ខេត្តស្វាយរៀង ៖ បុរសម្នាក់បើកម៉ូតូហុងដាសេ១២៥យ៉ាងលឿនដូចហោះទៅបុករថយន្តកាមរីពីក្រោយយ៉ាងពេញទំហឹង បណ្តាលឲ្យបោកផ្ទប់ទៅនឹងរថយន្តបាក់ភ្លៅស្តាំសន្លប់ស្តូកកាលពីថ្ងៃទី៣០ កញ្ញា២០១៥ នៅលើកំណាត់ផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ។
បើតាមសមត្ថកិច្ចនគបាលក្រុងបាវិតឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាកកាមរី ពណ៌សពាក់ស្លាកលេខ ភ្នំពេញ ២C-៥៩០៩ បើកបរដោយឈ្មោះ នៅ គា ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិទទា សង្កាត់ចេក ក្រុងស្វាយរៀង ក្នុងទិសដៅពីលិចទៅកើត ស្របពេលនោះក៏មានម៉ូតូម៉ាកហុងដា សេ១២៥ មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ១D-៦០៥៨ បើកបរដោយឈ្មោះ ស៊ុន វាសនា ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិអូរក្អាម ឃុំសំបួរ ស្រុកស្វាយទាប មកពីក្រោយយ៉ាងលឿនក៏ជ្រុលទៅបុកគូទរថយន្តយ៉ាងពេញទំហឹង បណ្តាលឲ្យបាក់ភ្លៅស្តាំ សន្លប់ស្តូកស្តឹងតែម្តង ។
បន្ទាប់ពីធ្វើការវាស់វែងរួច សមត្ថកិច្ចបានប្រគល់ជនរងគ្រោះឲ្យក្រុមគ្រួសារបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យប្រទេសវៀតណាមដើម្បីសង្គ្រោះ ។ រីឯម៉ូតូ និងរថយន្តត្រូវបានយកទៅរក្សាទុកនៅអធិកាដ្ឋាន
នគបាលក្រុងបាវិតរង់ចាំការដោះស្រាយតាមច្បាប់ ៕


ចែករំលែកព័តមាននេះ