ខេត្តរតនគិរី ៖ មន្ត្រីនគរបាលអធិការស្រុកអូរជុំម្នាក់បានស្លាប់រហូតហើមជះក្លិនស្អុយដល់អ្នករស់នៅក្បែរនោះទើបគេដើររកប្រទះឃើញដេកស្លាប់ក្បែរម៉ូតូក្នុងប្រឡាយមានស្មៅ និងគុម្ពឫស្សី ។ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង២ និង១៥នាទីរសៀល ថ្ងៃទី១ កញ្ញា ២០១៥ ត្រង់ចំណុចអូរថ្ម ស្ថិតនៅភូមិ៧ ឃុំអូរជុំ ស្រុកអូរជុំ ។
ប្រភពពីសមត្ថកិច្ចចុះដល់កន្លែងកើតហេតុបានឱ្យដឹងថា សពដែលគេប្រទះឃើញនោះមានឈ្មោះ បួន នួន ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ ជាមន្ត្រីនគរបាល នៃអធិការដ្ឋាននគរបាលស្រុកអូរជុំ រស់នៅភូមិកើតហេតុខាងលើ ។
ប្រភពបានឱ្យដឹងទៀតថា ជនរងគ្រោះនោះមកផឹកស៊ីនៅក្រុងបានលុង រួចក៏ត្រឡប់ទៅស្រុកអូរជុំ ហើយបាត់ដំណឹងរហូតមិនឃើញមកធ្វើការ៣-៤ថ្ងៃហើយ លុះដល់ថ្ងៃប្រទះឃើញសពទើបដឹងថា ជាមន្ត្រីនគរបាលខាងលើនោះ ។ ប្រភពបន្តទៀតថា សពនោះពេលអ្នករស់នៅក្បែរនោះធំក្លិនស្អុយក៏ដើររកមើល ស្រាប់តែប្រទះឃើញដេកស្លាប់ក្បែរម៉ូតូក្នុងប្រឡាយមានស្មៅដុះស៊ុបទ្រុប និងដើមឫស្សីជាច្រើនទៀតផង ។
បន្ទាប់ពីមន្ត្រីនគបាលបច្ចេកទេសធ្វើកោសល្យវិច្ច័យរួច មិនមានអ្វីគួរសង្ស័យទេក៏បានធ្វើការសន្និដ្ឋានថា ជនរងគ្រោះប្រហែលជាស្រវឹងស្រាហើយជិះម៉ូតូត្រឡប់ទៅកន្លែងវិញក៏រេចង្កូតដួលធ្លាក់ចូលប្រឡាយនោះស្លាប់គ្មានអ្នកណាដឹងរហូតធំក្លិនស្អុយទើបបានគេរកឃើញ ។ មន្ត្រីនគរបាលស្រុកអូរជុំបានប្រាប់ថា ប៉ុន្មានថ្ងៃមុនប្រទះឃើញសពនោះមិនឃើញជនរងគ្រោះមកធ្វើការទេ ហើយក៏មិនសូវចាប់អារម្មណ៍ដែរ ព្រោះគាត់ធ្លាប់ផឹកស្រាស្រវឹងរាល់ថ្ងៃ ហើយដើរបាត់ៗរាល់ថ្ងៃ ស្រាប់តែប្រទះឃើញសាកសពគាត់តែម្តង ។
សពជនរងគ្រោះត្រូវនគរបាលប្រគល់ឱ្យសាច់ញ្ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ ៕


ចែករំលែកព័តមាននេះ