ខេត្តឧត្តរមានជ័យ ៖ អាជ្ញាធរថៃបានដោះលែងអ្នកទោសខ្មែរ៣នាក់ប្រគល់ឲ្យអាជ្ញាធរកម្ពុជាវិញតាមមាត់ច្រកទ្វារអន្តរជាតិជាំសាងាំ នៅក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លងវែង កាលពីវេលាម៉ោង១រសៀល ថ្ងៃទី០១ តុលា ២០១៥ ។
អ្នកទោសខ្មែរទាំង២នាក់នោះមានឈ្មោះស៊ាប់ លន ភេទប្រុស អាយុ៤២ឆ្នាំ និងឈ្មោះជួន ភិរម្យ ភេទប្រុស អាយុ៤២ឆ្នាំ ទាំង២នាក់មានទីលំនៅក្នុងខេត្តបាត់ដំបង។
អ្នកទោសទាំង២នាក់បានរៀបរាប់ថា មុនពេលទាហានថៃឃាត់ខ្លួន ពួកគាត់បានឆ្លងដែនចូលទៅក្នុងទឹកដីថៃដោយខុសច្បាប់ ដែលមានគោលបំណងរុករកកាប់ឈើគ្រញួងត្រូវទាហានថៃបាញ់ស្រោចមកលើជាច្រើនគ្រាប់ ។ នៅក្នុងហេតុការណ៍នោះក៏មានប្រជាពលរដ្ឋខ្មែររាប់រយនាក់ដែរ តែមិនដឹងថាស្លាប់ ឬរបួសប៉ុន្មាននាក់ទេ។
ដោយឡែកស្ត្រីម្នាក់មានឈ្មោះឈួន វណ្ណា អាយុ២៥ឆ្នាំ រស់នៅស្រុកគូលែន ខេត្តព្រះវិហារបានឲ្យដឹងថា ខ្លួនមិនបានរុករកកាប់ឈើគ្រញួងទេ តែខ្លួនបានឆ្លងដែនចូលទៅក្នុងទឹកដីថៃ ដោយមានគោលបំណងរកការងារធ្វើដោយសារតែមានជីវភាពក្រីក្រ ហើយត្រូវបានអាជ្ញាធរថៃចាប់ខ្លួនបញ្ជូនមកវិញដែរ៕
ចែករំលែកព័តមាននេះ