ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀរពូទីន កាលពីថ្ងៃទី៣០ កញ្ញា បានទទួលការយល់ព្រមរបស់ព្រឹទ្ធសភារុស្ស៊ីសម្រាប់ការវាយប្រហារតាមអាកាសជួយទ្រទ្រង់ដល់កងទ័ពរបស់ប្រធានាធិបតីលោកបាចា អាល់អាសាដ ប៉ុន្មានម៉ោងក្រោយកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខជាតិស្តីពីការតស៊ូប្រឆាំងការគំរាមកំហែងភេរវកម្ម ។
ព្រឹទ្ធសមាជិកទាំង១៦២រូប ដែលមានវត្តមានបានអនុម័តជាឯកច្ឆ័ន្ទសំណើរបស់វិមានក្រឹមឡាំងសុំអនុញ្ញាតឱ្យប្រើកម្លាំងយោធានៅឯបរទេស ។
នាយកខុទ្ទកាល័យប្រធានាធិបតី លោកស័រហ្គេយអីុវ៉ាណូវ បញ្ជាក់ថា ប្រតិបត្តិការយោធាទាក់ទិននឹងស៊ីរី ហើយទាក់ទិននឹងការវាយប្រហារតាមអាកាសដែលសម្រាប់ពេលនេះយ៉ាងហោចណាស់ក៏បដិសេធការប្រើកងកម្លាំងនៅលើដីដែរ ។
បន្ទាប់ពីការអនុម័តរបស់ព្រឹទ្ធសភា លោកអុីវ៉ាណូវ ពន្យល់ថា ទិសដៅយោធានៃប្រតិបត្តិការនេះគឺសម្រាប់តែជួយទ្រទ្រង់ខាងអាកាសដល់កងទ័ពស៊ីរី ក្នុងការតស៊ូប្រឆាំងក្រុមរដ្ឋអ៊ិស្លាម ។
ក្រោយទទួលបានភ្លើងខៀវនេះ កងយន្តហោះរុស្ស៊ីនាថ្ងៃទី៣០ កញ្ញា បានធ្វើការវាយប្រហារលើកដំបូងនានានៅស៊ីរីតាមសំណើរបស់លោកអាសាដ ជាអន្តរាគមន៍យោធាមួយភ្លាមៗនាំឱ្យមានការសង្ស័យក្នុងចំណោមពួកលោកខាងលិចទាក់ទិននឹងគោលដៅពិតប្រាកដនៃការវាយប្រហារទាំងនេះ ថាតើសំដៅលើក្រុមរដ្ឋអ៊ិស្លាម ឬក៏ពួកឧទ្ទាមស៊ីរី ។
ការទម្លាក់គ្រាប់បែកនេះធ្វើឡើងប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីរុស្ស៊ីបង្ហាញជូន អ.ស.ប នូវគម្រោងដំណោះស្រាយមួយ ដែលសំដៅធ្វើការសម្របសម្រួលរាល់កម្លាំង ដើម្បីប្រឈមមុខនឹងក្រុមរដ្ឋអ៊ិស្លាម ព្រមទាំងរចនាសម្ព័ន្ធភេវរកម្មឯទៀតៗ ។
ក្រសួងការពារប្រទេសរុស្ស៊ីគូសបញ្ជាក់នាថ្ងៃទី៣០ កញ្ញា ថា កងទ័ពអាកាសរុស្ស៊ីបានចេញវាយប្រហារទាំងនេះសំដៅលើគោលដៅ៨ ។ ទីតាំងទាំង៨នេះត្រួតត្រាដោយក្រុមរដ្ឋអ៊ិស្លាមរងការទម្លាក់គ្រាប់បែក ព្រមទាំងប៉ុស្តិ៍បញ្ជាការ និងបណ្តាមជ្ឈមណ្ឌលត្រួតពិនិត្យរបស់ក្រុមនេះក្នុងតំបន់ភ្នំរបស់ស៊ីរី រួចគោលដៅទាំងនោះរងការកម្ទេចទាំងស្រុង ។
ការវាយប្រហារតាមអាកាសទាំងនេះចេញធ្វើពីមូលដ្ឋានអាកាសចរណ៍ស៊ីរីមួយ បន្ទាប់ពីប្រតិបត្តិការហោះហើរស៊ើបយកការណ៍ និងការផ្តល់ទិន្នន័យរបស់កងទ័ពរដ្ឋាភិបាលស៊ីរី ។
អ្នកនាំពាក្យក្រសួងការពារប្រទេសរុស្ស៊ីគូសបញ្ជាក់ថា ពុំមានទីតាំងស៊ីវិលណាមួយរងការវាយប្រហារឡើយ សូម្បីនៅក្បែរ ។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោកឌីមីទ្រី ប៉េស្កូវ អះអាងកាលពីថ្ងៃទី៣០ កញ្ញា ថា ការវាយប្រហារតាមអាកាសរបស់រុស្ស៊ីគ្រាន់ជាបណ្តោះអាសន្ន ហើយធ្វើតែក្នុងដំណាក់កាលនៃប្រតិបត្តិការវាយលុករបស់កងទ័ពស៊ីរីប៉ុណ្ណោះ ។
ភ្លាមៗបន្ទាប់ពីការវាយប្រហារទាំងនេះបារាំង និងសហរដ្ឋអាមេរិកបានបញ្ចេញប្រតិកម្មចំពោះការជ្រើសរើសគោលដៅវាយប្រហាររបស់កងទ័ពរុស្ស៊ី ។ នៅក្រុងញូវយ៉ក រដ្ឋមន្ត្រីការបរទេសបារាំង លោក LACRENT FABIUS ថ្លែងថា តាមសេចក្តីរាយការណ៍នានាថា ការវាយប្រហររបស់រុស្ស៊ីពុំមែនសំដៅលើពួករដ្ឋអ៊ិស្លាមឡើយ ។
លោកបន្តថា គេត្រូវត្រួតពិនិត្យថាតើគោលដៅអ្វីខ្លះដែលកងយន្តហោះរុស្ស៊ីវាយប្រហារ ។ ចំណែកប្រភពការទូតបារាំងមួយនិយាយថា ពុំមែនលើពួករដ្ឋអ៊ិស្លាមទេដែលរុស្ស៊ីវាយប្រហារ ប្រាកដណាស់ លើបណ្តាក្រុមប្រឆាំងស៊ីរី ។
នៅក្រុងវ៉ាស៊ីនតោន រដ្ឋមន្ត្រីការពារប្រទេសអាមេរិក លោក ASHTON CARTER ក៏វាយតម្លៃដែរថា ការវាយប្រហារទាំងឡាយប្រហែលពុំសំដៅលើក្រុមរដ្ឋអ៊ិស្លាមឡើយ ។ លោកថា ការវាយប្រហារទាំងនេះហាក់ដូចជាធ្វើក្នុងបណ្តាតំបន់ដែលប្រហែលគ្មានកងកម្លាំងរដ្ឋអ៊ិស្លាម ។
រីឯរដ្ឋមន្ត្រីការបរទេសអាមេរិក លោកចន ឃ័ររី និយាយថា ក្រុងវ៉ាស៊ីនតោនត្រៀមស្វាគមន៍ដោយអនុគ្រោះចំពោះការវាយប្រហាររបស់រុស្ស៊ី ប្រសិនបើសំដៅពិតប្រាកដលើក្រុមរដ្ឋអ៊ិស្លាម ។
កងទ័ពអាកាសស៊ីរីអះអាងថា បានធ្វើការវាយប្រហារយ៉ាងច្បាស់នានា ដោយកម្ទេចជាពិសេសបណ្តាឧបករណ៍យោធា មធ្យោបាយគមនាគមន៍ និងឃ្លាំងស្តុកអាវុធ និងគ្រាប់រំសេវរបស់ក្រុមរដ្ឋអ៊ិស្លាម ។ រីឯទូរទស្សន៍ស៊ីរីរៀបរាប់ថា ការវាយប្រហាររបស់រុស្ស៊ី គឺក្នុងខេត្តហាម៉ា និងខេត្តហូម ចំណែកកងទ័ពអាកាសស៊ីរីធ្វើការវាយប្រហារក្នុងតំបន់ LATTAQUIE ។
ពេលរុស្ស៊ីចាប់ធ្វើការវាយប្រហារតាមអាកាស លោកពូទីន យល់ថា លោកអាសាដ ត្រូវត្រៀមខ្លួនធ្វើការសម្របសម្រួលជាមួយពួកប្រឆាំង ដែលទទួលការអនុគ្រោះ ។ លោកអះអាងថា ដំណោះស្រាយជាស្ថាពរ និងស្ថិតស្ថេរនៃជម្លោះនៅស៊ីរីអាចទៅរួច តែឈរលើមូលដ្ឋាននៃការកែទម្រង់នយោបាយ និងការចរចាជាមួយកងកម្លាំងស្អាតស្អំរបស់ប្រទេស ដោយលោកចង់និយាយសំដៅលើពួកប្រឆាំងដែលគួរអនុគ្រោះ ។
សហរដ្ឋអាមេរិក និងរុស្ស៊ីបានព្រមព្រៀងគ្នារួចហើយរៀបចំធ្វើដោយឆាប់រហ័សបំផុតនូវការជួបគ្នារវាងកងយោធា ដើម្បីចៀសវាងរាល់ឧប្បត្តិហេតុរវាងកងយន្តហោះនៃប្រទេសទាំង២ ។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោកស័រហ្គេយ ឡាវរ៉ូវ នៅមុខសារព័ត៌មានពេលចេញពីកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប ថ្លែងថា យើងបានព្រមព្រៀងគ្នាដែលកងយោធារុស្ស៊ី និងអាមេរិកត្រូវប្រាស្រ័យទាក់ទងគ្នាឱ្យបានឆាប់បំផុត ។ ចំណែកលោកចន ឃ័ររី អះអាងពីភាពចាំបាច់នៃការជួបពិភាក្សាគ្នារវាងកងយោធាឱ្យបានឆាប់បំផុត ៕



ចែករំលែកព័តមាននេះ