ការខឹងសម្បាមានកាន់តែខ្លាំងឡើងក្នុងប្រទេសជាច្រើននៅអាហ្វ្រិក និងអាស៊ី ចំពោះភាពយឺតយ៉ាវនៃដំណើរការកំណត់អត្តសញ្ញាណបណ្តាអ្នកធ្វើធម្មយាត្រាដែលស្លាប់ និងអ្នកធ្វើធម្មយាត្រាជាច្រើនរយនាក់ទៀតដែលបាត់ខ្លួនក្រោយការជាន់គ្នាស្លាប់យ៉ាងរង្គាលកាលពីមួយសប្តាហ៍មុននៅអារ៉ាប៊ី សាអ៊ូឌីត ។
តុល្យការផ្លូវការរបស់អារ៉ាប៊ី សាអ៊ូឌីតពីការជាន់គ្នានោះប្រកាសកាលពីថ្ងៃទី២៦ កញ្ញា អ្នកស្លាប់មាន៧៦៩នាក់ និងរបួស៩៣៤នាក់ ។ ក៏ប៉ុន្តែរដ្ឋាភិបាលរបស់ប្រទេសជាង២០ បានប្រកាសពីតួលេខដែលបន្ថែមចំនួនអ្នកស្លាប់ឡើងដល់៩៩០នាក់ ដោយពុំទាន់និយាយពីអ្នកធ្វើធម្មយាត្រាជាង៦០០នាក់ដែលរដ្ឋាភិបាលទាំងនោះចាត់ទុកថា បាត់ខ្លួនចាប់តាំងពីសោកនាដកម្មថ្ងៃទី២៤ កញ្ញា ហើយចំនួនអ្នកបាត់ខ្លួនអារ៉ាប៊ី សាអ៊ូឌីត លាក់មិនព្រមនិយាយឡើយ ។
ប្រទេសអុីរ៉ង់មានជនរងគ្រោះច្រើនជាងគេបំផុតដោយរៀបរាប់កាលពីថ្ងៃទី១ តុលា ពី តួលេខជនជាតិអីុរ៉ង់ស្លាប់ក្នុងការជាន់គ្នានោះថា មានដល់៤៦៤នាក់ទល់នឹងតុល្យការលើកមុនថា មានត្រឹម២៣៩នាក់ ហើយអស់សង្ឃឹមលើការរកឃើញអ្នកបាត់ខ្លួន១៦នាក់ទៀត ។
ក្រោយសោកនាដកម្មនេះមានការបន្តឹងសំឡេងដាក់គ្នារវាងអីុរ៉ង់ស៊ីអីុត និងអារ៉ាប៊ី សាអ៊ូឌីត ស៊ុននីត ដោយអីុរ៉ង់រិះគន់ពីការខ្វះសមត្ថភាពរបស់អារ៉ាប៊ី សាអ៊ូឌីត ក្នុងការរៀបចំបុណ្យហាជិ ហើយរារាំងដល់ការបញ្ជូនសពជនរងគ្រោះមកប្រទេសពួកគេវិញ ៕
ចែករំលែកព័តមាននេះ