រាជធានីភ្នំពេញ ៖ ខណៈដែលកីឡាករឃីម ឌីម៉ា ជាបងត្រូវប្រកួតអន្តរជាតិជាមួយកីឡាករថៃនៅព្រឹកថ្ងៃសៅរ៍នេះ កីឡាករឃីម បូរ៉ា ជាប្អូនក៏នឹងត្រូវឡើងប្រកួតជាមួយកីឡាករថៃនៅក្នុងព្រឹត្តិការណ៍ «កំពូលអ្នកប្រដាល់ស្រាបៀរប្លេកខេត» នៅវេលាយប់ថ្ងៃអាទិត្យ ទី៤ តុលា ស្អែកដែរ ។ កីឡាករផាន់ គ្រាន់ ក៏ត្រូវគេឱ្យប៉ះកីឡាករថៃដែលជាគូបដិបក្ខរបស់ ឃីម ឌីម៉ា នៅក្នុងព្រឹត្តិការណ៍នេះផងដែរបន្ទាប់ពីប្ដូរឲ្យ ឃីម ឌីម៉ា ប៉ះកីឡាករថៃផ្សេងជាជំនួស ព្រោះតែហេតុផលបច្ចេកទេស ។
ឃីម បូរ៉ា មកពីក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យ ដែលអ្នកណាក៏ស្គាល់ថាជាប្អូនបង្កើតរបស់ ឃីម ឌីម៉ា ត្រូវគេឲ្យប្រកួតជាមួយកីឡាករថៃឈ្មោះ ផា រ៉ាវី ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។ ជំនួបរបស់ពួកគេគឺជាការប៉ះគ្នាលើកដំបូង ប៉ុន្តែកីឡាករថៃមានការបញ្ជាក់ថាគឺជាកីឡាករវ័យក្មេងម្នាក់ដែលមានកម្រិតវាយលុកខ្លាំងក្លា ។ បើទោះជាក្នុងបញ្ជីកីឡាករជួរមុខរបស់ប្រទេសថៃមិនមានឈ្មោះកីឡាករ ផា រ៉ាវី ក៏មានគេកោតសរសើរច្រើនថា កីឡាកររូបនេះមានថ្វីដៃល្អដែរ ។ លោក ថៃ អ៊ូ អ្នកដឹកនាំកីឡាករថៃឲ្យមកប្រកួតនៅសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ គឺជាអ្នកដែលបានចេញមុខប្រកាសថា គូប្រកួតរបស់ ឃីម បូរ៉ា យប់ស្អែកជាកីឡាករមិនធម្មតាម្នាក់ ។ លោកអះអាងថា នៅក្នុងប្រទេសថៃជើងខ្លាំងវ័យក្មេងរូបនេះចេញប្រកួតឡើងស៊ាំសង្វៀនអស់ទៅហើយ ដោយកីឡាករជើងចាស់ក៏មិនតិចរូបដែរដែលបានបរាជ័យក្រោមកណ្ដាប់ដៃរបស់គេ ។ ជាមួយនឹងការអួតថាខ្លាំងកែង ម៉ាត់ និងទាត់ លោកហាក់មានជំនឿថា ការប្រកួតនៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍នៅក្នុងព្រឹត្តិការណ៍ «កំពូលអ្នកប្រដាល់ស្រាបៀរប្លេកខេត» ដែលនឹងចាប់ផ្ដើមនៅម៉ោង៨យប់ស្អែក កីឡាករកម្ពុជានឹងយ៉ាប់សម្រាប់ការក្ដោបក្ដាប់ជ័យជម្នះ ។ លោកថ្លែងដោយមានជំនឿចិត្តថា ៖ «អារ៉ាវីហ្នឹងអត់មានខ្សែក្រវាត់អីទេ ប៉ុន្តែចាំមើលវាវ៉ៃបានដឹង ស្រួលមិនស្រួលឃីម បូរ៉ា ទប់មិនជាប់ទេ បើតាមខ្ញុំកត់សម្គាល់ថ្វីដៃ២នាក់ហ្នឹង!»។ លោកអះអាងបែបនេះគឺបន្ទាប់ពីកត់សម្គាល់ឃើញកីឡាកររបស់ខ្លួនជាជើងខ្លាំងកំពុងស្ទុះឡើងកូដ ហើយកីឡាករខាងកម្ពុជាហាក់មានភាពញញើតញញើមនៅឡើយ គ្រប់ពេលឡើងប៉ះប្រកួតជាមួយកីឡាករដែលហ៊ានជាងខ្លួន ។ លោកថា ឃីម បូរ៉ា មានសមត្ថភាពខ្ពស់ និងពោរពេញដោយថាមពលក្នុងការវាយប្រហារទៅលើគូប្រកួត ប៉ុន្តែគេមានចំណុចខ្សោយត្រង់ចាំត្រងស្នៀតរបស់គូប្រកួតច្រើនជាង ខណៈដែលការវាយបក និងវាយទប់ក្លាយជាទម្លាប់ដែលមិនសូវឲ្យចូលចិត្តវាយសន្ធាប់មុន ។ យ៉ាងណាក៏ដោយ លោកថា ឃីម បូរ៉ា អាចនឹងឈ្នះដោយស្រួលក៏ថាបាន បើការប្រកួតជាក់ស្ដែងស្រាប់តែកីឡាកររបស់ខ្លួនក្លាយជាអ្នកចាញ់ច្រាប ហើយកីឡាករកម្ពុជាបែរជាប្ដូរយុទ្ធសាស្ត្រឈប់ចាំទប់តែម្យ៉ាង ដោយការវាយសម្រុកនាំមុខវិញ ។ មានការព្យាករថា ឃីម បូរ៉ា មិនអាចប្រើទម្លាប់ចាស់ដែលធ្លាប់ធ្វើឲ្យគេបាក់មុខកាលមុនទៀតទេ ដោយសារតែតិចនិកចាំឆ្មក់ ឬការវាយបកតែម្យ៉ាង បានធ្វើឲ្យគេរបូតខ្សែក្រវាត់អស់២ទៅហើយនៅក្នុងការប្រកួតដណ្ដើមជើងឯកកន្លងមក ។ អ្នកគាំទ្រសុទ្ធតែទទួលស្គាល់ពីចំណុចខ្លាំងរបស់កីឡាកររូបនេះ ប៉ុន្តែក៏បានសម្ដែងការខកចិត្តដែលគេខ្វះភាពក្លាហាន និងមិនសូវចេញស្នៀតឲ្យបានមុនគូប្រកួតគ្រប់ពេលឡើងរេញ ដោយក្នុងនោះទម្លាប់វាយថយក៏ជាចំណុចខ្សោយមួយដែរ។ ការប៉ះប្រកួតលើកនេះ ឃីម បូរ៉ា មិនអាចចាញ់បានទេ ដើម្បីការពារមុខមាត់ដែលបានបាក់ស្រុត បន្ទាប់ពីត្រូវរបូតខ្សែក្រវាត់អស់២បន្តបន្ទាប់គ្នាក្នុងការប្រកួតដណ្ដើមជើងឯករបស់ស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ ។ អ្នកគាំទ្រដូចគ្នាបានលើកឡើងថា បើកីឡាករកម្ពុជារូបនេះវាយសន្ធាប់ដោយកណ្ដាប់ដៃ និងកែងនោះមិនងាយមានអ្នកណាទប់ជាប់នោះទេ បើទោះជាគេរាងអន់ជើងក្រោមបន្តិចក្ដី ។ ម្យ៉ាងទៀត ឃីម បូរ៉ា ត្រូវការទីផ្សារឡើងរេញអន្តរជាតិឲ្យបានញឹកញាប់នោះផង ទើបគេជឿជាក់ថា ចំពោះការប្រកួតនៅលើសង្វៀនប្លេកខេតនៅយប់ស្អែក គឺដាច់ខាតគេត្រូវតែប្រឹងឲ្យឈ្នះ ដើម្បីកុំឲ្យអ្នកគាំទ្រខកចិត្ត ។ អ្នកគាំទ្រភាគច្រើនត្រូវគេមើលឃើញថាចាប់អារម្មណ៍គូនេះ ដោយសារតែចង់ដឹងថា តើកីឡាករខាងកម្ពុជានឹងចេះកែប្រែចំណុចខ្វះខាតរបស់ខ្លួនធ្លាប់មាននៅក្នុងការប្រកួតជាមួយកីឡាករផា រ៉ាវី ឬក៏អត់ ។ បើនៅតែដដែល ហើយភ្លាត់ឲ្យចាញ់កីឡាករថៃនៅយប់ស្អែក គឺពិតជាត្រូវថ្នោងមហាជនដោយមិនសំចៃមាត់ជាក់ជាមិនខានឡើយ ។
កីឡាករថៃ ផា រ៉ាវី ធ្លាប់ប្រកួតបាន៥៥ដង ឈ្នះ៤៩ដង និងចាញ់៦ដង ដោយឡែកកីឡាករឃីម បូរ៉ា ធ្លាប់ប្រកួតបាន៧៦ដង ឈ្នះ៦៤ដង ចាញ់១១ដង និងស្មើម្ដង ។ គ្រូបង្វឹករបស់កីឡាកររូបនេះ គឺលោក ហេង ប៊ុនឃីម ដែលជាអតីតកីឡាករប្រដាល់ដ៏ឆ្នើមនៅក្នុងពិភពប្រដាល់ ។
មួយគូប្រកួតអន្តរជាតិទៀត កីឡាករផាន់ គ្រាន់ មកពីក្លិបគជសារកីឡា នឹងឡើងប្រកួតជាមួយកីឡាករថៃឈ្មោះឈាង ក្រៃ ក្រោយពីមានការដោះដូរជាបន្ទាន់កើតឡើង ។ ជាការពិតកីឡាករឈាង ក្រៃ ត្រូវឡើងប្រកួតជាមួយកីឡាករឃីម ឌីម៉ា នៅព្រឹកថ្ងៃសៅរ៍នេះទេ ប៉ុន្តែដោយសារតែមានបញ្ហាមួយចំនួនទើបធ្វើឲ្យមានការផ្លាស់ប្ដូរភ្លាមៗ ដើម្បីកុំឲ្យព្រឹត្តិការណ៍របស់ស្រាបៀរប្លេកខេតមិនអាចដំណើរការបានរលូន ។ មានការបញ្ជាក់ថា កីឡាករថៃដែលត្រូវឡើងប្រកួតជាមួយកីឡាករផាន់ គ្រាន់ មានទម្ងន់ជាក់ស្ដែងខុសគ្នាដាច់ឆ្ងាយនឹងគេខ្លាំងពេក ទើបបង្វែរឲ្យទៅប្រកួតជាមួយឃីម ឌីម៉ា នៅព្រឹកនេះវិញ ហើយប្ដូរគូប្រកួតរបស់ ឃីម ឌីម៉ា ឲ្យមកប្រកួតជាមួយ ផាន់ គ្រាន់ ដោយសារតែទម្ងន់ជាក់ស្ដែងរបស់ពួកគេទាំងពីរប្រហាក់ប្រហែលគ្នា ។ ការដោះដូរនេះធ្វើឲ្យគេមើលឃើញភ្លាមថាកីឡាករផាន់ គ្រាន់ ពិតជាពិបាកស៊ីគូប្រកួត ដោយសារតែកីឡាករឈាង ក្រៃកាលប្រកួតលើកទី១ គេចាញ់កីឡាករឯម វិចិត្រ ដោយសារ ឯម វិចិត្រ ស៊ីឡាក់ និងការប្រកួតលើកទី២ គឺគេបានឈ្នះប្រៀបទៅលើ
ឃីម ឌីម៉ា ប៉ុន្តែត្រូវបានគណៈកម្មការឲ្យស្មើដើម្បីកុំឲ្យ ឃីម ឌីម៉ា ជាម្ចាស់ផ្ទះបាក់មុខ។ យ៉ាងណាក៏ដោយ កីឡាករផាន់ គ្រាន់ នៅតែមានអ្នកជឿថាឈ្នះកីឡាករថៃក្នុងសន្ទស្សន៍ច្រើនជាងកីឡាករថៃរូបនេះប៉ះជាមួយឃីម ឌីម៉ា ។ នោះគឺដោយសារតែកីឡាករផាន់ គ្រាន់ ច្បាស់ស្នៀតជាង ឃីម ឌីម៉ា ហើយបើនិយាយពីកម្លាំងក៏នៅម៉ឺងមិនទាន់ធ្លាក់ដៃដូចឃីម ឌីម៉ា នោះដែរ។ កីឡាករឈាង ក្រៃ ធ្លាប់ប្រកួតបាន៧៩ដង ឈ្នះ៥៩ដង ចាញ់១៨ដង និងស្មើ២ដង ចំណែកកីឡាករផាន់ គ្រាន់ ធ្លាប់ប្រកួតបាន៧០ដង ឈ្នះ៥៩ដង ចាញ់១០ដង និងស្មើ១ដង ។
នៅថ្ងៃអាទិត្យនេះដែរ ក៏មានការប្រកួតនៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ចំនួន២ព្រឹត្តិការណ៍ផ្សេងទៀតផងដែរ ដោយការប្រកួតពេលព្រឹកចាប់ពីម៉ោង៨ និងពេលរសៀលចាប់ពីម៉ោង២ ។ នៅប៉ុស្ដិ៍លេខ៥ឯណោះវិញ ក៏មានការប្រកួតជម្រុះគួរឲ្យជក់ចិត្តផងដែរ ដោយកីឡាករ៤នាក់ក្នុងចំណោម១៦នាក់ នឹងត្រូវប្រកួតគ្នាជម្រុះ៨នាក់ចោលដើម្បីទុកតែ៨នាក់ឡើងទៅវគ្គបន្ត ។ នេះជាព្រឹត្តិការណ៍ដែលនឹងធ្វើឡើងចាប់ពីម៉ោង៥ល្ងាចស្អែកតទៅនៅសង្វៀនទូរទស្សន៍ប៉ុស្ដិ៍លេខ៥ ជ្រោយចង្វា ៕


ចែករំលែកព័តមាននេះ