តាមប្រភពព័ត៌មានពីBBCបានឱ្យដឹងថា អ្នកគាំទ្របាល់ទាត់ចំនួន២០ក្លិបក្នុងក្របខ័ណ្ឌប្រឺមីញេលីកអង់គ្លេស និង១០ក្លិបនៅឆេមពានស៊ីប មានគម្រោងចូលរួមតវ៉ានៅចុងសប្តាហ៍នេះ ដើម្បីអំពាវនាវឱ្យបញ្ចុះតម្លៃសំបុត្រចូលទស្សនាការប្រកួតក្រោយពីលទ្ធផលស្រាវជ្រាវមុននេះបញ្ជាក់ថា សំបុត្រទស្សនាក្នុងប្រឺមីញេលីកមានតម្លៃជាមធ្យម៥៣,៧៦ផោន ដែលចាត់ទុកថាថ្លៃបំផុត ។
អ្នកគាំទ្រមានគម្រោងប្រើស្លាកក្រណាត់សរសេរពាក្យតវ៉ាពីតម្លៃសំបុត្រនៅក្នុងការប្រកួតរវាងក្លិប Everton ជួបក្លិបLiverpool រួមទាំងការប្រកួតរវាងក្លិបArsenal និងក្លិបMan Utd ។ ទោះជាបែបណាក៏ដោយ មានក្លិបជាច្រើនទៀតបានបដិសេធមិនឱ្យប្រើស្លាកតវ៉ាទេ រួមមានក្លិប Aston Villa ជួបក្លិប Stoke បុ៉ន្តែយល់ព្រមឱ្យប្រេើស្លាកគាំទ្រក្លិបជំនួសវិញ ។
លោក ខេវីន ម៉ៃ ប្រធានសមាគមអ្នកគាំទ្របាល់ទាត់ថ្លែងថា តម្លៃសំបុត្រជាឧបសគ្គដ៏ធំរបស់អ្នកគាំទ្រភាគច្រើនក្នុងការចូលទស្សនា និងមិនគួរមានក្លិបណាមួយបដិសេធការសម្តែងមតិបែបនេះទេ ។
សម្រាប់សំបុត្រចូលទស្សនានៅក្នុងទឹកដីថ្លៃបំផុត ទី១ក្លិបArsenal ថ្លៃ៩៥ផោន ទី២ក្លិប West Ham ថ្លៃ៩៥ផោន និងទី៣ក្លិប Chelsea ថ្លៃ៨៧ផោន ។ រីឯសំបុត្រនៅក្រៅដីថ្លៃបំផុតរួមមាន ទី១ក្លិប West Ham ថ្លៃ៨៥ផោន ទី២ ក្លិបArsenal ថ្លៃ៦៤ផោន និងទី៣ក្លិប Chelsea ថ្លៃ៥៩ផោន ៕
ចែករំលែកព័តមាននេះ