ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ម៉ា​ស្តា​អ្នក​បើក​បរ​ស្រវឹង​ជោក​បោះ​ពួយ​បុក​រះ​ម៉ូតូ​២គ្រឿង​ស្លាប់​៣នាក់ របួស​ធ្ងន់​ម្នាក់

10 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ រថ​យន្ត​មួយ​គ្រឿង​ម៉ាកម៉ា​ស្តា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ពាក់​ស្លាក​លេខ ភ្នំពេញ 2AB 8801​ អ្នក​បើក​បរ​ស្រវឹង​ជោកជាំ​បើករថយន្ត​លឿន​​​រេ​ពេញ​ផ្លូវ​ជ្រុល​ទៅ​បុក​រះ​ពីក្រោយ​ម៉ូតូ​ពីរ​គ្រឿង​បណ្តាល​ឲ្យ​ស្លាប់​៣​នាក់​ និង​របួសធ្ងន់​ម្នាក់ កាលពី​វេលា​ម៉ោង១ និង១៥​នាទី​​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​៤ ​​តុលា ស្ថិត​នៅតាម​បណ្តោយ​ផ្លូវ​លេខ​1986 មុខ​ភោជនីយដ្ឋាន 36​ឆ្នាំង​ទិព្វ  ស្ថិត​ក្នុងភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។

ក្នុង​ហេតុ​ការណ៍​នោះ​ធ្វើ​ឱ្យរថយន្ត​បង្ក​ម៉ាក​ម៉ា​ស្តារង​ការ​ខូចខាត​ស្ទើរ​ទាំងស្រុង។  អ្នក​បើកបររថ​យន្ត​​មានឈ្មោះ ទុំ សម្បត្តិ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ​​មុខរ​បរជា​យោធា មាន​ទីលំនៅ​ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​​សុខ និង​អ្នក​រួម​ដំណើរ​ម្នាក់​ទៀត​ត្រូវ​បាន​ប្រជាពលរដ្ឋ​វាយ​មួយ​ដៃ​មួយ​ជើង​ម្នាក់​រង​របួសធ្ងន់​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​គ្លីនិក​ឯកជន ។

ចំណែក​ម៉ូតូ​រង​គ្រោះ​ទី​មួយ​ ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​2013 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ1BU 0906 ជិះ​គ្នា​2​នាក់ ស្លាប់​ទាំង​2​នាក់ មានឈ្មោះ សយ តុល ភេទ​ប្រុស អាយុ​៣៧ឆ្នាំ មុខរបរ​ជាង​ជួសជុល​ម៉ូតូ ស្នាក់​នៅ​ភូមិ​ប៉​ប្រ៉​ក​ខាងត្បូង សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ​មានស្រុក​កំណើត​នៅ​ភូមិ​ភ្លង ឃុំ​ប្រសាទ ស្រុក​កំពុងត្របែក ខេត្តព្រៃវែង និង​ឈ្មោះ អុល សំណាង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ មាន​ទីលំនៅ​ភូមិ​ប៉​ប្រ៉​ក​ខាងត្បូង​ សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក​ហុងដា​ឌ្រី​ម ប្រើ​ប៊ិច ស៊េរី​ឆ្នាំ​2012 ព​ណ៍​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1BG 6776 ជិះ​គ្នា​២​នាក់ ស្លាប់​ម្នាក់​ មាន
ឈ្មោះ ហេង តុ​ប ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​ជាង​ជួសជុលរ​ថយន្ត​ មាន​ទីលំនៅ​ភូមិ​ត្រពាំង​សាលា សង្កាត់​ពងទឹក ខណ្ឌដង្កោ និង​ម្នាក់​ទៀត​រួម​ដំណើរ​ជាមួយ​រង​របួសធ្ងន់​មិន​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​កំពុង​សំរាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​ឯកជន ។

ប្រភព​ព័ត៌មាន​ពី​មិត្តភក្តិ​រួម​ដំណើរ​មួយ​គ្នា​ដែល​មិន​មាន​រង​របួស​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​កើតហេតុ​ប្អូនស្រី​របស់​ឈ្មោះ ហេង តុ​ប បាន​ស្លាប់​ហើយ​ទើបនឹង​បូជា​រួច​ថ្មី​ធ្វើ​ឲ្យ​គេ​មាន​ទឹកមុខស្រងូតស្រងាត់ ឃើញ​បែប​នេះ​មិត្ត​ភ​ក្កិ​បាន​ណាត់គ្នា​ហើយ​ហៅ​ហេង តុ​ប ទៅ​ផឹកស៊ី​ដើម្បីបំបាត់ទុក្ខ បែរជា​ជួប​គ្រោះថ្នាក់​អកុសល​រហូត​បាត់បង់​ជីវិត​ទៅ​វិញ ។

ប្រភព​ដដែល​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ​ពួក​គេ​មាន​គ្នា​៦នាក់ ជិះ​ម៉ូតូ​៣គ្រឿង មាន​ម៉ាក​ណៃ​ហត និង​ហុងដា​ឌ្រី​ម​២​គ្រឿង ដែល​ម៉ូតូ​មួយ​គ្រឿង​ជិះ​គ្នា​២​នាក់ បាន​ណាត់គ្នា​ផឹកស៊ី​ លុះ​ផឹកស៊ី​ស្រវឹង​ស្រឿង​ក៏​នាំ​គ្នា​ទៅ​ហូប​បរស​នៅ​ហាង​តា​យ​តា​យ​ដែល​មាន​ទីតាំង​ក្បែរ​កន្លែង​កើតហេតុ​ខាងលើ ខណៈ​ពេល​ហូប​បបរស​រួច​ហើយ​ពួក​គេ​បាន​ជិះ​ម៉ូតូ​៣​គ្រឿង​គោលបំណង​ត្រឡប់​ទៅ​ផ្ទះ​វិញ​តាម​ផ្លូវ​លេខ​1986​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច គឺ​បាន​ជិះ​បន្ត​បន្តា​ប់គ្នា​ ដោយ​ម៉ូតូ​ណៃ​ហ៊​ត​ជិះ​ខាង​មុខ​គេ ហើយ​ម៉ូតូ​សង់​ប៊ិច​ជិះ​ប្រលោះ​កណ្តាល និង​ម៉ូតូ​ហុងដា ឌ្រី​ម ស៊េរី​២០១៣ ជិះ​ខាងក្រោយ​គេ លុះ​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​មាន​រថយន្ត​បង្ក​ជិះ​គ្នា​២​នាក់​ក្នុង​ស្ថានភាព​ស្រវឹង​ជោកជាំ​បើក​លឿន​ហើយ​រេ​ពេញ​ផ្លូវ​ប៉ះ​គេ​ប៉ះ​ឯង​តាំងពី​ស្តុ​ប៥៩៨​មក​ម្ល៉េះ​​ បាន​បើក​លឿន​ដូច​ហោះ​ទៅ​បុក​ពីក្រោយ​ម៉ុ​តូ​ហុងដា​ឌ្រី​ម​ស៊េរី​២០១៣ ពេញទំហឹង​ខ្ទាត​អ្នក​ជិះ​លើ​ម៉ូតូ​២​នាក់​ធ្លាក់​ពីលើ​ម៉ូតូ​មក​ខាងឆ្វេង​ ម្នាក់​ធ្លាក់​មក​ខាងស្តាំ​បោក​ក្បាល​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ​ទាំង​២នាក់ ។

បន្ទាប់ពី​បុក​មនុស្ស​ស្លាប់​​រួច​រថយន្ត​បង្ក​នៅ​មិន​ទាន់​អស់​ល្បឿន​បាន​បន្ត​ទៅ​បុក​ពីក្រោយ​ម៉ូតូ​សង់​ប៊ិច​ជិះ​គ្នា​២​នាក់​ពេញទំហឹង​ទៀត​ដោយ​បុក​ជាប់​ម៉ូតូ​ពីមុខ​រថយន្ត​ផ្លោង​អ្នក​ជិះ​ម៉ូតូ​ទាំង​២​នាក់​បោក​នឹង​កញ្ចក់​រថយន្ត​ផ្ទាំង​ខាង​មុខធ្លាក់រ​ដូក​រណែល​រង​របួសធ្ងន់​ទាំង​២​នាក់​ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​គ្លីនិក​ឯកជន​ដឹក​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ម្នាក់​បាន​ស្លាប់​តាម​ផ្លូវ និង​ម្នាក់​ទៀត​រង​របួសធ្ងន់​កំពុង​សម្រាក​ព្យាបាល​នៅ​គ្លីនិក​ឯកជន រីឯ​រថយន្ត​បង្ក​បាន​បន្ត​អូស​ម៉ូតូ​ជាប់​ពីមុខ​រថយន្ត​ជិត​១០០​ម៉ែត្រ​បើក​ទៅ​ដល់​មុខ​ខារ៉ាអូខេ​ឌី​យ៉ា​ម៉​ង់​ទើប​រថយន្ត​ទៅ​មុខ​លែង​រួច ត្រូវ​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវ​ព័ទ្ធ​រថយន្ត​ជុំវិញ​ហើយ​យក​ដុំ​ថ្ម​គប់​ទៅ​លើ​រថយន្ត​បង្ក​បណ្តាលឱ្យបែក​កញ្ចក់​ទ្វារ​ឆ្វេង ស្តាំ​ និង​ផ្ទាំង​កញ្ចក់​មុខក្រោយ​រង​ខូចខាត​ទាំងស្រុង ខ្ទាត​ដុំ​ថ្ម​ត្រូវ​អ្នក​ជិះ​ក្នុង​រថយន្ត​ម្នា​ក់រងរ​បួ​ធ្ងន់​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន។

ចំណែកឯ​អ្នកបើកបរ​មិន​មាន​រង​របួស​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​យក​ទៅ​អធិការដ្ឋាន​ខណ្ឌ​សែនសុខ​ដើម្បី​បញ្ចៀស​ពី​កំហឹង​របស់​ប្រជាពលរដ្ឋ ។ ដោយឡែក​ម៉ូតូ​ណៃ​ហ៊​ត​ដែល​បើក​នៅ​ខាង​មុខ​គេ​ពេល​ដែល​ឃើញ​រថយន្ត​បុក​រះ​ម៉ូតូ​២​គ្រឿង​បែប​នេះ​ធ្វើ​ឲ្យ​គេ​ភ័យ​ស្លន់ស្លោ​បាន​រេ​ចង្កូត​ទៅ​បុក​ខឿន​ចិញ្ចើម​ផ្លូវ​នៅ​ខាងស្តាំ​ដៃ​តែមិន​បណ្តាល​ឲ្យ​ដួល​រង​របួស​ទេ ។

ក្រោយ​ពេល​កើតហេតុ​រថយន្ត​បង្ក​ និង​ម៉ូតូ​រង​គ្រោះ​២​គ្រឿង​រួម​ជាមួយ​អ្នក​បើករថយន្ត​បង្ក​ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ទៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​រង់ចាំ​ដោះស្រាយ​តាម​ផ្លូវច្បាប់ ។ ចំណែក​សព​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ឲ្យ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​រៀងខ្លួន ៕