ខេត្តបន្ទាយមានជ័យ ៖ ម៉ូតូចំនួន៧គ្រឿង ត្រូវកងកម្លាំងនគរបាលជំនាញការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ ដែលដឹកនាំស្រាវជ្រាវផ្ទាល់ ដោយលោកវរសេនីយ៍ឯកសិទ្ធ ឡោះ ស្នងការរងទទួលបន្ទុកការិយាល័យ កណ្តាលព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវដកហូតបានជាបន្តបន្ទាប់ ក្រោយពីបានបំបែកសំណុំរឿងក្នុងករណីលួចមានស្ថានទម្ងន់ទោស (ករណីប្លន់ប្រដាប់អាវុធ) ចាប់ឃាត់មេចោរប្លន់ឈ្មោះ លូន លាត នឹងបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង កាលពីថ្ងៃទី០៩ ខែកញ្ញាឆ្នាំ២០១៥ និងត្រូវបានតុលាការកាត់ទោសដាក់ពន្ធនាគាររួចមក។
តាមការឱ្យដឹងពីលោកវរសេនីយ៍ត្រីភឿង ម៉ាន់សឹង្ហ នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់បានឱ្យដឹងថា ម៉ូតូដែលកម្លាំងរបស់លោកចុះធ្វើការស្រាវជ្រាវ និងដកហូតបានពីអ្នកទិញ ដែលជាប្រជាពលរដ្ឋនៅតាមជនបទនោះ គឺជាម៉ូតូដែលពាក់ព័ន្ធនឹងករណីលួចកាច់សោ.កម៉ូតូ និងករណីលួចមានស្ថានទម្ងន់ទោស (ប្លន់ប្រដាប់អាវុធ) ប្រព្រឹត្តដោយក្រុមចោរមួយក្រុម ដឹកនាំដោយឈ្មោះលូន លាត និងគូកន ។
ម៉ូតូទាំង៧គ្រឿងនេះ គឺលោកចាប់ដំណើរការស្រាវជ្រាវតាំងពីចាប់ឃាត់ឈ្មោះលូន លាត បានមកចំពោះម៉ូតូទាំង៧គ្រឿងនេះ គឺ១គ្រឿង បានប្រគល់ឱ្យម្ចាស់ដើមវិញ តាមរយៈកម្លាំងនគរបាលខេត្តសៀម និងនៅម៉ូតូចំនួន៦គ្រឿងទៀត មានស៊េរី២០១៣ ចំនួន១គ្រឿង, ២០០៩ ចំនួន១គ្រឿង ,២០១៥ ចំនួន២គ្រឿង, ស៊េរី២០១១ ចំនួន២គ្រឿង ។
បើតាមការបំភ្លឺពីប្រជាពលរដ្ឋម្ចាស់ម៉ូតូទាំង៦គ្រឿងនេះ គឺពួកគាត់និយាយថា គាត់ទិញពីឈ្មោះលូន លាត និងគូកនរបស់គេមានឈ្មោះឈឹម បូរី (ហៅម៉ាប់), ឈ្មោះក្តី និងឈ្មោះយ៉ា ដែលជាមុខសញ្ញាក្រុមចោរប្លន់ ដែលសមត្ថកិច្ចកំពុងតាមប្រមាញ់រកចាប់
ខ្លួន។
លោកវរសេនីយ៍ឯកសិទ្ធ ឡោះ ស្នងការរងទទួលបន្ទុកការិយាល័យកណ្តាលនគរបាលព្រហ្មទណ្ឌបានឱ្យដឹងថា ចំពោះលទ្ធផលដែលកម្លាំងនគរបាលជំនាញការិយាល័យកណ្តាលនគរបាលព្រហ្មទណ្ឌអនុវត្តសម្រេចបាននេះ គឺដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ។ ក្នុងថ្ងៃនេះដែរ លោកឧត្តមសេនីយ៍ស្នងការ ក៏បានណែនាំដល់ការិយាល័យជំនាញធ្វើការផ្សព្វផ្សាយរកម្ចាស់ម៉ូតូ ដើម្បីឱ្យមកទទួលយកម៉ូតូត្រឡប់ទៅវិញ ។ ដូច្នេះ បើបងប្អូនដែលបានបាត់ម៉ូតូសុំមកពិនិត្យមើលដោយយកនូវលិខិតបទដ្ឋានដែលពាក់ព័ន្ធមកជាមួយផងដែរ ៕




ចែករំលែកព័តមាននេះ