ពួកតាលីបង់អះអាងកាលពីថ្ងៃទី២ តុលាថា បានបាញ់ធ្លាក់យន្តហោះដឹកជញ្ជូនយោធាអាមេរិក១គ្រឿងធុន C-130 ដែលបើយោងតាមកងទ័ពអាមេរិកថា ធ្លាក់នៅភាគខាងកើតអាហ្វហ្គានីស្ថាន ។
តាម TWITTER អ្នកនាំពាក្យរបស់ពួកតាលីបង់និយាយថា ពួកមូចាហុីឌីនរបស់យើងបានបាញ់ធ្លាក់យន្តហោះម៉ាស៊ីន៤ អាមេរិក១គ្រឿងនៅហ្សាឡាឡាបាដ ។ ទោះបីយ៉ាងណា បេសកកម្មរបស់អូតង់នៅអាហ្វហ្គានីស្ថានសម្រាប់ពេលនេះនៅពុំទាន់ផ្តល់ការពន្យល់លើមូលហេតុនៃការធ្លាក់យន្តហោះនេះនៅឡើយ ។
មុននេះអ្នកទទួលខុសត្រូវខាងការពារប្រទេសម្នាក់របស់អាមេរិកប្រកាសថា ការធ្លាក់យន្តហោះធុន C-130 នោះកាលពីយប់ថ្ងៃទី១ មកទី២ តុលា បណ្តាលឱ្យមនុស្សស្លាប់១១នាក់ ក្នុងនោះមានទាហានអាមេរិក៦នាក់ ។ វរសេនីយ៍ឯកនៃកងទ័ពជើងគោកអាមេរិក លោក BRIAN TRIBUS បញ្ជាក់ថា សមាជិកក្រុមយានិក និងអ្នកដំណើរទាំងអស់ត្រូវស្លាប់ ។ លោករៀបរាប់ពីការស្លាប់ទាហានអាមេរិក៦នាក់ និងជនស៊ីវិលធ្វើការឱ្យកងទ័ព៥នាក់ ។ សេចក្តីរាយការណ៍មុននេះអះអាងពីការស្លាប់មនុស្ស១២នាក់ ក្នុងនោះមានជនស៊ីវិលអាហ្វហ្គានីស្ថាន២នាក់នៅលើដីផង ។
ជនរងគ្រោះជាអ្នកចូលរួមក្នុងបេសកកម្មអូតង់មានឈ្មោះថា «ជួយទ្រទ្រង់ម៉ឺងម៉ាត់» សំដៅផ្តល់ការណែនាំ និងជួយបណ្តុះបណ្តាលកងទ័ពអាហ្វហ្គានីស្ថាន ៕
ចែករំលែកព័តមាននេះ