ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សកម្មភាព​ពុទ្ធបរិស័ទ​នាំ​គ្នា​ប្រគេន​ចង្ហាន់​ព្រះសង្ឃ នៅ​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ក្នុង​ថ្ងៃ​ដំបូង

3 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ គេ​ដឹង​ហើយ​ថា តាំងពី​បុរាណកាលរ​ហូ​មក​ដល់​បច្ចុប្បន្ន ឱ្យ​តែ​ដល់​ថ្ងៃ​ដំបូង នៃ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​ម្តង​ៗ ដែល​គេ​ឲ្យ​ឈ្មោះ​ថា​ថ្ងៃ​សង្ក្រាន្ត ខណៈ​ប្រជាពលរដ្ឋ​ខ្មែរ​យើង តែងតែ​រៀប​ចំណី ផ្លែ​ឈើ…

ខេត្ត​ប៉ៃលិន ៖ គេ​ដឹង​ហើយ​ថា តាំងពី​បុរាណកាលរ​ហូ​មក​ដល់​បច្ចុប្បន្ន ឱ្យ​តែ​ដល់​ថ្ងៃ​ដំបូង នៃ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​ម្តង​ៗ ដែល​គេ​ឲ្យ​ឈ្មោះ​ថា​ថ្ងៃ​សង្ក្រាន្ត ខណៈ​ប្រជាពលរដ្ឋ​ខ្មែរ​យើង តែងតែ​រៀប​ចំណី ផ្លែ​ឈើ នំចំណី និង​គ្រឿង​សក្ការបូជា ដាក់​តាំងនៅ​លើរាន​ហាល​ខាង​មុខ​ផ្ទះ ដើម្បី​ទទួល​ទេវតា​ឆ្នាំ​ថ្មី​យាងចុះ​មក ។

លុះ​ក្រោយ​ពី​គេ​រៀបចំ​កម្មវិធី​បួងសួង បន់ស្រន់ ដល់​ទេវតា​ឆ្នាំ​ថ្មី​ហើយ​រួចរាល់​ហើយ ជា​ទំនៀមទម្លាប់​របស់​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​តាម​ភូមិ​នីមួយ​ៗ តែងតែ​នាំ​គ្នា ចំអិនម្ហូប​អាហារ ដើម្បី​ដាក់​ចានស្រាក់ យក​ទៅ​វត្ត​អារាម រាប់បាត្រ​ព្រះសង្ឃ និង​បង្សុកូល ហើយ​ពូន​ភ្នំខ្សាច់ ព្រមទាំង​ស្តាប់ធម៌​ទេសនា ហើយ​នាំ​គ្នា​ត្រលប់​ទៅ​ផ្ទះសម្បែង​វិញ រួច​នាំ​គ្នា​ដើរ​លេង​កម្សាន្ត​នៅ​តាម​រមណីយដ្ឋាន​នានា​។ លើស​ពី​នេះ​គេ​ក៏​មាន​លេងល្បែង​កម្សាន្ត​ប្រជាប្រិយ​នៅ​តាម​វត្ត​នីមួយ​ៗ​ផង​ដែរ ដូច​ជា​ល្បែង​លាក់កន្សែង ចោល​ឈូង ល្បែង​ទាញព្រ័ត្រ បោះ​អ​ង្គុ​ញ រាំវង់​។

បើ​រំលឹក​កាលពី​សម័យ​ដើម គេ​មាន​លេងល្ខោន ឱ្យ​ប្រជាពលរដ្ឋ​ទស្សនា​កម្សាន្ត មានការ​ច្រៀង អា​យ៉ៃ​ឆ្លើយឆ្លង និង​រាំ​ថូន (​រាំ​ស្គរដី​) ផង​ដែរ​។ ជាក់ស្តែង​បើ​គេ​សង្កេត​មើលទៅ​ពុទ្ធបរិស័ទ​ក្នុង​ខេត្ត​ប៉ៃលិន នា​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ នា​ថ្ងៃ​ទី​១៤ ខែមេសា ឆ្នាំ​២០២១​នេះ ឃើញ​ថា ពួក​គាត់​បាន​ធ្វើ​ម្ហូបអាហារ នំចំណី ជា​ចង្ហាន់ ដើម្បី​ប្រគេន​ព្រះសង្ឃ​នៅ​ក្នុង​វត្ត​ពោធិ​មា​រាម ហៅ​វត្ត​ប៉ា​ហ៊ី និង​តាម​វត្ត​អារាម​នានា​ផង​ដែរ​។ បើ​តាម​សង្ឃដីកា​របស់​ព្រះ​គ្រូ​រតនៈ​មុន្នី អ៊ា សុ​ផ​ន ព្រះ​មេគុណ​ខេត្ត​ប៉ៃលិន និង​ជា​ព្រះ​ចៅ អធិការ​វត្ត​ពោធិ​មា​រាម បានឱ្យ​ដឹង​ថា​៖

នៅ​ឆ្នាំ​២០២១​នេះ ក៏​ជា​ឆ្នាំ​ទី​២​ហើយ ដែល​ពុទ្ធបរិស័ទ​ចូល​មក​ក្នុង​ទី​វត្ត​អារាម ត្រូវ​អនុវត្ត​តាម​វិធានការ​៣​ការពារ ៣​កុំ របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា និង​តាម​សេចក្តីណែនាំ​របស់​ក្រសួងសុខាភិបាល ដើម្បី​ការពារ​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ ចូល​ក្នុង​សហគមន៍ ខេត្ត​ប៉ៃលិន​។ ព្រះ​ចៅអធិការ​វត្ត​ខាងលើ បញ្ជាក់​ទៀត​ថា តាំងពី​មាន​បញ្ហា​ជំងឺ​កូ​វី​ដ​-១៩​ផ្ទុះ​ឡើង គេ​មិនសូវ​ឃើញ​មាន​ប្រជាពលរដ្ឋ​ពុទ្ធបរិស័ទ​ចូល​ទៅ​ធ្វើបុណ្យ​កុះករ ដូច​កាលពីមុន​នោះ​ទេ គឺ​មាន​ពុទ្ធបរិស័ទ ចូល​ធ្វើបុណ្យ​ទាំង​ក្មេង​ចាស់​ប្រុស​ស្រី យ៉ាងច្រើន​កុះករ​។ ចំណែកឯ​បច្ច័យ​ក៏​បាន​ច្រើន​គួរសម​សម្រាប់​យក​ទៅ​កសាង​កុដិ និង​សាលាឆាន់ បន្ថែម​ទៀត​ផង​ដែរ​។ តែ​ទោះបីជា​យ៉ាងណា ក៏​មាន​ប្រជាពលរដ្ឋ​បន្ត​ចូលរួម​ធ្វើបុណ្យ​កុសល​មិន​ដាច់​ជា​រៀងរាល់ថ្ងៃ ហើយ​ព្រះ​តេជគុណ​ក៏​សូម​ជូនពរ​ឱ្យ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ប៉ៃលិន​ទទួល​បាន​នូវ​ពរ​ជ័យ សិរី​មង្គល នា​ឱកាស​ឆ្នាំ​ថ្មី​គ្រប់​ៗ​គ្នា​៕ ដោយ ៖ នី​យ៉ា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ