ខេត្តសៀមរាប ៖ លោកសង្ឃ១៧អង្គដែលគង់នៅវត្តតាអុង ឃុំល្វែងប្ញស្សី ស្រុកជីក្រែង ខេត្តសៀមរាប ជាប់ព្រំប្រទល់ស្រុកស្ទោង បានឆាន់កាហ្វទឹកដោះគោ របស់អ្នកភូមិឈូក ឃុំប្រឡាយ ដែលមកកាន់វេនបិណ្ឌទី៧ បណ្តាលឱ្យពុលក្អួតចង្កោរ ។ ហេតុការណ៍នេះធ្វើឱ្យមានការភ្ញាក់ផ្អើលពេញក្នុងពិធីកាន់បិណ្ឌវេនទី៧ នៅវេលាម៉ោង៧យប់ ថ្ងៃទី៣ តុលា ២០១៥ ស្ថិតនៅក្នុងវត្តតាអុង ភូមិតាអុង ឃុំល្វែងប្ញស្សី ស្រុកជីក្រែង ខេត្តសៀមរាប ។
តាមប្រភពពីលោក តូច សកល អធិការស្រុកជីក្រែងបានប្រាប់«កោះសន្តិភាព»នៅយប់ថ្ងៃទី ៣ តុលានេះថា បន្ទាប់លោកសង្ឃ១៧អង្គនៅវត្តតាអ៊ុងបានឆាន់កាហ្វេទឹកដោះគោ រយៈពេលជិត២ម៉ោងក្រោយមកលោកសង្ឃទាំង១៧អង្គមានអាការៈក្អួតចង្អោរ បណ្តាលឱ្យមានការភ្ញាក់ផ្អើលពេញរោងបុណ្យតែម្តង ។
លោកបន្តថា ក្រោយពីទទួលបានព័ត៌មានភ្លាមៗ លោកបានដាក់កម្លាំងចុះទៅពិនិត្យ និងបញ្ជូនលោកសង្ឃមួយចំនួនទៅព្យាបាលនៅមណ្ឌលសុខភាពឃុំល្វែងប្ញស្សី និងមួយចំនួនទៀតបានបញ្ជូនបន្តទៅព្យាបាលសង្គ្រោះនៅមណ្ឌលសុខភាពស្រុកជីក្រែង ។
សូមបញ្ជាក់ថា នេះជាលើកទី៤ហើយដែលកើតមានករណីពុលបែបនេះនៅខេត្តសៀមរាប ដែលលើក១ ករណីពុលនំប៉័ង នៅស្រុកជីក្រែង, លើកទី២ ករណីពុលនំប៉័ង នៅស្រុកសូត្រនិគម, លើកទី៣ ករណីពុលនំប៉័ង នៅស្រុកអង្គរធំ និងលើកទី៤នេះ ពុលកាហ្វេទឹកដោះគោចំថ្ងៃពិធីកាន់បិណ្ឌនៅវត្តតាអុងនេះតែម្តង ។
បច្ចុប្បន្នលោកសង្ឃទាំង១៧អង្គនៅមិនទាន់ដឹងថាយ៉ាងណានៅឡើយទេ ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅពេលក្រោយ និងនៅលើទំព័រកាសែតកោះសន្តិភាព





ចែករំលែកព័តមាននេះ