ប្រទេសថៃ ៖ ក្រុមហ៊ុន Proud Residence Co ដែលជាអ្នកអភិវឌ្ឍន៍ខុនដូតាមទីក្រុងលំដាប់ខ្ពស់ Park 24 បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោគមួយដែលមានទំហំទឹកប្រាក់ប្រមាណជា២,៣ប៊ីលានបាត ជាមួយនឹងក្រុមហ៊ុន Fulcrum Capital Limited មូលដ្ឋាននៅក្រុងហុងកុង ។
Fulcrum Capital ជាក្រុមហ៊ុនវិនិយោគអចលនទ្រព្យមួយដែលមានទ្រព្យសកម្មស្ថិតក្រោមការគ្រប់គ្រងចំនួន៥០០លានដុល្លារនឹងបានមកអភិវឌ្ឍន៍អគារមួយក្នុងចំណោមអគារខ្ពស់ៗចំនួន៦របស់ Park 24 នៅSukhumvit ផ្លូវទី២៤ក្នុងក្រុងបាងកក ។
កិច្ចព្រមព្រៀងនេះតំណាងឲ្យការវិនិយោគមួយស្ថិតក្នុងចំណោមការវិនិយោគធំជាងគេបំផុតក្នុងវិស័យអចលនទ្រព្យជាកន្លែងស្នាក់នៅក្នុងទីផ្សារថៃ ដោយមូលនិធិវិនិយោគបរទេស។
ក្រុមហ៊ុន Proud Residence ដែលបានបង្កើតឡើងក្នុងឆ្នាំ២០១៣ជាមួយនឹងការចុះបញ្ជីមូលធនចំនួន១ប៊ីលានបាតគឺ៧០%កាន់កាប់ដោយត្រកូល Liptapanlop និង៣០%កាន់កាប់ដោយលោក Thongchai Busrapan អតីតអគ្គនាយកក្រុមហ៊ុនអភិវឌ្ឍន៍ Noble Development Plc ដែលបានចុះបញ្ជីក្នុងផ្សារមូលបត្រថៃ ។
ត្រកូល Liptapanlop បានហក់ចូលទៅក្នុងមុខជំនួញអភិវឌ្ឍន៍អលនទ្រព្យកាលពីឆ្នាំ២០០៩ជាមួយនឹងក្រុមហ៊ុន Proud Real Estate Co ដែលធ្វើការវិនិយោគរហូតមកទល់នឹងពេលនេះក្នុងទំហំទឹកប្រាក់៨,៨ប៊ីលានដុល្លារ។
ការអភិវឌ្ឍរបស់ពួកគេរួមមាន InterContinental Hua Hin Resort និងការពង្រីករីសត BluPort Hua Hin Resort Mall ចំនួន៤០បន្ទប់របស់ខ្លួន និងសួនទឹក Vana Nava Hua Hin ។
ចំណែកគម្រោងនៅថ្ងៃអនាគតរួមមាន Holiday Inn Resort Hua Hin សណ្ឋាគារខ្ពស់ៗនៅលើផ្ទៃដី១០រ៉ៃដែលមាន៣០០បន្ទប់និង Vana Nava Residence ដែលជាខុនដូកម្ពស់ខ្ពស់សង់លើផ្ទៃដី៥រ៉ៃ ។
លោក Suwat Liptapanlop អតីតឧបនាយករដ្ឋមន្ត្រីថៃបានថ្លែងថា កិច្ចព្រមព្រៀងជំនួញជាមួយនិងក្រុមហ៊ុនវិនិយោគ Fulcrum Capital បានឆ្លុះបញ្ចាំងពីការជឿទុកចិត្តរបស់បណ្តាវិនិយោគិនបរទេសនៅក្នុងប្រទេសថៃ និងសេដ្ឋកិច្ចរបស់ប្រទេសនេះ ។
ជាមួយនឹងទីតាំងភូមិសាស្ត្រយុទ្ធសាស្ត្ររបស់ខ្លួននៅតំបន់អាស៊ាន ប្រទេសថៃគឺជាទីតាំងដែលគេពេញចិត្តសម្រាប់វិនិយោគិនបរទេសនិងអ្នកទេសចរទាំងឡាយ ។
ដោយឡែក លោក Thongchai បានថ្លែងថា គម្រោងអចលនទ្រព្យលំដាប់ខ្ពស់នានាក្នុងក្រុងបាងកកនឹងបន្តសម្លឹងឃើញកាលានុវត្តភាពដ៏ធំធេងនៅក្នុងទីផ្សារបរទេស ជាពិសេសនៅក្នុងការមកដល់នៃសមាគមសេដ្ឋកិច្ចអាស៊ានខាងមុខនេះ។
លោកបានឲ្យដឹងទៀតថា៖ «ទីក្រុងបាងកកនឹងស្វាគមន៍នូវអ្នកចំណាកស្រុកជាច្រើនដែលមានចំណូលចិត្តនៅក្នុងការស្នាក់នៅនៅក្នុងសង្កាត់កណ្តាលក្រុងដ៏ធំទូលាយនេះ»។
« Park 24 នៅតែបន្តរក្សាការចាប់អា- រម្មណ៍ខ្ពស់ពីអតិថិជន ក៏ដូចជាអ្នកវិនិយោគក្នុងស្រុក និងអន្តរជាតិទាំងក្រុមហ៊ុនឯកជននិងគ្រឹះស្ថាននានា ហើយការចាប់ផ្តើមដាក់លក់លើទីផ្សារនៃ Park 24 ដំណាក់កាលទី២ទទួលបានជោគជ័យយ៉ាងធំធេង ដោយសារតែទីតាំងយុទ្ធសាស្ត្ររបស់ខ្លួន គឺស្ថិតក្នុងចំណោមទីតាំងដែលគេស្វែងរកច្រើនជាងគេបំផុតបន្ទាប់ពីអ្នករស់នៅក្រុងបាងកកនេះ »។
លោក Frank Leung អគ្គនាយកក្រុមហ៊ុន Fulcrum Capital បានថ្លែងថាការវិនិយោគនៅ Park 24 បានឆ្លុះបញ្ចាំងឲ្យឃើញពីយុទ្ធសាស្ត្ររបស់ខ្លួននៅក្នុងការអភិវឌ្ឍលើគម្រោងនានាជាមួយនឹងទីតាំងល្អបំផុត ការរចនាម៉ូដដ៏មានភាពលេចធ្លោបំផុត ហើយគួបផ្សំនឹងកាលានុវត្តភាពនៃអាការបន្ថែមផងដែរ ៕
ចែករំលែកព័តមាននេះ