ប្រទេសថៃ ៖ រដ្ឋមន្ត្រីហិរញ្ញវត្ថុលោក Apisak Tantivorawong បានណែនាំឲ្យធនាគារផ្តល់កម្ចីទិញលំនៅឋានរបស់រដ្ឋាភិបាល (GHB) រិះរកមធ្យោបាយបន្ថែមទៀតដើម្បីជួយដល់អ្នករកចំណូលបានកម្រិតទាប អាចមានសមត្ថភាពផ្នែកហិរញ្ញវត្ថុ ដែលមិនអាចទិញផ្ទះមួយខ្នងបាន ដោយហេតុតែធនាគារពាណិជ្ជបច្ចុប្បន្នពិនិត្យពិច័យយ៉ាងហ្មត់ចត់លើពាក្យស្នើសុំឥណទានដោយដាក់តម្កល់វត្ថុបញ្ចាំ ។
ធនាគាររដ្ឋមួយនេះអាចស្នើឲ្យមានវិបុលកម្មនៃបំណុលនិងកាត់បន្ថយលក្ខខណ្ឌនៃចំណូលដែលតម្រូវឲ្យមានដើម្បីឲ្យកាន់តែមានភាពងាយស្រួលជាងមុននៃនីតិវិធីផ្តល់ហិរញ្ញវត្ថុទិញផ្ទះ ។
ក្នុងនោះ វិធានការមួយនឹងមានការបែងចែកកូនបំណុលទៅជាពីរប្រភេទ គឺអ្នករកចំណូលបានកម្រិតទាប និងអ្នកដែលមិនអាចនឹងទទួលបានឥណទានលំនៅឋានពីបណ្តាធនាគារពាណិជ្ជនានាដែលកំពុងរឹតបន្តឹងលើការវិភាគឥណទានក្នុងពេលដែលសេដ្ឋកិច្ចថយចុះ ។
លោកបានថ្លែងនៅក្នុងសិក្ខាសាលាសេដ្ឋកិច្ចមួយកាលពីម្សិលមិញនេះ ដែលរៀបចំឡើងដោយធនាគារផ្តល់កម្ចីទិញដីនិងលំនៅឋានក្នុងឱកាសនៃការប្រារព្ធខួបទី១០របស់ខ្លួនឲ្យដឹងថា « GHB គួរតែអាចបិទបញ្ចប់សេចក្តីព្រាងនៅ សប្តាហ៍នេះ ថាតើជ្រើសយកចាត់វិធានការបែបណាដែលនឹងត្រូវបានយកមកណែនាំ ហើយបន្ទាប់មកសំណើនោះ នឹងត្រូវបោះឆ្នោតធ្វើសេចក្តីសម្រេចដោយគណៈរដ្ឋមន្ត្រី » ។
សំណើពីបណ្តាក្រុមហ៊ុនអចលនទ្រព្យនានានៅក្នុងការបន្ទាបថ្លៃឈ្នួលផ្ទេរប័ណ្ណកម្មសិទ្ធិនិងកម្ចីដាក់វត្ថុបញ្ចាំឲ្យធូរថ្លៃជាងមុនមកត្រឹម០,០១%កំពុងតែត្រូវបានសិក្សាស្វែងរកលទ្ធភាពពីសំណាក់រដ្ឋាភិបាល ប៉ុន្តែពុំទាន់មានការសន្និដា្ឋនណាមួយពីការឈានដល់ការអនុម័តសម្រេចនៅឡើយដែរ ។ លោករដ្ឋមន្ត្រីបានអះអាងថា ពន្លឺមួយចំនួនដែលចែងចាំងចេញពីមាត់រណ្តៅចំពោះវិស័យសេដ្ឋកិច្ចរបស់ថៃកំពុងតែទទួលមរតកនៃទស្សនវិស័យគិតចាប់តាំងពីការប្រមូលអាការបន្ថែម ដែលជាគ្រឿងវាស់ស្ទង់ការប្រើប្រាស់ក្នុងស្រុក បានកើនឡើងប្រមាណជា១០%ពីមួយឆ្នាំទៅមួយឆ្នាំគិតត្រឹមខែកញ្ញានេះ។ នេះបង្ហាញឲ្យឃើញថា សេដ្ឋកិច្ចថៃកំពុងរើបឡើងនៅក្នុងបោះជំហានលឿនជាងមុន ។
នៅគ្រានោះដែរ វិធានការនេះនឹងជួយគាំទ្រដល់បណ្តាសហគ្រាសខ្នាតតូចនិងមធ្យមដោយការរ៉ាប់រងឥណទានរបស់ពួកគេពីបណ្តាធនាគារពាណិជ្ជទាំងឡាយនិងការចាក់បញ្ចូលដើមទុនថ្មី៥លានបាតទៅក្នុង៧ពាន់ឃុំនឹងជួយដល់ការធ្វើឲ្យប្រសើរឡើងវិញនៃសេដ្ឋកិច្ចនៅថ្នាក់មូលដ្ឋាន ។
ទោះជាយ៉ាងណា ការវិនិយោគឯកជននៅតែកំពុងធ្លាក់ចុះដដែលហេតុដូច្នេះហើយរដ្ឋាភិបាលនឹងចាំបាច់ត្រូវស្វែងរកមធ្យោបាយនៅក្នុងជួយសម្រួលដល់គម្រោងថ្មីៗនៅក្នុងវិស័យឯកជន។
លោកបានឲ្យដឹងទៀតថា «វិធានការលើកទឹកចិត្តទាំងនេះគួរតែអាចបង្កើតឲ្យមានការជឿជាក់កាន់តែខ្លាំងឡើងថែមទៀតនៅក្នុងវិស័យឯកជនដែលកំពុងប្រឈមនូវបញ្ហាផ្លូវចិត្តនៅពេលបច្ចុប្បន្ន » ។
លោកបានបញ្ជាក់បន្ថែមថា ការវិនិយោគនៅក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗនឹងត្រូវបានជំរុញនៅឆ្នាំក្រោយហើយក្តីរំពឹងទុកនៃការរើបឡើងនៃសេដ្ឋកិច្ចពិភពលោកគួរតែអាចគាំទ្រដល់ការរើបឡើងវិញនៃសេដ្ឋកិច្ចនៅឆ្នាំក្រោយ។
កាលពីម្សិលមិញនេះដែរ ក្រុមហ៊ុនសាជីវកម្មធានារ៉ាប់រងឥណទានថៃ (TCG) បានបញ្ចេញនូវផែនការ១០០ប៊ីលានបាតដើម្បីផ្តល់ការរ៉ាប់រងបន្ថែមដល់បណ្តាសហគ្រាសខ្នាតតូចនិងមធ្យម ៕
ចែករំលែកព័តមាននេះ