ខេត្តស្វាយរៀង ៖ បើយើងធ្វើដំណើរចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ខេត្តស្វាយរៀងតាមផ្លូវជាតិ១ ឆ្លងកាន់ស្ពានអ្នកលឿន រហូតទៅដល់ផ្សារគ្រោលគោ រួចបត់ឆ្វេងចូលតាមផ្លូវលំចម្ងាយ១៧គីឡូម៉ែត្រ ឃើងនឹងឃើញវត្តដ៏កម្សត់មួយដែលមានឈ្មោះថា «វត្តព្រៃបន្ទាយ» ដែលមានព្រះសង្ឃតែ៤អង្គប៉ុណ្ណោះ ស្ថិតនៅក្នុងភូមិព្រៃបន្ទាយ ឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។
នៅពេលភ្នាក់ងារសារព័ត៌មានកោះសន្តិភាពបានចូលទៅដល់វត្តព្រៃបន្ទាយ ក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៦ ត្រូវនឹងថ្ងៃទី៣ តុលា ២០១៥ សង្កេតឃើញក្នុងវត្តហាក់ដូចជាស្ងាត់ជ្រងំ និងមានពុទ្ធបរិស័ទប្រមាណជាង២០នាក់ប៉ុណ្ណោះ ដែលបានយកចង្ហាន់ទៅប្រគេនព្រះសង្ឃក្នុងរដូវកាន់បិណ្ឌនេះ ។
ជួបជាមួយស្ត្រីម្នាក់ដែលបានយកចង្ហាន់មកប្រគេនព្រះសង្ឃដែរនោះ បានរៀបរាប់ថា កាលពីវេនទី១ ជាវេនកាន់បិណ្ទរបស់ក្រុមគាត់ មានពុទ្ធបរិស័ទចំនួន១៥នាក់ទៅ២០នាក់ ចំពោះបច្ច័យប្រមូលបានចំនួន៩ម៉ឺនរៀល ហើយប្រគេនព្រះសង្ឃ៤អង្គ ក្នុងមួយអង្គ ចំនួន៨៨០០រៀល នៅសល់ប៉ុន្មានតម្កល់ទុកកសាងវត្ត ។
ចំណែកលោកប្រធានភូមិបានមានប្រសាសន៍ថា នៅវត្តព្រៃបន្ទាយចាប់ពីវេនទី១រហូតមកដល់វេនទី៦នេះ ក្នុងមួយថ្ងៃមានប្រជាពុទ្ធបរិស័ទពី១៥នាក់ទៅជាង២០នាក់ដែលនាំគ្នាយកចង្ហាន់មកវត្ត ពុំសូវឃើញពុទ្ធបរិស័ទមកពីឆ្ងាយនោះទេ មានតែប្រជាពុទ្ធបរិស័ទចំណុះជើងវត្តប៉ុណ្ណោះ ចំណែកបច័្ចយទាំងពេលព្រឹកនិងថ្ងៃត្រង់ដែលប្រមូលក្នុង១ថ្ងៃសរុបចំនួនជាង១០ម៉ឺនរៀល រីឯនៅថ្ងៃធម្មតាមិនមានបុណ្យទានវិញ ព្រះសង្ឃស្ទើរតែដាច់ចង្ហាន់ម្តងៗហើយ ។
ពួកគាត់សូមអំពាវនាវដល់ប្រជាពុទ្ធបរិស័ទជិតឆ្ងាយ ក៏ដូចជា ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំស្រុក/ខេត្ត អ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង ដែលមានសទ្ធាជ្រះថ្លាក្នុងការធ្វើបុណ្យដាក់ទាន សូមមេត្តាអញ្ជើញមកកាន់វត្តព្រៃបន្ទាយ ជាវត្តដ៏កម្សត់ជាងគេ ក្នុងចំណោមវត្តអារាមនានា ក្នុងខេត្តស្វាយរៀង ៕






ចែករំលែកព័តមាននេះ