ខេត្តស្វាយរៀង ៖ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូនិងម៉ូតូបណ្តាលឲ្យរងរបួសធ្ងន់ទាំង២នាក់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង២០នាទីយប់ថ្ងៃទី៣០ កញ្ញា ២០១៥ នៅលើកំណាត់ផ្លូវជាតិលេខ១ ត្រង់ចំណុចភូមិទូលអង្គប់ ឃុំសំបួរ ស្រុកស្វាយទាប ។
មន្ត្រីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញយុវជនម្នាក់ឈ្មោះ ម៉េត មាត អាយុ២៨ឆ្នាំ រស់នៅក្នុងភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង បើកម៉ូតូម៉ាកហុងដាវ៉េវ ពណ៌ក្រហម គ្មានស្លាកលេខ មួយគ្រឿង ធ្វើដំណើរបញ្ច្រាសទិសដៅចរាចរណ៍ និងខ្វះការប្រុងប្រយ័ត្ន ពីកើតទៅលិចក្នុងល្បឿនលឿន លុះមកដល់កន្លែងកើតហេតុក៏មានម៉ូតូម៉ាកហុងដា ធុនសេ១២៥ ពណ៌ខ្មៅ គ្មានស្លាកលេខដូចគ្នា បើកបរដោយយុវជនឈ្មោះ ពេជ សានី អាយុ២២ឆ្នាំ ជាកម្មករ រស់នៅក្នុងភូមិទួលអង្គប់ ឃុំសំបួរ បុកពេញទំហឹង បណ្តាលឱ្យរងរបួសធ្ងន់សន្លប់ស្តូកស្តឹងនៅនឹងកន្លែងកើតហេតុទាំង២នាក់តែម្តង ។
ក្រោយកើតហេតុ សមត្ថកិច្ចហៅរថយន្តសាមុយដឹកអ្នករងគ្រោះទាំង២នាក់យកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត ។ ចំណែកម៉ូតូទាំង២គ្រឿង យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយទាប ដើម្បីរង់ចាំការដោះស្រាយតាមផ្លូវច្បាប់ ៕



ចែករំលែកព័តមាននេះ