ខេត្តបន្ទាយមានជ័យ ៖ ដើម្បីរក្សាបានពីសណ្តាប់ធ្នាប់សង្គម ពិសេសគឺបញ្ហាម៉ូតូដែលឮលាន់ដោយសារការកែច្នៃបំពង់ស៊ីមុាំងនោះ លោកឧត្តមសេនីយ៍ត្រីអាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជាដល់កម្លាំងនគរបាលការពារ និងអន្តរាគមន៍ ចុះប្រតិបត្តិការចាប់យកមកធ្វើការអប់រំនៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ត្រីសូយ សំណាង នាយការិយាល័យនគរបាលការពារ និងអន្តរាគមន៍បានឲ្យដឹងថា ក្រោយពីទទួលបានបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រីអាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកបានដាក់កម្លាំងចុះធ្វើប្រតិបត្តិការនៅក្នុងភូមិសាស្ត្រខេត្ត ជាលទ្ធផលនៅថ្ងៃទី០១ តុលា ២០១៥ កម្លាំងរបស់លោកបានចាប់ឃាត់បានមនុស្សចំនួន៤នាក់ និងម៉ូតូ៤គ្រឿងជាបន្តបន្ទាប់ដែលកែច្នៃដាក់បំពង់ស៊ីមុាំងខុសលក្ខណៈបច្ចេកទេសឲ្យលាន់ឭ បង្កឲ្យមានការភ្ញាក់ផ្អើល និងរំខានដល់អារម្មណ៍ប្រជាពលរដ្ឋដេកពួនពេលយប់មិនបាន ។
ក្រុមក្មេងទាំងអស់នេះ លោកឧត្តមសេនីយ៍ត្រីអាត់ ខែម ស្នងការនគរបាលខេត្តធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យាមិនឲ្យកើតមានជាលើកទី២ បន្ទាប់មកបានឲ្យម្ចាស់ម៉ូតូយកជាងធ្វើដោះដូរបំពង់ម៉ាំងប្រែន(កែច្នៃ)ចេញនៅស្នងការដ្ឋានដាក់បំពង់ស៊ីមុាំងដែលត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសវិញទើបឲ្យត្រឡប់ទៅផ្ទះ៕
ចែករំលែកព័តមាននេះ