ប្រទេសតួកគី និងបណ្តាប្រទេសចូលរួមក្នុងក្រុមចម្រុះប្រឆាំងរដ្ឋអ៊ិស្លាមបានអំពាវនាវកាលពីថ្ងៃទី២ តុលា ដល់រុស្ស៊ីឱ្យបញ្ឈប់ជាបន្ទាន់ការវាយប្រហាររបស់ខ្លួនលើពួកប្រឆាំងស៊ីរី ហើយប្រមូលផ្តុំលើការតស៊ូប្រឆាំងពួកជីហាដ ដែលធ្វើប្រតិបត្តិការនៅស៊ីរី ។
ក្នុងសេចក្តីប្រកាសរួមមួយ សហរដ្ឋអាេមរិក អង់គ្លេស បារាំង អាល្លឺម៉ង់ តួកគី និងបណ្តាសម្ព័ន្ធមិត្តនៅតំបន់ឈូងសមុទ្រពែរ្ស៍វាយតម្លៃថាអន្តរាគមន៍របស់រុស្ស៊ី គឺជាការបង្កើនថ្មីក្នុងជម្លោះដែលនាំឱ្យលទ្ធិជ្រុលនិយមកាន់តែរីកសាយ ។
សេចក្តីប្រកាសរួមនេះអះអាងថា យើងសម្តែងការព្រួយបារម្ភយ៉ាងជ្រាលជ្រៅរបស់យើងចំពោះការដាក់ពង្រាយខាងយោធារុស្ស៊ីនៅស៊ីរី ហើយពិសេសបំផុតការវាយប្រហារចាប់តាំងពីថ្ងៃទី៣០ កញ្ញា មក របស់កងទ័ពអាកាសរុស្ស៊ីលើក្រុងហាម៉ា ហូម និង IDLIB បណ្តាលឱ្យជនស៊ីវិលច្រើននាក់ស្លាប់ ហើយពុំមែនសំដៅលើពួករដ្ឋអ៊ិស្លាម ។
ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀរ ពូទីន កាលពីថ្ងៃទី១ តុលា វាយតម្លៃថា រាល់ការអះអាងដែលថា បណ្តាជនស៊ីវិលត្រូវស្លាប់ដោយសារការវាយប្រហារតាមអាកាសរបស់រុស្ស៊ី គឺជាការវាយប្រហារខាងការឃោសនាមួយ ។
ប្រធានគណៈកម្មការកិច្ចការបរទេសរបស់សភារុស្ស៊ី លោកអាឡិចសី ពូស្កូវ ថ្លែងកាលពីថ្ងៃទី២ តុលា ថា យុទ្ធនាការវាយប្រហារតាមអាកាសរបស់រុស្ស៊ីនៅស៊ីរី នឹងមានរយៈពេល៣ទៅ៤ខែ ហើយបង្កើនខ្លាំងទៀត ៕
ចែករំលែកព័តមាននេះ