រាជធានីភ្នំពេញ ៖ ការធ្វើពិពិធកម្មលើវិស័យទេសចរណ៍ និងកំណើនភ្ញៀវទេសចរ ជាកត្ដាសំខាន់សម្រាប់ទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិកម្ពុជា ដោយហេតុថា ទេសចរណ៍ជាវិស័យអាទិភាពមួយដែលរាជរដ្ឋាភិបាល បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ ដែលបាននិងកំពុងបោះជំហានរីកចម្រើនយ៉ាងខ្លាំងជាលំដាប់ ដោយរក្សាបាននូវស្ថិរភាពកំណើនជារៀងរាល់ឆ្នាំ និងបានរួមចំណែកប្រមាណជាង១០ភាគរយ នៃផលិតផលក្នុងស្រុកសរុប ។ ហេតុដូច្នេះហើយ ទើបក្រសួងទេសចរណ៍កំពុងពិចារណាដាក់គោល នយោបាយនិវាសដ្ឋានទេសចរណ៍ ឬផ្ទះទី២ ដាក់ចូលក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ជាពិសេសទាក់ទាញភ្ញៀវទេសចរអន្តជាតិចាស់ៗ និងចូលនិវត្តន៍មកទស្សនាកម្សាន្ដ ។
ថ្មីៗនេះ ក្រសួងទេសចរណ៍កំពុងរៀបចំសេចក្តីព្រាងគោលនយោបាយស្តីពីនិវាសដ្ឋាន ទេសចរណ៍ ឬផ្ទះទី២ ហើយនឹងមានការប្រជុំអន្តរក្រសួង ដើម្បីពិភាក្សាលើគោលនយោបាយនេះនាពេលឆាប់ៗខាងមុខ ។
លោក ទិត ចន្ថា អ្នកនាំពាក្យនៃក្រសួងទេសចរណ៍បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា និវាសដ្ឋានទេសចរណ៍ ឬផ្ទះទី២ គឺជាគោលនយោបាយដ៏សំខាន់ដែលជំរុញទេសចរមានកើនឡើង និងមានភាពងាយស្រួលដល់ភ្ញៀវអន្តរជាតិដែលមានគោលបំណងស្នាក់នៅ និងទស្សនាកម្សាន្ដនៅប្រទេសកម្ពុជាក្នុងពេលកំណត់ណាមួយ និងបានសិទ្ធិក្នុងស្នាក់អាស្រ័យ ព្រមទាំងចូលរួមក្នុងសកម្មភាពសំខាន់ៗនៅកម្ពុជា ។
លោក ហូ វណ្ណឌី អតីតសហប្រធានក្រុមការងារឯកជននៃវិស័យទេសចរណ៍កម្ពុជា បានឲ្យដឹងថា ក្រសួងទេសចរណ៍មិនទាន់អនុម័តលើគោលនយោបាយផ្ទះទី២ទេ ប៉ុន្តែក្រសួងកំពុងតែពិចារណាលើនយោបាននេះ ហើយវិស័យឯកជនក៏កំពុងរៀបចំគម្រោងជាលក្ខណៈផ្ទះទី២ដែរ ។
លោកពន្យល់យ៉ាងដូច្នេះថា ៖ « ទេសចរណ៍ផ្ទះទី២មានលក្ខណៈខុសពីទេសចរណ៍ធម្មតាត្រង់ វាជាទេសចរណ៍ពិសេសដែលស្នាក់នៅរយៈពេលវែង និងចំណាយជាលក្ខណៈផ្ទាល់ខ្លួន ជាឧទាហរណ៍ដូចជា ទេសចរណ៍នៅអាផាតមិន »។
នៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ននេះ គេសង្កេតមានគម្រោងលក្ខណៈផ្ទះទី២នៅក្រុងព្រះសីហនុ គិរីរម្យ និងបូកគោក ព្រមទាំងនៅតាមដងទន្លេមេគង្គ ។ រីឯនៅរាជធានីភ្នំពេញ មានលក្ខណៈអាផាតមិន ។
រមណីយដ្ឋានវិគីរីរម្យ (VKirirom Resort) ដែលវិនិយោគដោយក្រុមហ៊ុន VKirirom A2A Company ជប៉ុន ស្ថិតនៅលើបរិវេណឧស្យានជាតិគិរីរម្យ ថ្មីៗនេះបានប្រកាស និងកំពុងអភិវឌ្ឍន៍គម្រោងសាងសង់ផ្ទះស្នាក់នៅរយៈពេលយូរ ឬផ្ទះទី២ ប្រភេទសាមញ្ញ និងប្រភេទប្រណីត សម្រាប់ផ្តល់ដល់ទេសចរគ្រប់ប្រភេទ ទាំងទេសចរដែលមានកម្រិតចំណាយខ្ពស់ និងមធ្យម ពិសេសទេសចរចូលនិវត្តន៍ ។
លោកវណ្ណឌី បន្តថា គោលនយោបាយផ្ទះទី២ ដំណើរការកាន់តែមានប្រសិទ្ធភាពនៅពេលចូលសហរណកម្មអាស៊ាន ដែលបើកចំហទៅវិញទៅមកដោយសេរី ក៏ដូចជាបើករបាំង ព្រំដែន ។ នៅក្នុងឆ្នាំ២០១៣ ភ្ញៀវទេសចរចូលទស្សនាប្រទេសបណ្តាអាស៊ាន ចំនួន៩៨លាននាក់ ដែលមានកំណើនជាមធ្យម១០ភាគរយ។ ក្នុងឆ្នាំ២០១៤ វិស័យនេះបានបង្កើតចំណូលប្រមាណជា៣ពាន់លានដុល្លារក្នុងសេដ្ឋកិច្ចប្រទេសកម្ពុជា ។
ពាក់ព័ន្ធនឹងគោលនយោបាយស្តីពីនិវាសដ្ឋានទេសចរណ៍ឬផ្ទះទី២ កន្លងមកមានការពិភាក្សាគ្នាលើការទិញសម្បត្តិផ្ទាល់ខ្លួន ។ «បើសិនជាគោលនយោបាយនេះមានការបើកចំហ ប្រទេសកម្ពុជានឹងទាក់ទាញភ្ញៀវទេសចរបានច្រើន តែតាមផ្លូវច្បាប់ ជនបរទេសមិនអាចទិញផ្ទះខាងក្រោមបានទេ ប៉ុន្តែចាប់ពីជាន់ទីពីរឡើងទៅ អាចទិញជាកម្មសិទិ្ធបាន » ។ នេះបើតាមលោក ហូ វណ្ណឌី បានបញ្ជាក់ ។
លោក អាង គឹមអៀង ប្រធានសមាគមន៍ ភ្នាក់ងារទេសចរណ៍កម្ពុជា បានលើកឡើងថា នៅពេលដែលគោលនយោបាយផ្ទះទី២ដំណើរការ នោះប្រទេសកម្ពុជានឹងទទួលបានផលប្រយោជន៍ច្រើន ពិសេសពីអ្នកទិញដែលជាជនបរទេស ដោយមើលឃើញនៅប្រទេសខ្លះដូចជាប្រទេសជប៉ុន ភាគច្រើនដែលជាអ្នកទិញផ្ទះទី២នេះមានដូចជាតួកុន និងអ្នកមានថវិកាច្រើនៗ ហើយនៅពេលដែលពួកគេទិញ និងស្នាក់នៅ ពួកគេមានកាតព្វកិច្ចពន្ធ និងចំណាយផ្សេងៗ ព្រមទាំងមានគ្រួសាររបស់ពួកគេមកលេងជាមួយ និងស្នាក់នៅរយៈពេលយូរដែលធ្វើឲ្យពួកគេប្រើប្រាស់ទំនិញ និងសេវាកម្មរបស់ប្រជាពលរដ្ឋច្រើនដូចជា ម្ហូបអាហារ ជាដើម ។
លោកគឹមអៀង ក៏បានលើកឡើងពីប្រទេសម៉ាឡេស៊ី ភ្ញៀវទេសចរដែលទិញផ្ទះទី២នៅទីនោះ ពួកគេធ្វើដំណើរមកលេងមួយឆ្នាំពីរដងដែលមានរយៈពេលតែ១សប្តាហ៍ ឬមួយខែម្តង តែពួកគេបង់ពន្ធពេញមួយឆ្នាំ ដែលនេះបង្ហាញថា វាបានចូលរួមកំណើនសេដ្ឋកិច្ចបានច្រើន ។
គោលនយោបាយនេះ អាចទាក់ទាញភ្ញៀវទេសចរគ្រប់ប្រភេទ ពិសេសភ្ញៀវទេសចរចាស់ៗ និងភ្ញៀវទេសចរចូលនិវត្តន៍ ដែលមិនមែនជាយុវវ័យ តែយុវជនអាចមកតាមគ្រួសាររបស់ពួកគាត់ ។
ប្រទេសកម្ពុជាអាចទាក់ទាញភ្ញៀវទេសចរចាស់ៗបាន ព្រោះអាកាសធាតុអំណោយផល មិនក្តៅពេក មិនត្រជាក់ពេក ដែលភាគច្រើនពួកគាត់មិនអាចនៅអាកាសធាតុក្តៅពេក និងត្រជាក់ពេក ហើយពួកគាត់អាចមករស់នៅជារៀងរហូត ដែលនេះជាផលប្រយោជន៍សេដ្ឋកិច្ចច្រើន ។ នេះបើតាមលោក គឹមអៀង បានលើកឡើង ។
ជាមធ្យម ប្រទេសមួយចំនួនប្រាក់ចូលនិវត្តន៍មានចំនួន៦០០ទៅ១៥០០ដុល្លារក្នុងមួយខែ បើធៀបនៅប្រទេសកម្ពុជា ចំណូលនេះនៅចាត់ទុកជាចំណូលដែលខ្ពស់ ដែលធ្វើជីវភាពគ្រប់គ្រាន់ និងប្រសើរជាងការរស់នៅប្រទេសពួកគាត់ ។
លោកគឹមអៀងមាប្រសាសន៍យ៉ាងដូច្នេះថា ៖ « ខ្ញុំមិនគិតថាគោលនយោបាយនេះ អាចប៉ះពាល់ដល់សេដ្ឋកិច្ចប្រទេសកម្ពុជាទេ តែបែរជា ជំរុញវិស័យអចលទ្រព្យទៅវិញ » ។
លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា(PATA) បានលើកឡើងថា ៖ « ខ្ញុំផ្ទាល់ចាប់អារម្មណ៍លើគោលនយោបាយផ្ទះទីពីរ ដោយសារប្រទេសកម្ពុជាកន្លងមក អនុញ្ញាតជនបរទេសទិញបានតែផ្ទះជាន់ទីពីរទេ តែក្នុងគោលនយោបាយនេះបានផ្តល់ឱកាសដល់ជនបរទេសក្លាយជាម្ចាស់សិទ្ធិលើតំបន់ណាមួយដែលរាជរដ្ឋាភិបាលបានកំណត់ទីតាំង ដែលនេះអាចនឹងជំរុញវិស័យសេដ្ឋកិច្ច ទេសចរណ៍ និងជាការចាប់អារម្មណ៍ថ្មីមួយពីភ្ញៀវអន្តរជាតិ ។
ប្រទេសកម្ពុជា មិនទាន់មានគម្រោងប្រភេទនេះនៅឡើយទេ ប្រទេសផ្សេងៗដូចប្រទេសនៅអឺរ៉ុប និងអូស្ត្រាលី ក៏មានគម្រោងប្រទេសនេះដែរ ដែលមានមនុស្សជាច្រើនចាប់អារម្មណ៍ ពិសេសតំបន់ស្ងប់ស្ងាត់ និងសប្បាយ ។
លោក ខុម សុម៉េង ប្រធានក្រុមហ៊ុនទេសចរណ៍ដំរីពេជ្របានលើកឡើងថា គម្រោងផ្ទះទី២នឹងធ្វើឲ្យសេដ្ឋកិច្ចចំណេញ ព្រោះវានឹងបង្កភាពងាយស្រួលសម្រាប់ភ្ញៀវទេសចរអន្តរជាតិ ក្នុងការស្នាក់នៅរយៈពេលយូរ។ ជាទូទៅ ភ្ញៀវអន្តរជាតិមកទស្សនាប្រទេសកម្ពុជារយៈពេលខ្លី ភាគច្រើនពួកគាត់ចំណាយពេល៣ថ្ងៃនៅសៀមរាប និង២ថ្ងៃនៅភ្នំពេញ កម្រមានភ្ញៀវ ទេសចររយៈពេលវែង មានតែភ្ញៀវទេសចរអន្តរជាតិជាលក្ខណៈកម្មសិក្សា ។
នៅក្នុងទិវាទេសចរណ៍ពិភពលោកក្រោមប្រធានបទ «មួយពាន់លានទេសចរ-មួយពាន់លានកាលានុវត្តភាព» សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ទេសចរណ៍ពិភពលោកបាននិងកំពុងស្ថិតក្នុងដំណាក់កាលលូតលាស់យ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ។ ជាក់ស្តែងភ្ញៀវទេសចរពិភពលោកមានការកើនឡើងលើសពីការរំពឹងទុកដែលនៅឆ្នាំ២០១៣ មានចំនួន១.០៨៧លាននាក់ នៅឆ្នាំ២០១៤មានចំនួន ១.១៣៨លាននាក់ ក្នុងនោះកម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិសរុបប្រមាណ៤,២លាននាក់នៅឆ្នាំ២០១៣ និងចំនួន៤,៥លាននាក់នៅឆ្នាំ២០១៤ ។
តាមរបាយការណ៍ពីក្រសួងទេសចរណ៍ក្នុងរយៈពេល៦ខែឆ្នាំ២០១៥នេះ ភ្ញៀវទេសចរបរទេសចូលមកកម្ពុជាប្រមាណជាង៣លាននាក់។ ដោយឡែកក្នុងរយៈពេល៨ខែឆ្នាំ២០១៥នេះ គ្រាន់តែខេត្តព្រះសីហនុទទួលភ្ញៀវទេសចរជាតិនិងអន្តរជាតិប្រមាណជា១លាននាក់ កើនឡើង១៣,៣៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៤៕


ចែករំលែកព័តមាននេះ