ខេត្តកំពង់ឆ្នាំង ៖ ថ្នាំញៀនប្រភេទយ៉ាម៉ា ពណ៌ផ្កាឈូក ជិត១គីឡូក្រាម ត្រូវបានសមត្ថកិច្ចអគ្គស្នងការដ្ឋាននគរបាលជាតិ និងកម្លាំងសមត្ថកិច្ចនគរបាលខេត្ត ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានចុះបង្ក្រាបកាលពីវេលាម៉ោង៣និង២៥នាទីល្ងាចថ្ងៃទី៣ តុលា ២០១៥ នៅភូមិអង្គ ឃុំពពេល ស្រុកបរិបូរណ៏ ខណៈដែលជនសង្ស័យចំនួន៣នាក់ កំពុងចរាចរណ៏តាមរថយន្តទួរីស មួយគ្រឿង ក្នុងដំណើរពីខេត្តបាត់ដំបង ទៅរាជធានីភ្នំពេញ ។
លោក ជុន ថារិទ្ឋ ស្នងការរង បានឱ្យដឹងថា ករណីបង្ក្រាបបទល្មើជួញដូរថ្នាំញៀន ដ៏ធំដែលមិនធ្លាប់មានពីមុនមកនៅខេត្តកំពង់ឆ្នាំងលើកនេះ គឺបានដឹកនាំដោយលោក វរសេនីយឯក ពៅ សុងអេង នាយរងមន្ទីរប្រឆាំងគ្រឿងញៀន និងលោក យិន បញ្ញារិទ្ឋ នាយការិយាផ្សព្វផ្សាយអប់រំនៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងមានការចូលរួមពីរូបលោកផ្ទាល់ប្រមាណជាង១៥រូប ដោយមានការសម្របសម្រូលពី លោក ឡុង ស៊ីថា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តផង ស្ទាក់ចាប់បានជនសង្ស័យចំនួន៣នាក់ ខណៈកំពុងធ្វើដំណើរតាមថ្នល់ជាតិ នៅភូមិឃុំខាងលើ ដោយបានឆែករកឃើញថ្នាំញៀនប្រភេទមេតំវីតាមីន (WY) ឬហៅថាយ៉ាម៉ាចំនួន១កញ្ចាប់ធំ ស្មើនឹង៥០កញ្ចប់ ឬស្មើនឹង១០.១០០គ្រាប់ ឬស្មើនឹង០,៩៣៨គីឡូក្រាម ។
លោក បានបន្តថា ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ គឺខណៈពេលដែលជនសង្ស័យទាំង៣នាក់ ជិះរថយន្តម៉ាកទួរីស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2D-1371 ដែលធ្វើដំណើរពីខេត្តបាត់ដំបងទៅភ្នំពេញ ។
ជនសង្ស័យទាំង៣នាក់នេះ ១-ឈ្មោះ សំ សារឿន អាយុ៥៩ឆ្នាំ ជាអ្នកបើកបររថយន្ត ២-ឈ្មោះ យ័ន្ត មុំ អាយុ៣៦ឆ្នាំ ជាប្រពន្ឋឈ្មោះ សំ សារឿន ទាំងពីរនាក់ប្តីប្រពន្ឋ មានទីលំនៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ និង៣-ឈ្មោះ មី រ៉ែម អាយុ៤៥ឆ្នាំ មានទីលំនៅភូមិកណ្តាល ឃុំពាន្តរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនគ្រាន់តែជាអ្នកស៊ីឈ្នួលយករបស់ឱ្យគេ ក្នុងតម្លៃ៦.០០០បាត តែប៉ុណ្ណោះ ។ ជនសង្ស័យទាំង៣នាក់រួមទាំងវត្ថុតាងមានថ្នាំញៀន ជិត១គីឡូក្រាម ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់ ៕



ចែករំលែកព័តមាននេះ