មានខ្យល់បោកបក់ដល់ល្បឿន១៨៥គីឡូម៉ែត្រក្នុង១ម៉ោងព្យុះសង្ឃរាឈ្មោះ JOAQUIN កាលពីយប់ថ្ងៃទី៣០ កញ្ញា ក្លាយជាព្យុះសង្ឃរាប្រភេទទី៣ ក្នុងចំណោម៥ប្រភេទពេលវាបោកបក់ជិតដល់បាហាម៉ាស់ ខណៈភាពមិនច្បាស់នៅតែមានលើផលប៉ះពាល់របស់ព្យុះនេះលើបណ្តាតំបន់ឆ្នេរសមុទ្រអាមេរិកនាចុងសប្តាហ៍ ។
បណ្តាអ្នកជំនាញការនៃមជ្ឈមណ្ឌលខ្យល់ព្យុះអាមេរិក NHC មានមូលដ្ឋាននៅទីក្រុងម៉ៃអាមី បានព្រមានកាលពីថ្ងៃទី៣០ កញ្ញាថា យើងយល់ថា ព្យុះនោះនឹងក្លាយជាព្យុះយ៉ាងខ្លាំងបំផុតមួយរយៈពេល២៤ម៉ោងទៀត ។
បណ្តាព្យុះសង្ឃរាដែលរាប់ចូលក្នុងប្រភេទព្យុះប្រភេទទី៣ និងលើសពីនេះ ទាល់តែកម្លាំងខ្យល់បោកបក់មានល្បឿនលើសពី១៧៨គីឡូម៉ែត្រក្នុង១ម៉ោងឡើងទៅ ។ ព្យុះ JOAQUIN ស្ថិតនៅចម្ងាយ១៤៥គីឡូម៉ែត្រ ខាងកើតសាន់សាល់វ៉ាឌ័រ ជាកោះមួយនៃប្រជុំកោះបាហាម៉ាស់ ហើយបោកបក់ឆ្ពោះទៅភាគនិរតី ។ ការប្រកាសអាសន្នខ្យល់ព្យុះស្ថិតជាធរមានសម្រាប់កោះជាច្រើននាភាគកណ្តាល និងភាគពាយ័ព្យនៃប្រជុំកោះបាហាម៉ាស់ ។ បណ្តាសាលារៀនត្រូវបិទទ្វារចាប់តាំងពីថ្ងៃទី៣០ កញ្ញា មក ។
NHC គូសបញ្ជាក់ថា ព្យុះនេះត្រូវឆ្លងកាត់តំបន់នានានាភាគកណ្តាលបាហាម៉ាស់ នៅយប់ថ្ងៃទី៣០ កញ្ញា និងថ្ងៃទី១ តុលា ។ គេព្យាករណ៍ថា នឹងមានភ្លៀងធ្លាក់ខ្លាំងបំផុតនាភាគកណ្តាលបាហាម៉ាស់ ៕
ចែករំលែកព័តមាននេះ