ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួក២នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុករលាប្អៀរដេញស្ទាក់ចាប់បានទាំងព្រឹកព្រលឹម ក្រោយពីបានធ្វើសកម្មភាពឆក់កាបូបរបស់ប្រជាពលរដ្ឋ ។
ហេតុការណ៍ដេញចាប់ចោរឆក់នេះគឺធ្វើឡើងកាលពីវេលាម៉ោង៧ និង១៥នាទីព្រឹក ថ្ងៃទី២ តុលា ២០១៥ នៅភូមិសូភី ឃុំជើងគ្រាវ ស្រុករលាប្អៀរ ។
លោកវរៈសេនីយ៍ត្រី ទឹម ចាន់ធី អធិការនគរបាលស្រុករលាប្អៀរបានឱ្យដឹងថា ជនសង្ស័យដែលចាប់បានមានឈ្មោះ ចាន់ សុទ្ធា ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិតាពុក ឃុំតាពុក ស្រុកពុកឬស្សី ខេត្តកណ្តាល ជាមុខសញ្ញាចោរឆក់ខ្យែ.ក ឆក់កាបូប និងកាច់សោ.កម៉ូតូដ៏សកម្ម ។
ក្រោយពីចាប់បានជនសង្ស័យ សមត្ថកិច្ចបានរកឃើញវត្ថុតាងមានម៉ូតូហុងដាសេ១២៥ ឆ្នាំ២០១៥ មួយគ្រឿង សោខ្សៀសម្រាប់កាច់កម៉ូតូ១ ដង្កាប់១ និងកាបូបមួយផងដែរ ។
មុនពេលកើតហេតុនៅម៉ោងជាង៦ព្រឹកថ្ងៃទី២ ខែតុលា ជនសង្ស័យមានគ្នាចំនួនពីរនាក់ ជិះម៉ូតូសេ១២៥ឌុបគ្នា ក្នុងទិសដៅពីជើងទៅត្បូង លុះពេលមកដល់ចំណុចមុខវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនរលាប្អៀរ បានធ្វើសកម្មភាពឆក់កាបូបប្រជាពលរដ្ឋម្នាក់ រួចបើកម៉ូតូគេចខ្លួន តែត្រូវប្រជាពលរដ្ឋស្រែកឱ្យជួយ ហើយសមត្ថកិច្ចដែលនៅក្បែរនោះដេញតាមស្ទាក់រហូតដល់វាលស្រែក្នុងភូមិសូភី ឃុំជើងគ្រាវ ស្រុករលាប្អៀរ ទើបចាប់បានតែម្តង។
ក្រោយពីសាកសួររួច សមត្ថកិច្ចនគរបាលស្រុករលាប្អៀរ បានកសាងសំណុំរឿបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងដើម្បីចាត់ការបន្តតាមនីតិវិធី ។ ប្រជាពលរដ្ឋបានឱ្យដឹងថា ក្នុងរយៈពេលចុងក្រោយនេះនៅក្នុងក្រុងកំពង់ឆ្នាំង និងស្រុករលាប្អៀរ នាពេលកន្លងមកនេះ សកម្មភាពកាច់កម៉ូតូ និងឆក់កាបូបប្រជាពលរដ្ឋហាក់បីដូចជាមានសកម្មភាពឡើងវិញ ធ្វើឱ្យប្រជាពលរដ្ឋមានការព្រួយបារម្ភពីសុវត្ថិភាពក្នុងការធ្វើដំណើរ ទោះបីជាសមត្ថកិច្ចបានចេញល្បាតតាមមូលដ្ឋានយ៉ាងណាក៏ដោយ ៕
ចែករំលែកព័តមាននេះ