ខេត្តកំពត ៖ អភិបាលខេត្តកំពតបានប្រកាសឲ្យផ្អាកលក់គ្រឿងស្រវឹងគ្រប់ប្រភេទរយៈពេល២សប្តាហ៍ ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ ។
យោងតាមសេចក្តីណែនាំរបស់លោក ជាវ តាយ អភិបាលខេត្តកំពត បានលើកឡើងថា រដ្ឋបាលខេត្តកំពត សូមប្រកាសការផ្អាកលក់គឿងសវឹងគ្រប់ប្រភេទរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ ក្នុងភូមិសាស្ត្រខេត្តកំពត ។
ក្នុងស្ថានភាពនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ «សហគមន៍ ២០ កុម្ភៈ» កាន់តែខ្លាំងឡើងៗ និងក្នុងគោលបំណងធានាការពារដល់អាយុជីវិតរបស់បងប្អូនប្រជាពលរដ្ឋ សុខភាពសាធារណៈ និងសណ្តាប់ធ្នាប់សង្គម រដ្ឋបាលខេត្តកំពត សូមធ្វើការណែនាំដូចខាងក្រោម ៖
១-ផ្អាកការលក់ដូរ ចែកចាយគ្រឿងស្រវឹងគ្រប់ប្រភេទ (ស្រាបៀរ និងស្រាគ្រប់ប្រភេទ) នៅក្នុងភូមិសាស្ត្រខេត្តកំពតទាំងមូល ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃចេញសេចក្ដីណែនាំនេះតទៅ
២-គ្រប់ផ្សាររដ្ឋ ផ្សារឯកជន និងផ្សារម៉ាត ព្រមទាំងដេប៉ូចែកចាយគ្រឿងស្រវឹងគ្រប់ប្រភេទ ស្ថិតនៅ ក្នុងភូមិសាស្ត្រខេត្តកំពត ត្រូវផ្អាកជាបណ្តោះអាសន្ននូវការលក់ដូរ ចែកចាយគ្រឿងស្រវឹងគ្រប់ប្រភេទ
៣-គ្រប់ភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារ ហាងកាហ្វេ ហាងភេសជ្ជៈ អាជីវកម្មដ្ឋានផ្នែកអាហារ ភេសជ្ជៈ និងអាជីវក អ្នកលក់ដូរអ្នកចែកចាយគ្រឿងស្រវឹងគ្រប់ប្រភេទត្រូវផ្អាក រាល់ការបម្រើគ្រឿង ស្រវឹងជូនភ្ញៀវជាបណ្តោះអាសន្ន ។
ក្នុងករណីបងប្អូនប្រជាពលរដ្ឋ អ្នកគ្រប់គ្រងផ្សា អ្នកគ្រប់គ្រងក្រុមហ៊ុន ម្ចាស់ដេប៉ូចែកចាយ ម្ចាស់ហាង ម្ចាស់តូបលក់ដូរ ក៏ដូចជាម្ចាស់ទីតាំងនានាពាក់ព័ន្ធការលក់ដូរគ្រឿងស្រវឹងដូចរៀបរាប់ខាងលើ មិនអនុវត្តតាមសេចក្ដីណែនាំនេះ ត្រូវទទួលការអនុវត្តវិធានការរដ្ឋបាល និងវិធានការច្បាប់ជាធរមាន ដោយគ្មានការលើកលែងឡើយ៕
ចែករំលែកព័តមាននេះ