ខេត្តបាត់ដំបង ៖ កម្លាំងសមត្ថកិច្ចចម្រុះស្រុកសង្កែបានបើកកិច្ចប្រតិបត្តិការចុះបង្ក្រាបបទល្មើសនេសាទជាលើកទី២ ក្នុងរយៈពេល៤ថ្ងៃលើគោលដៅសំខាន់ៗនានាក្នុងភូមិសាស្ត្រឃុំកំពង់ព្រះ និងឃុំកំពង់ព្រៀង ស្រុកសង្កែ ប៉ុន្តែកិច្ចប្រតិបត្តិការលើកទី២នេះត្រូវបានមន្ត្រីជលផលស្នើសុំចូលរួមបញ្ចេញស្នាដៃដែរ ខណៈការបង្ក្រាបលើកទី១រវល់ដេកលក់ ហើយសមត្ថកិច្ចក៏មិនផ្ដល់ដំណឹងទៀត ព្រោះខ្លាចបែកការណ៍ ។
អធិការស្រុកសង្កែ លោក ស៊ុន សុវណ្ណ បានឲ្យដឹងថា កិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទលើកទី២នេះ កម្លាំងចម្រុះបានចំណាយពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ កញ្ញា ២០១៥កន្លងទៅនេះ ។ លោកថា កម្លាំងទាំងនោះរួមមានកម្លាំងនគរបាល កងរាជអាវុធហត្ថ មន្ត្រីជលផល ប្រជាសហគមន៍ និងអាជ្ញាធរមូលដ្ធាន ដោយបានបង្ក្រាបទៅលើគោលដៅចំនួន៧នៅតាមតំបន់ព្រៃលិចទឹកនៅក្នុងភូមិសាស្ត្រឃុំកំពង់ព្រះ និងឃុំកំពង់ព្រៀង ស្រុកសង្កែ ។
លោកអធិការបានបញ្ជាក់ថា ឧបករណ៍ល្មើសច្បាប់ជាច្រើនត្រូវបានបង្ក្រាប រួចដុតកំទេចចោលនៅនឹងកន្លែង តែមិនប្រទះនឹងជនប្រព្រឹត្តទេ ។
សូមបញ្ជាក់ថា កាលពីជាងមួយសប្ដាហ៍មុន កម្លាំងសមត្ថកិច្ចស្រុកសង្កែ បានចុះបង្ក្រាបបទល្មើសនេសាទក្នុងទ្រង់ទ្រាយធំម្ដងហើយ ខណៈមន្ត្រីជលផលដេកលក់ ។ ការចុះលើកទី១ សមត្ថកិច្ចរឹបអូសបានឧបករណ៍បទល្មើសនេសាទជាច្រើនសន្ធឹកសន្ធាប់ តែគ្មានវត្តមានមន្ត្រីជលផលចូលរួមទេ ។ ត្រង់ចំណុចនេះត្រូវបានគេនិយាយថា កិច្ចប្រតិបត្តិការដែលមានវត្តមានមន្ត្រីជលផលច្រើនតែបរាជ័យ ដូច្នេះហើយទើបគេមិនចង់សហការជាមួយមន្ត្រីជលផល តែលើកទី២នេះមានមន្ត្រីជលផលសុំចូលរួមដែរ ។
ប្រភពពីកម្លាំងចុះបង្ក្រាបបាននិយាយថា គម្រោងចុះបង្ក្រាបបទល្មើសនេសាទលើកទី២នេះក៏មិនខុសពីគម្រោងលើកទី១ដែរ គឺគេមិនបានផ្ដល់ដំណឹងទៅខាងជលផលទេ តែមន្ត្រីជលផលហាក់បានដឹងអំពីផែនការនេះ ទើបស្នើសុំចូលរួមបញ្ចេញស្នាដៃជាមួយគេឯងដែរទៅ ព្រោះមន្ត្រីជលផលសព្វថ្ងៃហាក់កំពុងរងការរិះគន់យ៉ាងខ្លាំងអំពីភាពអសកម្មរបស់ខ្លួន តែសកម្មខាងដើរប្រមូលសំណែន ។
ទោះជាយ៉ាងណាបើតាមលោក ស៊ុន សុវណ្ណ អធិការស្រុកសង្កែបានបញ្ជាក់ថា លទ្ធផលនៃការចុះបង្ក្រាបបទល្មើសនេសាទលើកទី២នេះ គឺកម្លាំងចម្រុះធ្វើបានសម្រេចលើគោលដៅចំនួន៧កន្លែង រឹបអូសបាននូវឧបករណ៍នេសាទខុសច្បាប់មាន សាច់មងបានប្រវែង៣៧២០ម៉ែត្រ ដកបង្គោលបាន៧១០ដើម បំផ្លាញឡុកចាប់ត្រី១៦ឡុក និងព្រលែងកូនត្រីវិញ១១០គីឡូក្រាមផងដែរ ។ លោកបានបន្ថែមថា វត្ថុតាងទាំងនេះមិនត្រូវបានដឹកជញ្ជូនយកមករក្សាទុកទេ គឺលោកស្នងការខេត្តបញ្ជាឲ្យដុតកម្ទេចចោលនៅនឹងកន្លែងតែម្ដង ៕



ចែករំលែកព័តមាននេះ