ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រោងចក្រកាត់ដេរ នៅភ្នំពេញ និងក្រុងតាខ្មៅ ត្រូវបិទដំណើរការ បន្ទាប់ពីកម្មករឆ្លងកូវីដច្រើន

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ទីបំផុតទៅ រោងចក្រកាត់ដេរ​ នៅក្នុងរាជធានីភ្នំពេញ និងទីក្រុងតាខ្មៅ ខេត្តកណ្តាល ត្រូវបិទដំណើរការរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី១៥-២៨ ខែមេសា…

ភ្នំពេញ៖ ទីបំផុតទៅ រោងចក្រកាត់ដេរ​ នៅក្នុងរាជធានីភ្នំពេញ និងទីក្រុងតាខ្មៅ ខេត្តកណ្តាល ត្រូវបិទដំណើរការរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី១៥-២៨ ខែមេសា ឆ្នាំ២០២១​។ ប៉ុន្តែ​​រោងចក្រ សហគ្រាស សិប្បកម្ម ឬទីកន្លែងផលិតម្ហូបអាហារ និងគ្រឿងឧបភោគបរិភោគ ដោយរួមទាំង​ទីសត្តឃាត ដែលជាតម្រូវការ​ចាំបាច់ប្រចាំថ្ងៃ​ ត្រូវបាន​រាជរដ្ឋាភិបាល អនុញ្ញាត​ឲ្យបន្ត​ដំណើរការ​។​

ការសម្រេច​ខាងលើនេះ ត្រូវបានកំណត់ក្នុងសេចក្តីសម្រេច ស្តីពី សេចក្តីសម្រេច​បិទខ្ទប់​រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល រយៈពេល ១៤ថ្ងៃ ចាប់ពីម៉ោងសូន្យ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ ដែលរាជរដ្ឋាភិបាល បានសម្រេចនៅយប់ថ្ងៃទី១៤ ខែមេសានេះ​។

ក្នុងសារជាសំឡេងជាង ២៨នាទី បន្ថែមលើសេចក្តីសម្រេចបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៅយប់ថ្ងៃទី១៤មេសា សម្តេចតេជោ ហ៊ុន សែន ​បានប្រកាសណែនាំដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវ​ពិនិត្យ​បិទ​រោងចក្រ​កាត់ដេរ នៅក្នុងរាជធានីភ្នំពេញ និងទីក្រុងតាខ្មៅ។​​ តែរោងចក្រ​ផលិត​ចំណីអាហារ មី និងគ្រឿងហូបចុក ឲ្យបន្តដំណើរការ​។

សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកសាថា អាជ្ញាធររាជធានីភ្នំពេញ និងខេត្តកណ្តាល ក៏ត្រូវពិនិត្យ​មើលហាង​លក់ទំនិញណាខ្លះ ដែល​ត្រូវបិទ​ ហើយក្នុងនោះ ហាងលក់សម្លៀកបំពាក់ និង​ផលិតផលមិនចាំបាច់​ផ្សេងទៀត ក្រៅពី​លក់ម្ហូបអាហារ គ្រឿងឧបភោគបរិភោគ ក៏ត្រូវបិទ​ក្នុងអំឡុងពេល ១៤ថ្ងៃនេះផងដែរ​។

យ៉ាងណាក៏ដោយ នៅតាមរោងចក្រ តាមហាង និងតាមផ្សារ ដែលបើក​លក់​របស់របរចាំបាច់​ និង​ម្ហូបអាហារប្រចាំថ្ងៃនេះ ត្រូវបានសម្តេចតេជោ ណែនាំ​ឲ្យ​រក្សាគម្លាត និងវិធានសុខាភិបាល ឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល​។ ក្នុងនោះ ផ្សារទំនើប​ ក៏ត្រូវដាក់វេនគ្នាចូល ដើម្បីកុំ​ឲ្យប្រជ្រៀតគ្នាផងដែរ​។

សូមរម្លឹកថា ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ កម្មកររោងចក្រកាត់ដេរ​កាន់តែច្រើនឡើងៗ ត្រូវបានរកឃើញឆ្លងកូវីដ១៩ នៅក្នុងរាជធានីភ្នំពេញ ពិសេសរោងចក្រ​កាត់ដេរ ឌីន ហាន នៅស្ទឹងមានជ័យ មានកម្មករកាត់ដេរ ឆ្លងកូវីដ១៩ រកឃើញ​ជាង ៦០០នាក់​ហើយ​ គិតត្រឹមថ្ងៃទី១៤​ ខែមេសា​៕