ខេត្តពោធិ៍សាត់ ៖ ចោរលួចរូបចម្លាក់មានគ្នា០៣នាក់បានត្រូវកម្លាំងសមត្ថកិច្ចនគរបាលក្រុងពោធិ៍សាត់ និងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់រលាបចាប់ឃាត់បានកាលពីវេលាម៉ោង២ និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី០១ តុលា ២០១៥ ត្រង់ចំណុចអូរត្រាវ ស្ថិតក្នុងភូមិរលាប សង្កាត់រលាប ក្រុងពោធិ៍សាត់ ខណៈពេលពួកគេកំពុងដឹកជញ្ជូនតាមម៉ូតូបម្រុងគេចខ្លួន។
លោកវរសេនីយ៍ទោ ឈន រិទ្ទិ៍ អធិការនគរបាលក្រុងពោធិ៍សាត់បានឱ្យដឹងថា ក្រុមចោរទាំង០៤នាក់ មាន១-ឈ្មោះនួន សុខរ៉ា ភេទប្រុស អាយុ២៩ឆ្នាំ ២-ឈ្មោះគង់ បញ្ញា ភេទប្រុស អាយុ១៩ឆ្នាំ និង៣-ឈ្មោះគឹម
បុ៑នហ៉ី ភេទប្រុស អាយុ១៦ឆ្នាំ ទាំង០៣នាក់រស់នៅសង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ។
ទាក់ទិននឹងករណីចោរកម្មនេះលោកអធិការបានឱ្យដឹងថា នៅយប់ថ្ងៃទី៣០ កញ្ញា កម្លាំងនគរបាលក្រុងពោធិ៍សាត់សហការជាមួយនគរបាលប៉ុស្ដិ៍រដ្ឋបាលរលាប និងកម្លាំងប្រជាការពារដើរល្បាតពេលយប់រហូតដល់ម៉ោង០២ និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី០១ តុលា ២០១៥ ស្រាប់តែប្រទះឃើញមនុស្ស០៣នាក់ខាងលើកំពុងដឹកព្រះចំនួន០៥អង្គ.ដោយមានការសង្ស័យក៏ហៅសួរនាំទើបធ្លាយរឿងក៏ធ្វើការឃាត់ខ្លួនយកមកកាន់អធិការដ្ឋាននគរបាលក្រុងតែម្ដង។
នៅចំពោះមុខសមត្ថកិច្ចក្រុមចោរទាំង០៣នាក់បានសារភាពថា ព្រះទាំង០៥អង្គនេះពួកគេបានលួចពីកន្លែងសិប្បកម្មចម្លាក់ថ្មកែវមួយកន្លែងនៅម្ដុំភូមិក្រាំងពភ្លាក់ សង្កាត់រលាប ក្រុងពោធិ៍សាត់ កាលពីយប់ថ្ងៃទី៣០កញ្ញា លុះពេលដឹកមកដល់ភូមិរលាប សង្កាត់រលាប វេលាម៉ោង០២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី០១តុលា ក៏ត្រូវសមត្ថកិច្ចចាប់ឃាត់តែម្ដង។
សូមបញ្ជាក់ថា ព្រះទាំង០៥អង្គនេះធ្វើអំពីថ្មកែវ(ធំមួយអង្គ និងតូច០៤អង្គ) បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវរកម្ចាស់ដើម្បីប្រគល់ជូនវិញ ចំណែកជនសង្ស័យទាំង០៣នាក់បានបញ្ជូនទៅសាលាដំបូងដើម្បីចាត់ការតាមនីតិវិធី៕


ចែករំលែកព័តមាននេះ