ជនជាតិអីុស្រាអែល២នាក់ត្រូវបានពួកប៉ាឡេស្ទីនបាញ់ស្លាប់កាលពីថ្ងៃទី១ តុលា ពេលពួកគេកំពុងជិះរថយន្តនៅជិតក្រុងណាប្លូស តំបន់ស៊ីសហ្ស៊កដានី ក្រោមការកាន់កាប់របស់អីុស្រាអែល ។
យោងតាមប្រភពព័ត៌មានសន្តិសុខអីុស្រាអែលថា កុមារ៤នាក់ដែលស្ថិតក្នុងរថយន្តនេះដែររងរបួសស្រាលដោយសារការវាយប្រហារនេះ ដែលកើតមាននៅចន្លោះតំបន់និគមជនអីុស្រាអែល ITAMAR និង EILON MORE។ កុមារទាំងនេះដែលឪពុកម្តាយរបស់ពួកគេស្លាប់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យមួយ ។ កងកម្លាំងសន្តិសុខអីុស្រាអែលបានឡោមព័ទ្ធតំបន់នោះ ហើយកងទ័ពបានធ្វើប្រតិបត្តិការមួយតាមរកខ្មាន់កាំភ្លើង ។
ឧប្បត្តិហេតុនេះកើតមានប៉ូន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីសុន្ទរកថារបស់នាយករដ្ឋមន្ត្រីអីុស្រាអែល លោក បេនចាមីន នេតាន់យ៉ាហ៊ូ នៅមុខមហាសន្និបាត អ.ស.ប ដោយពេលនោះលោកអះអាងថា អីុស្រាអែលត្រៀមខ្លួនធ្វើឡើងវិញភ្លាមៗនូវការចរចាសន្តិភាពជាមួយពួកប៉ាឡេស្ទីនដោយគ្មានលក្ខខណ្ឌជាមុន ។
ក្រោយការបាញ់ប្រហារនេះ លោកមន្ត្រីអប់រំអីុស្រាអែល លោក NAFTALI BENNETT ថ្លែងថា ពេលវេលានៃការចរចាជាមួយពួកប៉ាឡេស្ទីនបញ្ចប់ហើយ ។ លោកបន្តថា នៅសល់តែពេលវេលាធ្វើសកម្មភាពតបតវិញ។ ប្រជាជនមួយដែលបណ្តាមេដឹកនាំគាំទ្រការសម្លាប់មនុស្សនឹងដាច់ខាតពុំមានរដ្ឋឡើយ ៕
ចែករំលែកព័តមាននេះ