត្តកំពង់ស្ពឺ ៖ សាកសពមនុស្សម្នាក់ដែលមានសភាពហើមស្អុយទៅហើយនោះ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញនៅជិតផ្លូវចូលទៅទឹកធ្លាក់ទី១ភ្នំគិរីរម្យ បង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះទៅធ្វើការត្រួតពិនិត្យ ។ ករណីនេះកើតឡើងនៅវេលាម៉ោង៦ និង១៥នាទីព្រលប់ ថ្ងៃទី៣ តុលា ២០១៥ នៅជិតផ្លូវចូលទៅទឹកធ្លាក់ទី១ តាមផ្លូវប៉េសេ១ លើភ្នំគិរីរម្យ ស្ថិតក្នុងភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា សពជនរងគ្រោះមិនទាន់បានស្គាល់អត្តសញ្ញាណនៅឡើយទេ ហើយត្រូវបានប្រជាពលរដ្ឋប្រទះឃើញ និងបានរាយការណ៍មកសមត្ថកិច្ចឱ្យចុះទៅពិនិត្យនៅកន្លែងកើតហេតុទាំងយប់ ។ ប្រភពបន្តថា សពទំនងជាស្លាប់អស់រយៈពេល៦-៧ថ្ងៃហើយទើបមានសភាពហើមស្អុយ និងមានដង្កូវចោះបែបនេះ ។ នៅលើក្បាលសពគេឃើញមានស្នាមបែកដែលស្នាមនេះត្រូវបានគេដាក់ការសង្ស័យថា ជនរងគ្រោះអាចស្លាប់ដោយសារតែករណីឃាតកម្មណាមួយ ។ ទោះជាយ៉ាងណានេះគ្រាន់តែជាការសន្និដ្ឋានក្រៅផ្លូវការតែប៉ុណ្ណោះ មិនអាចយកជាការបានឡើយ ។
នៅព្រឹកថ្ងៃទី៤ តុលានេះដែរ សមត្ថកិច្ចជំនាញកោសល្យវិច័យ នៃស្នងការដ្ឋាននគរបាលខេត្ត កំពុងតែធ្វើដំណើរទៅកន្លែងកើតហេតុ ដើម្បីធ្វើការពិនិត្យសាកសពរកមូលហេតុពិតនៃការស្លាប់នេះ ។ សពស្លៀកខោជើងខ្លីក្រឡាការ៉ូត្រឹមជង្គង់ អាវ២ជាន់រាងស្តើង ។
សមត្ថកិច្ចស្រុកភ្នំស្រួចក៏សូមអំពាវនាវផងដែរដល់បងប្អូនប្រជាពលរដ្ឋជិតឆ្ងាយដែលបាត់សមាជិកដូចភិនភាគនេះ សូមទំនាក់ទំនងមកសមត្ថកិច្ចស្រុកភ្នំស្រួច ដើម្បីទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណី ៕


ចែករំលែកព័តមាននេះ