ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំណុចខ្លាំង ចំណុចខ្សោយ និង​បញ្ហា​ប្រឈម​នៃ​វិស័យ​ទេសចរណ៍​កម្ពុជា​ដែល​ត្រូវ​ដោះស្រាយ

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សក្តានុពល​នៃ​វិស័យ​ទេសចរណ៍​ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា​ចាត់ទុកជា​វិស័យ​អាទិភាព ដោយសារ​តែ​វិស័យ​នេះ មិន​ត្រឹមតែ​បង្កើត​នូវ​កាលានុវត្តភាព​ការងារ លើកកម្ពស់​កម្រិតជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ និង​បង្កើន​ចំណូល​ជាតិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ថែម​ទាំង​ទាក់ទាញ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស និង​រូបិយប័ណ្ណ​អន្តរជាតិ ដែល​ជា​កត្តា​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម និង​កាត់​បន្ថយ​ភាព​ក្រីក្រ ។ ក្នុង​នោះ​ដែរ ប្រមុខ​រាជរដ្ឋាភិបាល​ក៏​បាន​ជំរុញ​ឲ្យ​វិស័យ​ឯកជន ដៃគូ​អភិវឌ្ឍន៍ ស្ថាប័នរដ្ឋ អង្គការ​មិនមែន​រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​ឲ្យ​យល់​ច្បាស់​អំពី​តួនាទី និង​អត្ថប្រយោជន៍​នៃ​វិស័យ​ទេសចរណ៍​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គមកិច្ច ដោយ​អះអាង​ថា វិស័យ​នេះ​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​អភិរក្ស​សម្បត្តិ​វប្បធម៌ ការ​ការពារ​បរិស្ថាន និង​ធនធានធម្មជាតិ ។

លោក ហូ វ​ណ្ឌី អតីត​ប្រធាន​ក្រុមការងារ​ទេសចរណ៍​ផ្នែក​ឯកជន ដែល​ទើបតែ​បញ្ចប់​អាណត្តិ​របស់​ខ្លួន​កាលពី​ពេល​ថ្មី​ៗ​នេះ បាន​ប្រគល់​របាយការណ៍​បូក​សរុប​សមិទ្ធផល​ក្រុមការងារ​ទេសចរណ៍​ផ្នែក​ឯកជន ឆ្នាំ​២០០៤​ដល់​២០១៥​ដល់​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ។ ក្នុង​នោះ​លោក​បាន​ផ្តល់​នូវ​បទ​សម្ភាសន៍​ដាច់​ដោយឡែក​មួយ ជាមួយ​អ្នក​យក​ព័ត៌មាន​ផ្នែក​សេដ្ឋកិច្ច​(Kb)​របស់​កោះសន្តិភាព អំពី​សមិទ្ធផល​របស់​វិស័យ​ឯកជន​ក្នុង​ការ​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍ ជាមួយ​រាជរដ្ឋាភិបាល ព្រមទាំង​បញ្ហា និង​ភាព​ប្រឈម​ក្នុង​វិស័យ​នេះ ។

តើ​អ្វី​ជា​សមិទ្ធផល​ដែល​លោក​សម្រេច​បានជា​មួយ​ក្រុមការងារ​ក្នុង​រយៈពេល​ដែល​លោក​ធ្វើ​ជា​សហ​ប្រធាន​ក្រុមការងារ​ទេសចរណ៍​ផ្នែក​ឯកជន ?

ទី​១​គឺ​ស្នើ​សុំ​ឲ្យ​បង្កើត​ប៉ូលិស​ទេសចរណ៍​ក្នុង​ឆ្នាំ​១៩៩៦ ហើយ​ចេញ​ប្រតិបត្តិការ​ប៉ូលិស ទេសចរណ៍​ក្នុង​ឆ្នាំ​២០០៣ និង​ទី​២​ក្នុង​២០០៥ និង​២០០៦ មាន​ទប់ស្កាត់​ការ​ដំឡើង​ថ្លៃ​ប័ណ្ណ​ចូល​ទស្សនា​តំបន់​អង្គរ ខណៈ​ពេល​មាន​ជំងឺ​ផ្សេង​ៗ​កើត​លើ​ពិភពលោក​ដែល​ប៉ះពាល់​ដល់​ទេសចរណ៍ ។ ទី​៣​គឺ មានការ​ទប់ស្កាត់​កុំ​ឲ្យ​ដាក់​លក់​ស្បែកជើង​ធ្វើ​ពី​ជ័រ លក់​ជូន​ភ្ញៀវ​ទេសចរ​តម្លៃ​៥,៦៧​ដុល្លារ​ក្នុង​១​គូ​។ មួយទៀត យើង​បាន​ស្នើ​សុំ​ឲ្យ​សាលាក្រុង​មានការ​អភិវឌ្ឍ​បរិវេណ និង​ជុំវិញ​វត្ត​ភ្នំ ឲ្យ​កែប្រែ​មុខមាត់​ថ្មី ព្រម ទាំង​មានការ​កែទម្រង់​ឲ្យ​មាន​សួន ដូច​មានការ​កើតឡើង​នូវ​ស្ពាន​នាគ និង​សួនច្បារ​ក្រម​ង៉ុ​យ​។ ទន្ទឹម​នឹង​នេះ យើង​ក៏​បាន​ស្នើ​សុំ​ឲ្យ​មាន​ជំនឿ និង​ព​ន្លឿ​ន​ការ​ធ្វើ​ផ្លូវ​ក្រុង​ប៉ោយ​ប៉ែ​ត​ដល់​ក្រុង​អង្គរ ហើយ​ក៏​បាន​ស្នើ​សុំ​ឲ្យ​មានការ​ហោះហើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ផ្សេង​ៗ​ចូល​ទីក្រុង​អង្គរ​ដែល​មាន​តែ​ក្រុមហ៊ុន​មួយ​ផ្តាច់មុខ តែ​ឥឡូវ​មាន​ក្រុមហ៊ុន​៣​ហោះហើរ​ពី​បាងកក​មក​តំបន់​អង្គរ ។ នៅ​ឆ្នាំ​២០០៩ និង​២០១០ ផ្នែក​ឯកជន​បាន​ស្នើ​សុំ និង​ព​ន្លឿ​ន​អាកាសយានដ្ឋាន​នៅ​ក្រុង​ព្រះ​ស៊ី​ហ​នុ ដើម្បី​ទទួល​ការ​ចុះ​ចត​របស់​ក្រុមហ៊ុន​អាកាសចរណ៍ ។ ពាក់ព័ន្ធ​នឹង​ផ្លូវច្បាប់ និង​គោលនយោបាយ​វិញ ចាប់តាំងពី​២០០៦​ដល់​២០១០ នៅ​ពេល​ដែល​ច្បាប់​ទេសចរណ៍ ចេញ យើង​បាន​ចូលរួម​ពិគ្រោះ​យោបល់​ទាំង​មេធាវី​ស្ម័គ្រចិត្ត និង​ទីប្រឹក្សា​ស្ម័គ្រចិត្ត​ជាដើម​។ ទន្ទឹម​នឹង​នេះ​ទៀត យើង​បាន​តស៊ូ​មតិ​ក្នុង​វេទិកា​ទេសចរណ៍​អាស៊ាន​ឲ្យ​មានការ​ផ្សព្វផ្សាយ​ទេសចរណ៍​អាស៊ាន​មួយ​ទៅ​លើ​ពិភពលោក និង​បាន​ស្នើ​ផ្សាយ​តំបន់​ទេសចរណ៍​អាស៊ាន​ក្នុង​ទូរទស្សន៍ Chanel News Asia របស់​សិង្ហ​បុរី​ជា​ភាសា​អង់គ្លេស​ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ផ្លូវ​ឆ្ងាយ​មក​ប្រទេស​នៅ​បណ្តា​អាស៊ាន ។ មួយទៀត​គឺ​ស្នើ​ឲ្យ​មានការ​ដាក់​កាមេរ៉ា​សុវត្ថិភាព​នៅ​តាម​ផ្លួ​វ​សាធារណៈ និង​ទីប្រជុំជន​ជាមួយនឹង​ផ្លូវ​ថ្មើរជើង និង​ផ្លូវ​ឯកទិស ព្រមទាំង​សមិទ្ធផល​ជា​ច្រើន​ទៀត ។

តើ​អ្វី​ជា​ចំណុចខ្លាំង និង​ចំណុចខ្សោយ​នៃ​វិស័យ​ទេសចរណ៍​នៅ​ប្រទេស​កម្ពុជា ?

ចំណុចខ្លាំង​នា​ពេល​បច្ចុប្បន្ន​គឺ​នៅ​ពេល​ដែល​ច្បាប់​បាន​បង្កើត​ឡើង ប្រទេស​កម្ពុជា​បាន​ចូល ជា​ធរមាន​ជា​សមាជិក​ទេសចរណ៍​អន្តរជាតិ អង្គការ​ពាណិជ្ជកម្ម​អន្តរជាតិ និង​អាស៊ាន ដែល​ធ្វើ​ឲ្យ​ពិភពលោក​សម្លឹង​មើល​កម្ពុជា​មាន​លំនឹង អាច​វិនិយោគ និង​ទុកចិត្ត​នៅ​ពេល​មក​វិនិយោគ​។ មួយទៀត នៅ​ពេល​ដែល​ច្បាប់​ផ្សេង​ៗ​បាន​អនុម័ត​ហើយ ផ្នែក​ឯកជន​ក៏​ចាប់ផ្តើម​វិនិយោគ លើ​វិស័យ​ទេសចរណ៍ ជា​ពិសេស​លើ​សណ្ឋាគារ​គ្រប់​លំដាប់ថ្នាក់​រហូត​ដល់​ផ្កាយ​ប្រាំពីរ និង​ភោជនីយដ្ឋាន​គ្រប់​កម្រិត​ផង​ដែរ ។ ចំណែក​ចំណុចខ្សោយ​នា​ពេល​បច្ចុប្បន្ន ត្រង់​នៅ​ពេល​ដែល​បើកចំហ​ទីផ្សារ​ខ្លាំង គឺ​យើង​ខ្វះ​ធនធាន​ដែល​នាំ​ឲ្យ​មានការ​ជ្រើសរើស​និស្សិត​ដែល​ខុស ជំនាញ និង​មាន​ដណ្តើម​ធនធានមនុស្ស​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ឧស្សាហកម្ម​ខ្លួនឯង ។ មួយទៀត គឺ​ការ​អនុវត្ត​ច្បាប់​មិន​មាន​ភាព​តឹងតែង ជា​ពិសេស​អ្នក​ទទួលទាន​ក្នុង​វិស័យ​ទេសចរណ៍​នៅ​មិន​ទាន់​មានច្បាប់​ទាំង​សណ្ឋាគារ ក្លិប​កម្សាន្ដ ផ្ទះសំណាក់ និង​ភោជនីយដ្ឋាន​ជាដើម ។ ទន្ទឹម​នឹង​នេះ ការ​ផ្តល់​សេវាកម្ម​ផ្នែក​ដឹក​ជញ្ជូន ក៏​ដូច​ជា​ការ​ផ្តល់​ផាសុកភាព​ពី​វិស័យ​សាធារណៈ មិន​ទាន់​គ្រប់គ្រាន់​នៅឡើយ ពិសេស​ចរាចរណ៍​លើ​តាម​ដងផ្លូវ​ដែល​មិន​គោរព​ច្បាប់ និង​គំនូស​ព្រួញ ព្រមទាំង​ផ្លូវ​ថ្មើរជើង​អ្នកទេសចរ ។

តើ​អ្វី​នៅ​ជា​ភាព​ប្រឈម​ក្នុង​វិស័យ​ទេសចរណ៍​ដែល​ចាំបាច់​ក្នុង​ការ​ដោះស្រាយ ?

ជា​ពិសេស​គឺ​រឿង​ចរាចរណ៍​នេះ ។ មូលហេតុ​ដែល​ចាំបាច់​ដោះស្រាយ​គឺ ប៉ុន្មាន​ខែ​ទៀត​គឺ សមាហរណកម្ម​អាស៊ាន​ចូល​ហើយ បើសិនជា​យើង​មិន​ពង្រឹង​ចរាចរណ៍​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ពេល​នោះ​មាន​គ្រោះថ្នាក់​ច្រើន មានរឿង​ច្រើន​ត្រូវ​ដោះស្រាយ សួរ​ថា នរណា​ជា​អ្នក​ទទួលខុសត្រូវ0x017d7 ទី​ពីរ ចង់​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ ពិសេស​ក្រសួង​ពាក់ព័ន្ធ​ធ្វើការ ជាមួយនឹង​អាជ្ញាធរ​ដែនដី ដើម្បី​ផ្សព្វផ្សាយ​គោលនយោបាយ​ជាមួយនឹង​ការ​តុបតែង​ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ និង​បង្កើត​ស្លាក​សញ្ញា​ផ្សេង​ៗ​ដើម្បី​ផ្តល់​ជា​ព័ត៌មាន ។ នៅ​ពេល​ដែល​ផ្តល់​នូវ​ព័ត៌មាន​ទៅ​ឲ្យ​ភ្ញៀវ​ទេសចរ​ក្នុងស្រុក និង​ក្រៅ​ស្រុក​ក្តី គឺជា​ការ​ទាញ​យក​លុយ​ពី​ភ្ញៀវ​ទេសចរ​។ បើសិន ជា​យើង​មិន​បាន​ផ្តល់​ព័ត៌មាន ភ្ញៀវ​ទេសចរ​មិនដឹង​ថា កន្លែង​នោះ​មាន​អ្វី​ទេ នេះ​ជា​អ្វី​ដែល​អាជ្ញាធរ ក្រសួង និង​ស្ថាប័ន​មាន​សមត្ថកិច្ច​ត្រូវ​តែ​ជួយ​ក្នុង​ការ​ដោះស្រាយ​។ អ្វី​ដែល​សំខាន់​ជាង​នេះ គឺ​ដោះស្រាយ​បញ្ហា​ចំណុច​១១​បាន​ដាក់​ក្នុង​សៀវភៅ​នេះ ។

យើង​សង្កេត​ឃើញ​ថា វិស័យ​ទេសចរណ៍​កម្ពុជា​នៅ​តែ​អាស្រ័យ​លើ​ទេសចរណ៍វប្បធម៌ និង​ប្រាង្គ​ប្រាសាទ​ក្នុង​ការ​ទាក់ទាញ ។ តើ​លោក​អាច​ពន្យល់​បាន​ទេ​ថា តើ​​រាជ​រដ្ឋាភិបាល​គួរ​ជំរុញ​ឬ​ធ្វើ​ពិពិធ​កម្ម​ផ្នែក​ផ្សេង​ៗ​ដែរ​ឬទេ ជា​ជាង​ការ​ពឹង​ទាំងស្រុង​លើ​ទេសចរណ៍វប្បធម៌ និង​ប្រាង្គ​ប្រាសាទ ?

កន្លង​មក យើង​បាន​ធ្វើ​ពិពិធ​កម្ម​ទេសចរណ៍​ជា​ច្រើន​ដូច​ជា ទេសចរ​សហគមន៍ ទេសចរ​តំបន់ ចំនួន​ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន​ឯកជន​ក្នុងស្រុក ក្រៅ​ស្រុក ក្លិប​កម​ន្សា​ន្ដ​ផ្សេង​ៗ និង​ពិសេស​នៅ​តំបន់​កោះ​ដែល​មាន​ជិត​៣០​កោះ ដែល​រាជរ​ដ្ឋា​ល​ភិ​បាល​បាន​ផ្តល់​ទៅ​ឲ្យ​អ្នក​វិនិយោគ គឺ​ចង់​ជំរុញ​ផែនការមេ​ដើម្បី​ទេសចរ​ក្នុងស្រុក​និង​ក្រៅ​ស្រុក​ទៅ​ដល់ ។ យើង​ត្រូវធ្វើ​រួម​គ្នា យើង​មិន​អាច​ពឹង​លើ​ទេសចរណ៍វប្បធម៌ និង​ប្រាង្គ​ប្រាសាទ​ទេ ព្រោះ​ភ្ញៀវ​ទេសចរ​ចង់​ដើរ​កម្សាន្ដ​កន្លែង​ផ្សេង​ៗ​ទៀត ដូច​ជា​ទេសចរណ៍​កែ​ច្នៃ ។ ចំពោះ​ប្រទេស​គេ គេ​មាន​តែ​ទេសចរណ៍​កែ​ច្នៃ​តែ​មួយ​គត់ តែ​គេ​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​រាប់​លាន​នាក់​ក្នុង​មួយ​ឆ្នាំ​ៗ ដូច្នេះ​ប្រទេស​កម្ពុជា​មាន​ទាំងអស់ ។

តាម​រយៈ​ការ​ស្រង់​មតិ​ពី​ភ្ញៀវ​ទេសចរ នៅ​ពេល​ដែល​ពួក​គាត់​ទៅ​កម្សាន្ដ​នៅ​តំបន់​ទេសចរណ៍វប្បធម៌ និង​ធម្មជាតិ ពួក​គាត់​ថា​មិនដឹង​ជា​ទៅ​កម្សាន្ដ​កន្លែង​ណា​ទៀត ពិសេស​ចំពោះ​ទេសចរ​វ័យ​ចំណាស់ ។

ចំពោះ​ផ្នែក​សេវាកម្ម​ដែល​ទ្រទ្រង់​ក្នុង​វិស័យ​នេះ​វិញ ហាក់ដូចជា​មិន​ទាន់​គោរព​តាម​បទ ដ្ឋា​ន​អ​នា​-​ម័​យ​នៅ ឡើយ​ទេ តើ​លោក​មាន​សង្កេត​ឃើញ​ថា រាជ​រដ្ឋា​ភិបាល​មាន​ឆន្ទៈ​ក្នុង​ការ​ពង្រឹង និង​បញ្ជ្រាប​ចំណេះ និង​ចំណេះធ្វើ​ដល់​វិស័យ​ឯកជន​ដែល​ជា​អ្នក​ប្រកប​របរ​ទទួលទាន​ក្នុង​វិស័យ​នេះ​ដែរ​ឬទេ ?

ចាប់ពី​ខែមីនា ឆ្នាំ​២០១៤ ប្រមុខ​រាជរដ្ឋាភិបាល​បាន​ឯកភាព​តាម​សំណូមពរ​របស់​វិស័យ​ឯកជន​ឲ្យ​ធ្វើ​អនាម័យ​រួម​គ្នា​មួយ​ដែល​ហៅ​ថា អនាម័យ​សាមគ្គី ។ ស្ថាប័នរដ្ឋ​នៅ​តាម​មូលដ្ឋាន​នីមួយ​ៗ ត្រូវ​សហការ​គ្នា​ជាមួយ​អ្នក​ទទួលទាន​ក្នុង​គ្រប់​វិស័យ​ទាំងអស់​ដើម្បី​សម្អាត​ភូមិ​ឃុំ​របស់​ខ្លួន​គឺ​ថ្ងៃ​ទី​៤ ខែមីនា ។ នា​ពេល​បច្ចុប្បន្ន​នេះ យើង​ឃើញ​ថា អាជ្ញាធរ​ដែនដី​មិន​ទាន់​បាន​ដុតដៃដុតជើង​ធ្វើ​ទេ ព្រោះ​នៅ​ពេល​ដែល​យើង​ទៅ​ដល់​តំបន់​មួយ​ចំនួន​ជិត​ទីប្រជុំជន យើង​ឃើញ​សំរាម ទទួល​ស្វាគមន៍​មុខ​គេ ជា​ពិសេស​ថង់​ប្លា​ស្ទិ​ក​តែ​ម្តង ។

កម្ពុជា​បាន​ដាក់​បញ្ចូល​សមុទ្រ​របស់​ខ្លួន​ទៅ​ជា​សមាជិក​ក្លិប​សមុទ្រ​អន្តរជាតិ ។ តើ​ចាប់តាំងពី​យើង​បាន​ចូល​ជា​សមាជិក​នេះ លោក​មាន​សង្កេត​ឃើញ​មានការ​អភិវឌ្ឍ​ដល់​កម្រិត​ណាខ្លះ​ដែរ ?

យើង​ឃើញ​ថា មានការ​ជំរុញ​ខ្លាំង​នៅ​តាម​បណ្តា​កោះ ។ បន្ទាប់​ពី​ប្រទេស​កម្ពុជា​ចូល​ជា​សមាជិក​នៃ​ឆ្នេរ​ស្អាត​ទូ​ទាំង​ពិភពលោក​ដែល​មាន​ឆ្នេរ​ជាង​៣០ ប្រទេស​យើង​បាន​ធ្វើបុណ្យ សមុទ្រ និង​ឆ្នាំ​នេះ​ធ្វើ​នៅ​ខេត្តកំពត នៅ​ខែធ្នូ​នេះ ហើយ​យើង​ឃើញ​ថា មានការ​កើនឡើង​នូវ​ភ្ញៀវ ទេសចរ​ក្នុងស្រុក និង​ក្រៅ​ស្រុក ។ ទន្ទឹម​នឹង​ការ​កើនឡើង​ភ្ញៀវ​ទេសចរ ក៏​មានការ​ប៉ះពាល់​ដល់​បរិស្ថាន​ដូច​ជា​តាម​ភោជនីយដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ បាន​បង្ហូរទឹក​ស្អុយ លាមក ចូល​មក​សមុទ្រ ដែល​ទាមទារ​មានការ​ទប់ស្កាត់​ជា​បន្ទាន់​ពី​អាជ្ញាធរ បើ​មិន​ដូច្នេះ​ទេ វា​នឹង​ក្លាយជា​តំបន់​មួយ​ដែល​មិន​គួរ​ទៅ ។

យោបល់ និង​ទស្សនៈ​ចុង​ក្រោយ
ខ្ញុំ​សូម​សំណូមពរ​អ្នក​ដែល​នៅ​ក្នុង​ឧស្សាហកម្ម​ទេសចរណ៍​ទាំងអស់ ត្រូវ​រួម​គ្នា​បង្កើត​សំឡេង​តែ​មួយ ព្រោះ​ទេសចរណ៍​មាន​ទំនាក់ទំនង និង​មាន​ភាព​ពាក់ព័ន្ធ​គ្នា​ច្រើន​ប្រភេទ​ណាស់ ដូច្នេះ ពួក​គាត់​ត្រូវ​ចំណាយ​ពេលវេលា​ចូល​ប្រជុំ​គ្នា និង​ធនធាន​ខ្លះ​សម្រាប់​វិស័យ​ឯកជន​ខ្លួនឯង រីក​ចម្រើន​ទៅ​មុខ​ទៀត ហើយ​វា​ក៏​ជា​យុទ្ធសាស្ត្រ​ឈ្នះ​=​ឈ្នះ​ដែរ ។ រាជរដ្ឋាភិបាល​ចង់​ឲ្យ​វិស័យ​សាធារណៈ និង​វិស័យ​ឯកជន​ដើរ​ទន្ទឹម​គ្នា ហើយ​អ្នក​បាន​ទទួល​ប្រយោជន៍​គឺ​ប្រជាជន​ទាំងមូល ជា​ពិសេស​អ្នក​ទទួលទាន​ក្នុង​ឧស្សាហកម្ម​ទេសចរណ៍ ទោះបីជា​អ្នកខ្លះ​ទទួល​បាន​ប្រយោជន៍​ផ្ទាល់ ឬ​ដោយ​ប្រយោល​ក៏​ដោយ ៕