ខេត្តសៀមរាប ៖ ក្រុមគ្រូពេទ្យនៃរដ្ឋបាលខេត្តសៀមរាបបានចុះប្រតិបត្តិការដោយមិនកំណត់ថ្ងៃ ដើម្បីយកវត្ថុសំណាកវិភាគ នៃពលរដ្ឋអ្នកពាក់ព័ន្ធ និងធ្លាប់បានចេញចូលផ្សារក្រោមនៃក្រុងសៀមរាប បន្ទាប់ពីបានរកឃើញវិជ្ជមានកូវីដ១៩ចំនួន៥នាក់ នៅទីនោះ ។
ក្រុមគ្រូពេទ្យនៃរដ្ឋបាលខេត្តសៀមរាប ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ បានចេញប្រតិបត្តិការដ៏ធំមួយ នៅតំបន់ផ្សារក្រោម ក្នុងភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដែលក្នុងនោះ អ្នកពាក់ព័ន្ធ និងសង្ស័យមិនក្រោមពី១ពាន់នាក់នោះទេ ដែលត្រូវយកវត្ថុសំណាកធ្វើតេស្តរកវារ៉ុស កូវីដ-១៩ ។
បើតាមលោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប មានប្រសាសន៍ឲ្យដឹងយ៉ាងដូច្នេះថា ខណៈពេលដែលលោកវត្តមាននៅក្នុងប្រតិបត្តិការណ៍យកសំណាកជនដែលដែលពាក់ព័ន្ធទាំងនោះ ។ លោកបានបញ្ជាក់សារជាថ្មីថា កាលពីថ្ងៃទី១២ ខែមេសាកន្លងទៅនេះ នៅក្នុងផ្សារក្រោម បានរកឃើញអាជីវករចំនួន៥នាក់ មានផ្ទុកវីរុសកូវីដ-១៩ ក្នុងនោះ៤នាក់រស់នៅក្នុងចង្កោមគ្រួសារតែមួយ និងម្នាក់ទៀតជាអ្នកលក់បន្លែ ។
លោកអំពាវនាវថា សូមឲ្យអ្នកពាក់ព័ន្ធទាំងអស់ ទាំងផ្ទាល់ ទាំងប្រយោល និងធ្លាប់ចេញចូលផ្សារក្រោម ចាប់ពីថ្ងៃទី១៤ ខែមីនាកន្លងមក សូមមកសហការណ៍ជាមួយក្រុមការងារស្ម័គ្រចិត្ត មកយកសំណាកធ្វើតេស្តកុំបីខាន ដើម្បីសុវត្ថិភាពក្នុងសហគមន៍ ។
លោកបន្ថែមថា ប្រតិបត្តិការនេះមិនកំណត់ពេលវេលានោះទេ គឺក្រុមការងារនៅរង់ចាំទទួលសំណាក រហូតដល់អស់អ្នកពាក់ព័ន្ធ ហើយលោកក៏បានបញ្ជាក់ដែរថា កន្លងមកនៅក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ខេត្តសៀមរាបធ្លាប់បានបិទផ្សារ ពីរ ទៅ បី កន្លែងរួចមកហើយ តែការយកសំណាកធ្វើតេស្ត ពុំរកឃើញវិជ្ជមានកូវីដ-១៩នោះឡើយ ក៏ប៉ុន្តែព្រឹត្តិការណ័នៅផ្សារក្រោមនេះ បានរកឃើញវិជ្ជមានលើអ្នកពាក់ព័ន្ធចំនួន៥នាក់រួចទៅហើយ ហើយអ្នកពាក់ព័ន្ធនិងអ្នកដែលមានការសង្ស័យ ត្រូវបន្តយកសំណាកនោះ មកពិនិត្យបន្ត។
លោកប៉ាន់ស្មានថា មិនក្រោម១ពាន់នាក់នោះឡើយ ដោយសារតែក្នុងក្រុមគ្រួសារមួយដែលមានសមាជិក៤នាក់ រកឃើញថាវិជ្ជមាននោះ ពាក់ព័ន្ធនឹងការបិទផ្សារវត្តអធ្វាផងដែរ ។ លោក ក្រុស សារ៉ាត់ បានឲ្យដឹងទៀតថា មន្ទីរពេទ្យបង្អែកខេត្តសៀមរាប មានមន្ទីរពិសោធន៍ធ្វើតេស្តលើវត្ថុសំណាករកវីរុសកូវីដ-១៩ ដែលមានសមត្ថភាពក្នុង១ថ្ងៃ អាចវិភាគវត្ថុសំណាកបានចំនួន២០០វត្ថុសំណាក ។ បើគិតអំពីស្ថានភាពប្រមូលវត្ថុសំណាក កាលពីថ្ងៃទី១២ មេសា នៅផ្សារក្រោម សំណាកមួយចំនួនត្រូវបានវេចខ្ចប់បញ្ជូនទៅភ្នំពេញ ដើម្បីជួយសម្រាលបន្ទុកនៃការវិភាគឲ្យបានទាន់ពេលវេលា ។
គួរបញ្ជាក់ដែរថា នៅក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មកដល់ពេលនេះ ខេត្តសៀមរាបបានរកឃើញវិជ្ជមានកូវីដ- ១៩ចំនួន១៧ករណី ក្នុងនោះ ៧ករណី ជាការចម្លងនាំចូលពីខេត្តខាងក្រៅ និង១០ករណីទៀត ជាការចម្លងបន្តគ្នាដែលចេញ ពីការនាំចូលនោះ ។ ក្នុងចំណោមអ្នកជម្ងឺទាំង១៧នាក់នោះ មាន៣នាក់ហើយ ដែលបានទទួលការព្យាបាលជាសះស្បើយ ចេញពីមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានត្រឡប់ទៅផ្ទះវិញ៕














ចែករំលែកព័តមាននេះ