ប្រទេសរុស្ស៊ីកាលពីថ្ងៃទី១ តុលា ជាថ្ងៃទី២ ជាប់ៗគ្នាវាយប្រហារតាមអាកាសនៅស៊ីរីទៀតសំដៅលើពួកប្រឆាំងនឹងរបបលោក បាចាអាល់អាសាដ នៅពេលដែលកងទ័ពរុស្ស៊ី និងកងទ័ពអាមេរិកធ្វើការសម្របសម្រួលគ្នាដើម្បីចៀសវាងរាល់ឧប្បត្តិហេតុអាកាសនៅស៊ីរី ។
សង្គ្រាមប៉ាកានៅបន្តលើបណ្តាគោលដៅវាយប្រហាររបស់កងយន្តហោះរុស្ស៊ីក្នុងប្រទេសស៊ីរី ដែលខ្ទេចខ្ទាំដោយសង្គ្រាម ។ ក្រុងមូស្គូអះអាងថា សំដៅលើក្រុមជីហាដ រដ្ឋអ៊ិស្លាម តែសហរដ្ឋអាមេរិក និងពួកសម្ព័ន្ធមិត្តសង្ស័យថា ក្រុងមូស្គូចង់ជួយសង្គ្រោះលោក អាសាដ ក្រោមរូបភាពនៃការបិទបាំងពីការប្រយុទ្ធប្រឆាំងភេរវកម្ម ។
ផ្ទុះឡើងពីខែមីនា ឆ្នាំ២០១១មក ជម្លោះនៅស៊ីរីកាន់តែស្មុគស្មាញខ្លាំង ហើយឈានចូលរបត់ថ្មីជាមួយការចូលរួមរបស់រុស្ស៊ី ជាសម្ព័ន្ធមិត្តរបស់របបលោក បាចាអាល់អាសាដ ដែលចាប់ផ្តើមធ្វើការវាយប្រហារតាមអាកាសដំបូងៗកាលពីថ្ងៃទី៣០ កញ្ញា ប្រឆាំងក្រុមរដ្ឋអ៊ិស្លាម។ ក្រុមចម្រុះធំមួយមានប្រទេសដល់៥០ ចូលរួមនាំមុខដោយសហរដ្ឋអាមេរិក ហើយរុស្ស៊ីមិនចូលរួមបានធ្វើការវាយប្រហារតាមអាកាសចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៤មក ប្រឆាំងពួករដ្ឋអ៊ិស្លាមនៅស៊ីរី តែពុំអាចបំបាក់ក្រុមនេះបាន ។ ពេលនេះដែនអាកាសស៊ីរីមានទាំងបេសកកម្មរបស់ក្រុមចម្រុះ មានទាំងកងយន្តហោះរបស់របបស៊ីរីប្រឆាំងពួកឧទ្ទាម ហើយឥឡូវពួករុស្ស៊ីហក់ចូលមកទៀតដោយដាក់ពង្រាយយន្តហោះ និងឧទ្ធម្ភាគចក្រប្រយុទ្ធជាង៥០គ្រឿងនៅស៊ីរី រយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ។
ក្នុងសេចក្តីប្រកាសរបស់ខ្លួនក្រសួងការពារប្រទេសរុស្ស៊ីអះអាងថា ក្នុងការវាយប្រហារតាមអាកាស៣លើកចុងក្រោយនេះ គឺនៅតំបន់ IDLIB នៅហាម៉ា និងនៅក្រុងហូម ។ គោលដៅវាយប្រហារសំដៅលើបណ្តាឃ្លាំងអាវុធ ជំរំហ្វឹកហ្វឺនមួយ ពិសេសបណ្តាបុ៉ស្តិ៍បញ្ជាការ ។ ក៏ប៉ុន្តែសហរដ្ឋអាមេរិក និងពួកសម្ព័ន្ធមិត្ត ព្រមទាំងបណ្តាក្រុមឧទ្ទាមអះអាងថា សកម្មភាពរបស់រុស្ស៊ី តាមពិតតម្រង់លើបណ្តាក្រុមឧទ្ទាមដែលគំរាមកំហែងរបបលោក អាសាដ ហើយពុំមែនត្រឹមតែពួករដ្ឋអ៊ិស្លាមឡើយ ។ ម្យ៉ាងវិញទៀត ព្រឹទ្ធសមាជិកអាមេរិកលោក JOHN MCCAIN រហូតនិយាយថា ការទម្លាក់គ្រាប់បែករបស់រុស្ស៊ីសំដៅលើពួកឧទ្ទាមដែលទទួលការបណ្តុះបណ្តាល និងផ្តល់លុយកាក់ដោយ CIA ។
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស័រហ្គេយឡាវរូ៉វ បានការពារយ៉ាងម៉ឺងម៉ាត់ចំពោះយុទ្ធនាការវាយប្រហារតាមអាកាសរបស់ប្រទេសលោកនៅស៊ីរី ដោយលោកអះអាងថា គោលដៅ គឺសំដៅបណ្តាក្រុមភេរវកម្ម ហើយពុំមានទិសដៅជួយដល់លោក អាសាដ ឱ្យរក្សាអំណាចឡើយ ៕
ចែករំលែកព័តមាននេះ