ខេត្តកោះកុង ៖ កាលពីវេលាម៉ោង១ និង៣០នាទីរសៀលថ្ងៃទី៣០ កញ្ញា ២០១៥ មានរថយន្តថៃមួយគ្រឿង ដឹកម៉ូតូស៊េរីថ្មីៗឆ្នាំ២០១៥ ចម្រុះដូចជាម៉ាក PCX, MSX, Clike, Zoomer x និង Scopy ចូលតាមច្រកទ្វារអន្តរជាតិចាំយាម ។
តាមសមត្ថកិច្ចច្រកទ្វារបញ្ជាក់ថា អត្រានៃការនាំម៉ូតូចូល គឺមានចំនួនច្រើនសន្ធឹកសន្ធាប់ណាស់ ហើយតាមការកត់សម្គាល់ជាក់ស្តែង គឺក្នុងអំឡុងពេលតែ១០ថ្ងៃ មានចំនួនម៉ូតូនាំចូលរាប់រយគ្រឿងទៅហើយ ។ ជាក់ស្តែងថ្ងៃទី១៩ កញ្ញា ២០១៥ ម៉ូតូនាំចូល២រថយន្តចំនួន៧៤គ្រឿង ថ្ងៃទី២២ កញ្ញា ២០១៥ ១រថយន្តមានចំនួន៣៣គ្រឿង ថ្ងៃទី២៤ កញ្ញា ២០១៥ ២រថយន្តមានចំនួនប្រមាណ៨០គ្រឿង ថ្ងៃទី២៨ កញ្ញា ២០១៥ ១រថយន្តប្រមាណ៤០គ្រឿង ហើយនៅថ្ងៃទី៣០ កញ្ញា ២០១៥ នាំចូល១រថយន្តជាង៣០គ្រឿង ។
ប្រភពពីមន្ត្រីគយច្រកទ្វារធ្លាប់បានប្រាប់កោះសន្តិភាពតាមទូរស័ព្ទថា ម៉ូតូទាំងនេះត្រូវបាននាំចូលមកបង់ពន្ធ១០០% តែបានបដិសេធមិនព្រមបញ្ជាក់ពីចំនួនពិតប្រាកដឱ្យកាសែតដឹងឡើយ ។
បរិមាណនាំចូលខាងលើនេះ ជាដំណឹងក្រៅផ្លូវការប៉ុណ្ណោះ ព្រោះមន្ត្រីគយច្រកទ្វារនិយាយថា ឃើញប៉ុន្មានដាក់ប៉ុណ្ណឹងទៅ កុំចង់ដឹងពេក ។ ចំពោះម៉ូតូថ្មីៗ ដែលនាំចូលតាមផ្លូវទឹកវិញ ក៏មានចំនួនច្រើនដែរ លើកពីទូកដាក់លើរថយន្តដោយរលូន ។ ឃើញប៉ូលិសសេដ្ឋកិច្ចអត់ស្ងាត់ៗដែរព្រោះគេថា ក្រុមហ៊ុនតែមួយទេ… សុទ្ធតែស្គាល់… សុទ្ធតែគ្នាឯង ។





ចែករំលែកព័តមាននេះ