ខេត្តកំពង់ចាម ៖ សមត្ថកិច្ចនគរបាលខេត្តកំពង់ចាមបានដេញចាប់ក្រុមចោរសកម្មខខាងកាច់សោ.កម៉ូតូបាន២នាក់កាលពីវេលាម៉ោង៥ និង១៥នាទីល្ងាច ថ្ងៃទី៣ តុលា ២០១៥ បន្ទាប់ពីធ្វើសកម្មភាពកាច់សោ.កមិនបានបានសម្រេចនៅផ្ទះជួលមួយកន្លែងក្នុងភូមិទី១ សង្កាត់វាលវង់ ក្រុងកំពង់ចាម និងដកហូតបានប្រដាប់កាច់សោ.កម៉ូតូមួយកូនថង់ និងម៉ូតូសេ១២៥មួយគ្រឿងជាមធ្យោបាយសំរាប់ធ្វើសកម្មភាព ។
ក្រុមចោរសកម្មខាងកាច់សោ.កម៉ូតូនោះមាន ១-ឈ្មោះ ស៊ីម សុភ័ស ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិអំពិលតាពក ឃុំអំពិលតាពក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ និង២-ឈ្មោះ សុខ ពៅ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅចាក់អង្រែក្រោម រាជធានីភ្នំពេញ ។
លោកវរសេនីយ៍ត្រី ស៊ឹង ចាន់អូន អធិការនគរបាលក្រុងកំពង់ចាមប្រាប់ឲ្យដឹងថា ជនសង្ស័យ២នាក់បានជិះម៉ូតូ១គ្រឿងមកចូលក្នុងបរិវេណផ្ទះជួលមួយកន្លែងនៅភូមិទី១ សង្កាត់វាលវង់ បម្រុងកាច់សោ.កម៉ូតូម៉ាកសេ១២៥មួយគ្រឿង ដែលម្ចាស់ទុកនៅជាន់ខាងក្រោមផ្ទាល់ដី តែសំណាងត្រូវបានម្ចាស់ចុះមកឃើញក៏ស្រែកចោរៗ បង្កឲ្យមានការភ្ញាក់ផ្អើលតែម្តង ។
លោកវរសេនីយ៍ត្រី ស៊ឹង ចាន់អូន បន្តថា ពេលដែលក្រុមចោរកំពុងតែជិះម៉ូតូគេចខ្លួននោះ ស្របពេលដែលកម្លាំងរបស់លោកចុះល្បាតក៏បានឃើញហេតុការណ៍នេះ បាននាំគ្នាជិះម៉ូតូប្រដេញតាមពីក្រោយចេញពីផ្លូវមួយទៅផ្លូវមួយ ។ ដោយមានការទាក់ទងតាមតេអូខ្វាត់ខ្វែង មានកម្លាំងព្រហ្មទណ្ឌកម្រិតស្រាលខេត្ត និងកម្លាំងកងអន្តរាគមន៍ខេត្តបានរៀបចំក្រឡាប្រទាក់គ្នាជាច្រើនកន្លែង លុះពេលដែលមុខសញ្ញាជិះម៉ូតូដល់ត្រង់ចំនុចភូមិ១១ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ក៏ត្រូវបានសមត្ថកិច្ចដេញស្ទាក់ជាប់ ហើយក៏ត្រូវបានប្រជាពលរដ្ឋស្វាគមន៍ម្នាក់មួយដៃមួយជើងឡើងទ្រមខ្លួន ។
លោកវរសេនីយ៍ឯក ហេង វុទ្ធី ស្នងការរងនគរបាលខេត្ត ទទួលបន្ទុកកណ្តាលយុត្តិធម៌ បានប្រាប់ឲ្យដឹងដែរថា ក្រោយពីបានបញ្ជូនជនសង្ស័យមកសួរនាំនៅស្នងការដ្ឋាននគរបាលខេត្តនោះ ជនសង្ស័យក៏បានឆ្លើយសារភាពថា ពួកគេធ្លាប់ធ្វើសកម្មភាពចាក់សោ.កម៉ូតូចំនួន៣លើកនៅក្នុងក្រុងកំពង់ចាម លុះពេលដែលបម្រុងកាច់សោ.កលើកទី៤ ក៏ត្រូវបានសមត្ថកិច្ចដេញតាមចាប់ជាប់តែម្តង ៕




ចែករំលែកព័តមាននេះ