ខេត្តកែប ៖ បុរសម្នាក់ឈ្មោះ និន ជៀង អាយុ៤៨ឆ្នាំ នៅភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ បានរៀបរាប់ទុក្ខសោកក្នុងរដូវភ្ជុំបិណ្ឌប្រាប់កោះសន្តិភាពថា ដោយសារតែប្រពន្ធជាទីស្រឡាញ់របស់ខ្លួនឈ្មោះ អឹម ផល អាយុ៤៦ឆ្នាំ បានបាត់ពីផ្ទះ រួមទាំងលួចយកគ្រឿងអលង្ការទៅជាមួយ ។
ការបាត់ខ្លួនពីផ្ទះនោះត្រូវបានលោក និន ជៀង ជាប្តីប្រាប់ថា រត់តាមសហាយជាប្រុសស្នេហ៍ទៅបាត់ហើយអត់ប្រាប់អ្វីមួយម៉ាត់ គឺឆ្លៀតឱកាសលោកទៅបោះបាយបិណ្ឌនៅឯវត្ត ។
បុរសដែលប្រពន្ធបាយបាយតាមប្រុសថ្មី បានរៀបរាប់ថា ខ្លួនបានព្រមព្រៀងគ្នាធ្វើជាប្រពន្ធ-ប្តីអស់រយៈពេលជាង២០ឆ្នាំមកហើយ និងមានកូនប្រុស-ស្រី៤នាក់ ប៉ុន្តែកាលណោះមិនបានរៀបមង្គលការទេ ។ ទោះបីជាបែបណា ការស្មោះស្ម័័គ្រដឹកដៃគ្នាកសាងអនាគតគ្រួសាររកស៊ីជាមួយគ្នាតាំងពីបាតដៃទទេ រហូតមកដល់ពេលនេះសល់លុយកាក់ទិញដីនៅជិតស្រែអំបិលឆ្នេរសមុទ្រកែបនេះបានជាច្រើនកន្លែង ដែលជាទ្រព្យរួមសំណព្វចិត្ត ។ លោក និន ជៀង និយាយថា ប្រពន្ធគាត់រស់នៅស្រួលបំផុត ព្រោះជាអ្នកលក់ដូរនៅផ្ទះ ប៉ុន្តែថ្មីៗនេះ គាត់សម្គាល់ឃើញប្រពន្ធមានគំនិតមិនល្អ ដោយសារតែរាប់រកបុរសម្នាក់មិនសក្តិសមភ្នែកលោកជាប្តីទេ ។
ទោះបីភរិយាមានអាកប្បកិរិយាបែកឆ្វេងក្តីលោកបានព្យាយាមប្រាប់ប្រពន្ធថា កុំឧស្សានិយាយជាមួយបុរសម្នាក់នោះពេក ប៉ុន្តែប្រពន្ធនៅតែធ្វើមិនគប្បី មិនព្រមស្តាប់តាមសម្តីគាត់ជាប្តីណែនាំទេ ។ ម្តងហើយម្តងទៀត ការណែនាំរបស់គាត់គឺប្រពន្ធមិនស្តាប់ទេ រហូតដល់មានការទាស់ទែងគ្នាផងដែរ ។ លោក និន ជៀង ដកដង្ហើមធំរួចចោលកន្ទុយភ្នែកមើលទៅធ្លាមុខផ្ទះដ៏ស្មុគស្មាញនិយាយថា ខ្ញុំមិនដឹងប្រពន្ធក្បត់ចិត្តទេ ។ នៅយប់ថ្ងៃទី២៧ កញ្ញា គាត់ជាប្តីបានឡើងមកបោះបាយបិណ្ឌ នៅវត្តក្នុងឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច នៅវេលាទៀបភ្លឺ ។ មិនទាន់បោះបាយបិណ្ឌ១ជុំព្រះវិហារផង ស្រាប់តែមានគេទូរស័ព្ទមកប្រាប់ថា ប្រពន្ធខ្ញុំរត់ទៅតាមប្រុសថ្មីនោះបាត់ហើយ ។ ពេលឮដំណឹងដ៏រន្ធត់ចិត្តនេះ គឺដូចអ្វីដែលគាត់សង្ស័យទៅលើមនុស្សម្នាក់នៅក្នុងភូមិ ដែលធ្លាប់មកទាក់ទងជាមួយប្រពន្ធគាត់ ។ ពេលគាត់វិលមកដល់ផ្ទះវិញមើលគ្រឿងអលង្ការបាត់អស់ ក្នុងនោះមានមាសអស់៣តម្លឹងកន្លះ ប្រាក់រៀលមិនដឹងប៉ុន្មានលានរៀលទេ ព្រោះគាត់មិនបានកាន់លុយទេ គឺប្រពន្ធជាអ្នកទុកដាក់ ។
ដោយសារតែប្រពន្ធក្បត់ចិត្តលួចរត់តាមប្រុសបែបនេះ គាត់ជាប្តីបានដាក់ពាក្យបណ្តឹងតាំងពីភូមិរហូតដល់ស្រុក ការពារទ្រព្យសម្បត្តិ ខ្លាចស្ត្រីជាប្រពន្ធត្រឡប់មកវិញ ដណ្តើមទ្រព្យសម្បត្តិបន្ថែមទៀត ។
និន ជៀង ប្រាប់ឱ្យដឹងថា ការសង្ស័យទៅបុរសម្នាក់ដែលធ្លាប់ទាក់ទងជាមួយប្រពន្ធគាត់នោះ ក៏ព្រោះតែពេលប្រពន្ធគាត់បាត់ខ្លួន អ្នកភូមិក៏ឃើញគេជិះម៉ូតូចេញបាត់នាយប់ថ្ងៃទី២៧ កញ្ញានោះដែរ ។ ប៉ុន្តែបើតាមព័ត៌មានចុងក្រោយនេះបុរសជាសហាយ បានទាក់ទងក្រុមគ្រួសាររបស់គេឱ្យឡើងមកយកម៉ូតូ ដែលផ្ញើទុកផ្ទះបងប្អូននៅជិតក្រុងកំពត ។
ស្ត្រីម្នាក់នៅភូមិអង្គោលបាននិយាយថា និន ជៀង ស្រឡាញ់ប្រពន្ធណាស់ ព្រោះនាងមានសម្រស់ស្អាតជាងគេ នៅក្នុងស្រុក ថ្វីបើវ័យចំណាស់បន្តិចក៏ដោយ ហើយបុរសជាប្តីក៏ប្រចណ្ឌប្រពន្ធខ្លាំងណាស់ដែរ រហូតដល់វាយតប់គ្នាទៀតផង ។
ស្ត្រីឈ្មោះ អឹម ផល ដែលប្តីថាមានសហាយរត់ទៅជាមួយប្រុសថ្មី ការទាក់ទងតាមទូរស័ព្ទសុំការបំភ្លឺមិនបានទទួលជោគជ័យទេ ព្រោះតេទូរស័ព្ទចូលហើយ អត់មានអ្នកលើក ។
លោក ង៉ាន់ កុក អនុប្រធានភូមិអង្គោល បានប្រាប់ឱ្យដឹងថា ឈ្មោះ និនជៀង និង អឹម ផល ជាប្តីប្រពន្ធគឺជាគ្រួសារមួយមានជីវភាពធូរធារ គ្រាន់បើដែរ និងមិនដែលឮទាស់ទែងខ្វែងគំនិតគ្នាទេ ស្រាប់តែទទួលដំណឹងថានាងអឹម ផល បានរត់បាត់ចេញពីផ្ទះ ។ លោក ង៉ាន់ កុក មានប្រសាសន៍រលាស់ខ្លួនពីការដឹងឮ។ ពេលសួរទាក់ទងការរត់ចោលប្តីតាមប្រុសថ្មីនោះ លោកមិនដឹងថា គាត់រត់ទៅតាមអ្នកណាអ្នកណីទេ ព្រោះលោកមិនឃើញ និងមិនមានអ្នកប្តឹង ៕


ចែករំលែកព័តមាននេះ