ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​មេខ្លោង​ជួញដូរ​គ្រឿងញៀន ដកហូត​បាន​ថ្នាំ​ញៀន​៥​កញ្ចប់ និង​អាវុធ​៣​ដើម

10 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ មេខ្លោង​ជួញដូរ​គ្រឿងញៀន​ម្នាក់ និង​បក្ខពួក​៣​នាក់​ទៀត​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​តាម​ប្រមាញ់ និង​ចាប់ខ្លួន​បានជា​បន្តបន្ទាប់​កាលពី​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី​១ តុលា ២០១៥ ព្រមទាំង​ដកហូត​បាន​ថ្នាំ​ញៀន​ចំនួន​៥​កញ្ចប់ ក្នុង​នោះ​ធំ​៣​កញ្ចប់ និង​តូច​២​កញ្ចប់ ជញ្ជឹង​ថ្លឹង​គ្រឿងញៀន​១ ម៉ូតូ​៣​គ្រឿង ទូរស័ព្ទ​ដៃ​២​គ្រឿង និង​កាំភ្លើង​៣​ដើម​ផង​ដែរ ។

នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត លោក​វរសេនីយ៍ទោ សោម រស់ ប្រាប់​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ទាំង​៤​នាក់​នោះ​មាន ១-​ឈ្មោះ ស៊ិ​ន ចិ​ត្រា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ នៅ​ភូមិ​អណ្តូង​ច្រុះ ឃុំ​អំពិល ស្រុក​កំពង់សៀម​, ២-​ឈ្មោះ ហួត ថៃ ហៅ​ម៉ា​ប់​ថៃ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ នៅ​ភូមិ​ទី​៤ សង្កាត់​វាល់វង់ ក្រុង​កំពង់ចាម ជា​មេខ្លោង​ជួញដូរ​គ្រឿងញៀន​, ៣-​ឈ្មោះ លី រតនៈ ភេទ​ប្រុស អាយុ​២១​ឆ្នាំ នៅ​ភូមិ​អំពិល​លើ ឃុំ​អំពិល ស្រុក​កំពង់សៀម និង ៤-​ឈ្មោះ ប៉ុន រ៉ា​នី ភេទ​ស្រី អាយុ​១៩​ឆ្នាំ នៅ​ភូមិ​អំពិល​លើ ឃុំ​អំពិល ។

លោកនាយ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បន្ត​ឲ្យ​ដឹង​ទៀត​ថា លោកស្នងការ​នគរបាល​ខេត្ត​បាន​ដាក់​ផែនការ​ឱ្យ​តាម​ចាប់ខ្លួន​ក្រុម​ជួញដូរ​គ្រឿងញៀន ដែល​ស្ថិត​នៅ​ក្នុង​បញ្ជីខ្មៅ​របស់​សមត្ថកិច្ច ។ ក្រោយ​ពី​តាមដាន​ដឹង​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន​នោះ នៅ​រសៀល​ថ្ងៃ​ទី​១ តុលា សមត្ថកិច្ច​បាន​ប្រើប្រាស់​វិធី​ញុះញង់​ណាត់​ទិញ​ថ្នាំ​ញៀន​១​កញ្ចប់​តម្លៃ​៥​ម៉ឺន​រៀល​ពី​ឈ្មោះ រតនៈ នៅ​ក្បែរ​ច្រកចូល​វត្ត​នគរ​បា​ជ័យ ស្រុក​កំពង់សៀម ស្រប​ពេល​ដែល​ប្រគល់​ថ្នាំ​ញៀន​នោះ​ក៏​ត្រូវ​បាន​ចាប់ខ្លួន​តែ​ម្តង ។ ដោយ​ទទួល​បាន​ចម្លើយ​សារភាព​ពី​ជនសង្ស័យ ទើប​សមត្ថកិច្ច​ឈាន​ទៅ​ធ្វើការ​ឡោម​ព័ទ្ធ​ចាប់​មេខ្លោង ឈ្មោះ ម៉ា​ប់​ថៃ នៅ​ក្នុងភូមិ​អំពិល ឃុំ​អំពិល បាន​ចំនួន​៣​នាក់ ព្រមទាំង​ដកហូត​បាន​ថ្នាំ​ញៀន និង​វត្ថុ​តាង​មួយ​ចំនួន ។ ដែល​ប្រតិបត្តិការ​នេះ​ដឹកនាំ​សម្របសម្រួល​ដោយ​លោក រៀល សុ​ភិន ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត ព្រមទាំង​មានការ​ចូលរួម​ពី​អាជ្ញាធរ​មូលដ្ឋាន​ផង​ដែរ ។

លោក​វរសេនីយ៍ទោ សោម រស់ បញ្ជាក់​ថា រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​២ តុលា ថ្នាំ​ញៀន​ដែល​ដកហូត​បាន​ធ្វើតេស្ត​ឃើញ​ពិតជា​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ពិតប្រាកដ​មែន និង​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់វិធានការ​តាម​ច្បាប់ និង​តាម​ស្រាវជ្រាវ​ចាប់​បក្ខពួក​បន្ត​ទៀត ហើយ​មេខ្លោង​ជួញដូរ​ថ្នាំ​ញៀន​ខាងលើ​នេះ គឺ​ធ្លាប់​ជាប់គុក​៤​ដង​ហើយ​រួម​ទាំង​លើក​ចុង​ក្រោយ​នេះ ៕