ខេត្តបន្ទាយមានជ័យ ៖ សពពលករ-ពលការនី២នាក់ត្រូវបានភាគីថៃធ្វើការបញ្ជូនមកប្រគល់ឲ្យសាច់ញាតិតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតកាលពីថ្ងៃទី៣ តុលា ២០១៥ បន្ទាប់ពីស្លាប់ដោយមហារីកឈាម និងខ្យល់គរ ។
ជនរងគ្រោះដែលស្លាប់ដោយជម្ងឺមហារីកឈាមឈ្មោះ សេក ស្រីចាន់ ភេទស្រី អាយុ៣៤ឆ្នាំ មានទីលំនៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរិសោភ័ណ ខេត្តបន្ទាយមានជ័យ ។ ជនរងគ្រោះមុនស្លាប់ធ្វើជាកម្មករសំណង់នៅក្រុងបាងកក ប្រទេសថៃ ហើយបានស្លាប់ដោយជម្ងឺមហារីកឈាមកាលពីវេលាម៉ោង១២ និង៥នាទីរសៀល ថ្ងៃទី២ តុលា ២០១៥ ។ ដោយឡែកជនរងគ្រោះដែលស្លាប់ដោយខ្យល់គរឈ្មោះ ពៀក ឃឿន ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិត្រពាំងស្មាច់ ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង ។ ជនរងគ្រោះជាកម្មករនេសាទលើសមុទ្រថៃក្នុងខេត្តប៉ាត់តានី បានស្លាប់ដោយជម្ងឺខ្យល់គរ បន្ទាប់ពីមានអការៈថប់ដង្ហើម ពេលវិលត្រឡប់មកស្រុកកំណើតដល់ស្រុកអារញ្ញ ខេត្តស្រះកែវ ជាប់ព្រំដែនកម្ពុជា ។
តាមរបាយការណ៍របស់មន្ត្រីអគ្គកុងស៊ុលខ្មែរប្រចាំនៅប្រទេសថៃបញ្ជាក់ថា ជនរងគ្រោះពេលកំពុងធ្វើដំណើរត្រឡប់ពីខេត្តប៉ាត់តានី គ្រោងមកស្រុកកំណើតដល់ស្រុកអារញ្ញ ស្រាប់តែមានអាការៈថប់ដង្ហើមភ្លាមនោះសមត្ថកិច្ចថៃក៏បានជួយនាំទៅមន្ទីរពេទ្យក្នុងស្រុកអារញ្ញ ប៉ុន្តែជាអកុសលបានដាច់ខ្យល់ស្លាប់កាលពីរសៀលថ្ងៃទី២ខែឆ្នាំដដែល ។
ក្រោយពីភាគីថៃបញ្ជូនសពទាំង២មកដល់កម្ពុជា សាច់ញាតិបានជួលរថយន្តដឹកបន្តទៅស្រុកកំណើតដើម្បីធ្វើបុណ្យតាមប្រពៃណីយរៀងៗខ្លួន ៕




ចែករំលែកព័តមាននេះ