ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ពាក់ព័ន្ធ និង​អាជីវករ​ផ្សារ​ក្រោម ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​យក​វត្ថុ​សំណាក​វិភាគរ​កកូ​វី​ដ​-១៩

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ក្រុម​គ្រូពេទ្យ​នៃ​រដ្ឋបាល​ខេត្តសៀមរាប បាន​ចុះ​ប្រតិបត្តិ​ការណ៍​ដោយ​មិន​កំណត់​ថ្ងៃ ដើម្បី​យក​វត្ថុ​សំណាក​វិភាគ នៃ​ពលរដ្ឋ​អ្នក​ពាក់ព័ន្ធ និង​ធ្លាប់​បាន​ចេញចូល​ផ្សារ​ក្រោម​នៃ​ក្រុង​សៀមរាប បន្ទាប់​ពី​បាន​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​-១៩​ចំនួន​៥​នាក់ នៅ​ទីនោះ​។ ក្រុម​គ្រូពេទ្យ​នៃ​រដ្ឋបាល​ខេត្តសៀមរាប…

ខេត្តសៀមរាប ៖ ក្រុម​គ្រូពេទ្យ​នៃ​រដ្ឋបាល​ខេត្តសៀមរាប បាន​ចុះ​ប្រតិបត្តិ​ការណ៍​ដោយ​មិន​កំណត់​ថ្ងៃ ដើម្បី​យក​វត្ថុ​សំណាក​វិភាគ នៃ​ពលរដ្ឋ​អ្នក​ពាក់ព័ន្ធ និង​ធ្លាប់​បាន​ចេញចូល​ផ្សារ​ក្រោម​នៃ​ក្រុង​សៀមរាប បន្ទាប់​ពី​បាន​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​-១៩​ចំនួន​៥​នាក់ នៅ​ទីនោះ​។ ក្រុម​គ្រូពេទ្យ​នៃ​រដ្ឋបាល​ខេត្តសៀមរាប ថ្ងៃ​ទី​១៤ ខែមេសា ឆ្នាំ​២០២១ បាន​ចេញ​ប្រតិបត្តិ​ការណ៍​ដ៏​ធំ​មួយ នៅ​តំបន់​ផ្សារ​ក្រោម ក្នុងភូមិ​វិហារ​ចិន សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ដែល​ក្នុង​នោះ​អ្នក​ពាក់ព័ន្ធ និង​សង្ស័យ​មិន​ក្រោម​ពី​១​ពាន់​នាក់​នោះ​ទេ ដែល​ត្រូវ​យក​វត្ថុ​សំណាក ធ្វើតេស្ត​រក​វីរុស កូ​វី​ដ​-១៩​។

បើ​តាម​លោក​វេជ្ជបណ្ឌិត ក្រុស សា​រ៉ាត់ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប មាន​ប្រសាសន៍​ឲ្យ​ដឹង​យ៉ាង​ដូច្នេះ​ថា ខណៈ​ពេល​ដែល​លោក​វត្ត​មាននៅ​ក្នុង​ប្រតិបត្តិ​ការណ៍​យក​សំណាក​ជន​ដែល​ដែល​ពាក់ព័ន្ធ​ទាំងនោះ​។ លោក​បាន​បញ្ជាក់​សារ​ជា​ថ្មី​ថា​៖ កាលពី​ថ្ងៃ​ទី​១២ ខែមេសា​កន្លង​ទៅ​នេះ នៅ​ក្នុង​ផ្សារ​ក្រោម បាន​រក​ឃើញ​អាជីវករ​ចំនួន​៥​នាក់ មាន​ផ្ទុក​វីរុស​កូ​វី​ដ​-១៩ ក្នុង​នោះ​៤​នាក់​រស់នៅ​ក្នុង​ចង្កោម​គ្រួសារ​តែ​មួយ និង​ម្នាក់​ទៀត​ជា​អ្នកលក់​បន្លែ​។ លោក​អំពាវនាវ​ថា សូម​ឲ្យ​អ្នក​ពាក់ព័ន្ធ​ទាំងអស់​ទាំង​ផ្ទាល់ ទាំង​ប្រយោល និង​ធ្លាប់​ចេញចូល​ផ្សារ​ក្រោម ចាប់ពី​ថ្ងៃ​ទី​១៤ ខែមីនា កន្លង​មក​សូម​មក​សហ​ការណ៍​ជាមួយ​ក្រុមការងារ​ស្ម័គ្រចិត្ត មក​យក​សំណាក​ធ្វើតេស្ត​កុំបី​ខាន ដើម្បី​សុវត្ថិភាព​ក្នុង​សហគមន៍​។

លោក​បន្ថែម​ថា ប្រតិបត្តិ​ការណ៍​នេះ​មិន​កំណត់​ពេលវេលា​នោះ​ទេ គឺ​ក្រុមការងារ​នៅ​រង់ចាំ​ទទួល​សំណាក​រហូត​ដល់​អស់អ្នក​ពាក់ព័ន្ធ ហើយ​លោក​ក៏​បាន​បញ្ជាក់​ដែរ​ថា កន្លង​មក​នៅ​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ ខេត្តសៀមរាប​ធ្លាប់​បាន​បិទ​ផ្សារ ពីរ ទៅ​បី កន្លែង​រួច​មក​ហើយ តែ​ការ​យក​សំណាក​ធ្វើតេស្ត ពុំ​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​-១៩​នោះ​ឡើយ ក៏​ប៉ុន្តែ​ព្រឹត្តិការណ៍​នៅ​ផ្សារ​ក្រោម​នេះ បាន​រក​ឃើញ​វិជ្ជមាន​លើ​អ្នក​ពាក់ព័ន្ធ​ចំនួន​៥​នាក់​រួច​ទៅ​ហើយ ហើយ​អ្នក​ពាក់ព័ន្ធ និង​អ្នក​ដែល​មានការ​សង្ស័យ ត្រូវ​បន្ត​យក​សំណាក​នោះ​មក​ពិនិត្យ​បន្ត​។

លោក​ប៉ាន់​ស្មានថា មិន​ក្រោម​១​ពាន់​នាក់​នោះ​ឡើយ ដោយសារ​តែ​ក្នុង​ក្រុម​គ្រួសារ​មួយ​ដែល​មាន​សមាជិក​៤​នាក់ រក​ឃើញ​ថា​វិជ្ជមាន​នោះ ពាក់ព័ន្ធ​នឹង​ការ​បិទ​ផ្សារ​វត្ត​អធ្វា​ផង​ដែរ​។ លោក ក្រុស សា​រ៉ាត់ បាន​ឲ្យ​ដឹង​ទៀត​ថា មន្ទីរពេទ្យ​បង្អែក​ខេត្ត សៀមរាប មាន​មន្ទីរពិសោធន៍​ធ្វើតេស្ត​លើ​វត្ថុ​សំណាក​រក​វីរុស​កូ​វី​ដ​-១៩ ដែល​មាន​សមត្ថភាព​ក្នុង​១​ថ្ងៃ អាច​វិភាគ​វត្ថុ​សំណាក​បាន​ចំនួន​២០០​វត្ថុ​សំណាក​។ បើ​គិត​អំពី​ស្ថានភាព​រក​វត្ថុ​សំណាក នៅ​ក្នុង​ព្រឹត្តិការណ៍​១២​មេ​សា​នៅ​ផ្សារ​ក្រោម សំណាក​មួយ​ចំនួន​ត្រូវ​បាន​វេច​ខ្ចប់​បញ្ជូន​ទៅ​ភ្នំពេញ ដើម្បី​ជួយ​សម្រាល​បន្ទុក​នៃ​ការ​វិភាគ ឲ្យ​បាន​ទាន់​ពេលវេលា​។

គួរ​បញ្ជាក់​ដែរ​ថា នៅ​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ មក​ដល់​ពេល​នេះ ខេត្តសៀមរាប​បាន​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​-១៩​ចំនួន​១៧​ករណី ក្នុង​នោះ​៧​ករណី ជា​ការ​ចម្លង​នាំ​ចូល​ពី​ខេត្ត​ខាងក្រៅ និង​១០​ករណី​ទៀត ជា​ការ​ចម្លង​បន្ត​គ្នា​ដែល​ចេញ ពី​ការ​នាំ​ចូល​នោះ​។ ក្នុង​ចំណោម​អ្នកជំងឺ​ទាំង​១៧​នាក់​នោះ មាន​៣​នាក់​ហើយ ដែល​បាន​ទទួល​ការ​ព្យាបាល​ជា​សះស្បើយ ចេញពី​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប បាន​ត្រលប់​ទៅ​ផ្ទះ​វិញ​៕​ដោយ ៖ ច័ន្ទ រស្មី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ