ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ដឹក​ប្រពន្ធ​​​ពោះ​ធំ​​ទៅ​​សម្រាលកូន​ ជិះម៉ូតូម្នាក់​ឯងត្រឡប់​មក​វិញ​បុក​រថយន្ត​ស្លាប់​

10 ឆ្នាំ មុន

​ខេត្ត​ព្រះសីហនុ ៖ ​បុរស​ម្នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង ខណៈ​​ពេល​ជិះ​ម៉ូតូ​ទៅ​បុក​រថយន្ត​ដែល​​​ចត​ឈប់​​ស្ងៀម​​នៅ​លើ​​កំណាត់​ផ្លូវ​ជាតិ​លេខ​៣ ​កាល​ពី​វេលា​ម៉ោង​៨និង​៤៥​នាទី​យប់​​ថ្ងៃ​ទី​១ តុលា ស្ថិត​ក្នុង​ភូមិ​បឹង​វែង​ ឃុំ​វាល​រេញ ស្រុក​ព្រៃនប់ ។

​​បុរស​​រង​គ្រោះ​ឈ្មោះ ជាន ចើយ ​អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​តា​អោង​ធំ ឃុំ​សាមគ្គី ស្រុក​ព្រៃ​នប់ ​បានជិះ​​ម៉ូតូ​ម៉ាក​វ៉េវ​​ ពណ៌​​ក្រហម ​ទិស​ដៅ​ពី​លិច​ទៅ​កើត ​លុះ​មក​ដល់​ចំណុច​កើត​ហេតុ​​​​ក៏​បុក​រថយន្ត​ធុន​ធំ​​ដែល​ចត​​​ឈប់​​ស្រប​ទិស​​​​​ បណ្តាល​ឱ្យ​​ស្លាប់​នៅ​​នឹង​កន្លែង​ ។ ចំណែក​​រថយន្ត​​​​មិន​ស្គាល់​ម៉ាក​ ក្រោយ​កើត​ហេតុ​​បាន​បញ្ឆេះ​រថយន្ត​​​បើក​ទៅ​មុខ​បាត់​ស្រមោល ។​

​ប្រភព​​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ បុរស​រង​គ្រោះ​​​បាន​ដឹក​ប្រពន្ធ​​​ពោះ​ធំ​​ទៅ​​សម្រាល​កូន​នៅ​​​មន្ទីរ​ពេទ្យ​​​វាល​រេញ  ​តែ​មិន​ទាន់​​​សម្រាល​ ក៏​ដឹក​ប្រពន្ធ​​ត្រឡប់​ទៅ​ផ្ទះ​វិញ​ ​ប៉ុន្តែ​​ភ្លេច​ថ្នាំ​​បាន​​​​បក​ទៅ​យក​ថ្នាំតែ​ម្នាក់​​ឯ​ង​​​ក៏ជួប​គ្រោះ​ថ្នាក់​​​ស្លាប់​តែ​ម្តង​ ។

​នៅ​ព្រឹក​ម៉ោង​៩ព្រឹក​ថ្ងៃ​ទី​២ តុលា​ នេះ ​លោក លូ គឹមឈន់ នាយក​កំពង់​ផែ​ខេត្ត​ព្រះសីហនុ ​បាន​ចូល​រួម​រំលែក​ទុក្ខ​​ចំពោះ​ក្រុម​គ្រួសារ និង​​​ជួយ​រៀបចំ​ចាត់​ចែង​​​ស្ត្រី​ពោះ​ធំ​​ឱ្យ​ទៅ​មន្ទីរ​ពេទ្យ​ឆ្លង​ទន្លេ ៕