រាជធានីភ្នំពេញ ៖ ការប្រកួតបាល់ទាត់មិត្តហ្វូនខេមបូឌានលីកនៅពហុកីឡដ្ឋានជាតិអូឡាំពិកកាលពីថ្ងៃទី១ តុលា កន្លងមកនេះ ក្រុមបឹងកេតអង្គរអែហ្វស៊ីរក្សាបានលំដាប់ថ្នាក់លេខរៀងទី២ក្នុងតារាងបន្ទាប់ពីលត់ក្រុមមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា(CMAC) ក្នុងលទ្ធផល៣-០ ។
នៅក្នុងតង់ទី១ បើទោះជាក្រុមបឹងកេតអង្គរអែហ្វស៊ីមានឱកាសគ្រប់គ្រងបាល់បានច្រើនជាងមែន ប៉ុន្តែមិនទាន់អាចរកគ្រាប់បាល់ស៊ុតបញ្ចូលទីគូប្រកួតឡើយ លុះចូលដល់តង់ទី២ ទើបក្រុមនេះរកបានរហូតដល់៣គ្រាប់។ កីឡាករឃួន ឡាបូរ៉ាវី រកបាន១គ្រាប់នៅនាទីទី៤៨ ធ្វើឱ្យទម្រង់លេងរបស់ក្រុមបឹងកេតអង្គរអែហ្វស៊ីកាន់តែល្អឡើង ។ បន្ទាប់មកខ្សែប្រយុទ្ធវ័យក្មេង ចាន់ វឌ្ឍនាការ រកបាន១គ្រាប់ទៀតនៅនាទីទី៥៥ ហើយខ្សែការពាររស់ សំអឿន រកបានគ្រាប់់ទី៣ក្នុងម៉ោងបន្ថែម៩០+៣ ។ ទោះបីយ៉ាងណា ក្រុមបឹងកេតអង្គរអែហ្វស៊ីបានត្រឹមរក្សាលំដាប់ថ្នាក់លេខរៀងទី២ក្នុងតារាងប៉ុណ្ណោះ បើទោះជាមាន៤៨ពិន្ទុដូចភ្នំពេញក្រោនក៏ដោយ ដោយសារមានគ្រាប់ចំណេញតិចជាង ។
ដោយឡែកនៅកីឡដ្ឋានស្តាតចាស់ ក្រុមម្ចាស់ផ្ទះក្រសួងការពារជាតិ លេងចាញ់ក្រុមណាហ្គាវើល ២-០ ។ នៅតង់ទី១ ក្រុមទាំង២បញ្ចប់ទៅដោយលទ្ធផល០-០ លុះចូលដល់តង់ទី២ កីឡាករទៀប វឌ្ឍនៈ របស់ក្រុមណាហ្គាវើលបានទាត់បាល់ទម្លុះសំណាញ់ទីក្រុមក្រសួងការពារជាតិបានសម្រេចរហូតដល់ទៅ២គ្រាប់ម្នាក់ឯងនៅនាទីទី៧៩ និង៩០ ។ ការយកឈ្នះលើក្រុមក្រសួងការពារជាតិពេលនេះបានធ្វើឱ្យក្រុមណាហ្គាវើលឡើងមកឈរនៅក្នុងលំដាប់ថ្នាក់លេខរៀងទី៤ក្នុងតារាងដោយមាន៣៥ពិន្ទុ។
មួយប្រកួតទៀតក្នុងថ្ងៃជាមួយគ្នានោះដែរ តែពេលយប់នៅពហុកីឡដ្ឋានជាតិ ក្រុមខេមបូឌានថាយហ្គឺរបានយកឈ្នះលើក្រុមអាស៊ីអឺរ៉ុបយូណាយធីតក្នុងលទ្ធផល២-១ ។ ការយកឈ្នះលើក្រុមអាស៊ីអឺរ៉ុបយូណាយធីតលើកនេះបានធ្វើឱ្យក្រុមខេមបូឌានថាយហ្គឺរឡើងមកឈរនៅលំដាប់ថ្នាក់លេខរៀងទី៥ ជំនួសក្រុមក្រសួងការពារជាតិ ដោយមាន៣២ពិន្ទុ ៕


ចែករំលែកព័តមាននេះ