យោងតាមអាជ្ញាធរមូលដ្ឋានដកស្រង់សម្តីដោយបណ្តាសារព័ត៌មានអាមេរិកថា មនុស្សរហូតដល់១០ទៅ១៣នាក់ស្លាប់ និងជាង២០នាក់រងរបួស កាលពីថ្ងៃទី១ តុលា ដោយសារការបាញ់ប្រហារមួយនៅក្នុងសាកលវិទ្យាល័យមួយកន្លែងនៃរដ្ឋអូរីហ្គោន សហរដ្ឋអាមេរិក ។ ប៉ូលិសរាយការណ៍ពីការស្លាប់របស់ខ្មាន់កាំភ្លើងពេលបាញ់តតាំងជាមួយប៉ូលិស ។
ប្រមុខប៉ូលិសមូលដ្ឋាន លោក JOHN HANLIN ក្នុងសន្និសីទសារព័ត៌មានមួយថ្លែងថា ខ្មាន់កាំភ្លើងបានស្លាប់ហើយ ។ លោកបញ្ជាក់ថា ពេលលើកមកដល់បរិវេណសាកលវិទ្យាល័យ ប៉ូលិសបានតាមដានជនសង្ស័យ ហើយមានការបាញ់តគ្នា ។
អភិបាលរដ្ឋនៅភាគពាយ័ព្យសហរដ្ឋអាមេរិកនេះ លោកស្រី KATE BROWN ក្នុងសន្និសីទសារព័ត៌មានមួយទៀតអះអាងថា ឃាតករជាយុវជនម្នាក់មានអាយុ២០ឆ្នាំ ។ លោកស្រីអះអាងថា មានមនុស្សស្លាប់ និងរបួសច្រើននាក់ តែ ពុំបញ្ជាក់ពីចំនួនឡើយ ។
លោក JOHN HANLIN រៀបរាប់ថា ខ្មាន់កាំភ្លើងបានបាញ់ប្រហារឆ្លងពីបន្ទប់រៀនមួយចូលបន្ទប់រៀនមួយទៀតនៃសាកលវិទ្យាល័យ UMPQUA ។ សាកលវិទ្យាល័យនេះស្ថិតនៅតំបន់ជនបទមួយដែលរស់ជាពិសេសដោយសារការធ្វើអាជីវកម្មឈើ ។ យើងនៅពុំទាន់មានតុល្យការច្បាស់លាស់នៅឡើយ ហើយខ្ញុំជឿថា អ្នកស្លាប់មានយ៉ាងតិច១០នាក់ និង២០នាក់របួសធ្ងន់ ។
សាកលវិទ្យាល័យនេះមាននិស្សិតប្រមាណជា៣.០០០នាក់ ហើយក្រោយការបាញ់ប្រហារពួកគេត្រូវបានជម្លៀសចេញ រួចបរិវេណសាកលវិទ្យាល័យត្រូវប៉ូលិសឡោមព័ទ្ធ។
ឪពុកម្តាយនិស្សិតដែលមានការបារម្ភបានលើកគ្នាមកកាន់សាកលវិទ្យាល័យតាំងពីលេចពាក្យចចាមអារ៉ាមដំបូងពីការបាញ់សម្លាប់នេះមកម្ល៉េះ ។
អ្នកទទួលខុសត្រូវម្នាក់នៃក្រុមជួយសង្គ្រោះ ក្រុង DOUGLAS លោក RAY SHOUFLER គូសបញ្ជាក់ថា អ្នករបួស១១នាក់ ដែលដឹកចេញ២នាក់បានស្លាប់នៅតាមផ្លូវទៅមន្ទីរពេទ្យ ។
ប៉ូលិសបានឆែកឆេរពួកនិស្សិតពេលចេញពីសាកលវិទ្យាល័យតាមរកជនសង្ស័យរួមគំនិត និងរកអាវុធ ហើយបន្ទាប់មកដឹកពួកគេចេញតាមរថយន្តបឺស ។
ប៉ុន្មានម៉ោងក្រោយសោកនាដកម្មនេះ ប្រធានាធិបតីអាមេរិក លោកបារ៉ាក់ អូបាម៉ា ស្នើជាថ្មីម្តងទៀតឱ្យមានការត្រួតពិនិត្យអាវុធឱ្យបានហ្មត់ចត់ ។ ក្នុងបទអន្តរាគមន៍យ៉ាងវែងមួយ ដែលលោកពុំលាក់ពីកំហឹង លោកអូបាម៉ា បានបន្ទោសដល់ការគ្មានសកម្មភាពខាងនយោបាយ របស់បណ្តាសមាជិកសភានៃគណបក្សសាធារណរដ្ឋ ដែលមានសំឡេងភាគច្រើន ហើយប្រឆាំងលើរឿងរឹតត្បិតការប្រើប្រាស់អាវុធ ។ លោកបរិហារថា តើការបាញ់ប្រហារទាំងនេះជាការជ្រើសរើសខាងនយោបាយមួយឬ? ក្នុងទឹកមុខមាំ លោកអូបាម៉ា បរិហារថា រឿងបែបទាំងនេះក្លាយទៅជារឿងធម្មតាមួយ ហើយលោករំលឹកថា សហរដ្ឋអាមេរិកជាប្រទេសរីកចម្រើនមួយ ដែលព្រឹត្តិការណ៍បែបនេះបែរជាកើតមានញឹកញាប់បំផុត ៕


ចែករំលែកព័តមាននេះ