ខេត្តពោធិ៍សាត់ ៖ ជនសង្ស័យមួយក្រុមមានគ្នា៣នាក់ បានត្រូវនគរបាលក្រុងពោធិ៍សាត់ និងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់រលាប ចាប់ឃាត់ខ្លួន កាលពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១ តុលា នៅចំណុចអូរត្រាវ ស្ថិតក្នុងភូមិរលាប សង្កាត់រលាប ក្រុងពោធិ៍សាត់ ខណៈពេលពួកគេកំពុងដឹកជញ្ជូនបដិមាតាមម៉ូតូ ។
លោកវរសេនីយ៍ទោ ឈន រិទ្ធិ៍ អធិការនគរបាលក្រុងពោធិ៍សាត់ បានឱ្យដឹងថា ជនទាំង៣នាក់នេះមាន ១-ឈ្មោះ នួន សុខរ៉ា ភេទប្រុសអាយុ២៩ឆ្នាំ ២-ឈ្មោះ គង់ បញ្ញា ភេទប្រុស អាយុ១៩ឆ្នាំ និង៣-ឈ្មោះ គឹម ប៊ុនហី ភេទប្រុស អាយុ១៦ឆ្នាំ ទាំង៣នាក់រស់នៅក្នុងសង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ។
ទាក់ទងនឹងករណីចោរកម្មនេះ លោកអធិការឱ្យដឹងថា នៅយប់ថ្ងៃទី៣០ កញ្ញា កម្លាំងនគរបាលក្រុងពោធិ៍សាត់ សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលរលាប និងកម្លាំងប្រជាការពារ ដើរល្បាតពេលយប់រហូតដល់ម៉ោង២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១ តុលា ស្រាប់តែប្រទះឃើញជន៣នាក់ខាងលើកំពុងដឹកបដិមាចំនួន៥អង្គ ហើយដោយមានការសង្ស័យក៏ហៅសួរនាំទើបធ្លាយរឿង និងឃាត់ខ្លួននាំយកមកកាន់អធិការដ្ឋាននគរបាលក្រុងតែម្តង ។
នៅចំពោះមុខសមត្ថកិច្ច ជនទាំង៣នាក់ សារភាពថា បដិមាទាំង៥អង្គនេះ ពួកគេបានលួចពីកន្លែងសិប្បកម្មចម្លាក់ថ្មកែមួយនៅភូមិក្រាំងពព្លាក់ សង្កាត់រលាប ក្រុងពោធិ៍សាត់ កាលពីយប់ថ្ងៃទី៣០ កញ្ញា ។ លុះពេលដឹកមកដល់ភូមិរលាប សង្កាត់រលាប វេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រ ក៏ត្រូវសមត្ថកិច្ចឃាត់ចាប់តែម្តង ។
សូមបញ្ជាក់ថា បដិមាទាំង៥អង្គនេះធ្វើអំពីថ្មកែវ (ធំមួយអង្គនិងតូច៤អង្គ) បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវរកម្ចាស់ដើម្បីប្រគល់ជូនវិញ ចំណែកជនសង្ស័យទាំង៣នាក់ ត្រូវបានបញ្ជូនទៅសាលាដំបូង ដើម្បីចាត់ការតាមច្បាប់៕
ចែករំលែកព័តមាននេះ