រាជធានីភ្នំពេញ ៖ រថយន្តឡិចស៊ីសមួយគ្រឿងបើកក្នុងស្ថានភាពស្រវឹង បានបុកម៉ូតូមួយគ្រឿងនៅមុខវ៉ាស៊ីនតោន ក្នុងខណ្ឌជ្រោយចង្វា ហើយព្យាយាមបើករត់មកបុករថយន្តមួយគ្រឿងទៀត នៅមុខខ្លោងទ្វារវត្តសន្សំកុសល កាលពីវេលាម៉ោង១២ និង២៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១ តុលា ២០១៥ លើផ្លូវលេខ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។
ប្រភពបានឱ្យដឹងថា រថយន្តបង្កម៉ាកឡិចស៊ីសRX330 ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2AA-7287 បើកបរដោយបុរសម្នាក់ពាក់ដៃវែងអាវពណ៌ឈាមជ្រូក ឆ្នូតពណ៌ខ្មៅដឹកនារីម្នាក់ បើកក្នុងស្ថានភាពស្រវឹងមកបុកម៉ូតូស្គូពីមួយគ្រឿង បណ្តាលឱ្យដួលរងរបួសនៅមុខខារ៉ាអូខេវ៉ាស៊ីនតោនតាមផ្លូវជាតិលេខ៦ ក្នុងខណ្ឌជ្រោយចង្វា ហើយព្យាយាមបើករត់ដល់រង្វង់មូលនាងគង្ហីង បានទម្លាក់នារីម្នាក់ ចុះពីលើរថយន្ត ហើយបានបន្តតាមផ្លូវលេខ២៧១ ទិសដៅពីជើងទៅត្បូង ស្របគ្នាជាមួយរថយន្តហ្វ័ររ៉េន័រ ពណ៌ទឹកប៊ិចពាក់ស្លាកលេខភ្នំពេញ 2S-9122 មកដល់ចំណុចមុខខ្លោងទ្វារវត្តសន្សំកុសល ហើយរថយន្តបង្កបើកលឿនពេក បានបត់ឆ្វេងត្រឡប់ក្រោយ ធ្វើឱ្យប៉ះថ្ពាល់មុខរបស់រថយន្តហ្វររ៉េន័រ បណ្តាលឱ្យរថយន្តបង្កក្រឡាប់២ត្រឡប់ ធ្វើឱ្យអ្នកឃើញហេតុការណ៍ជួយ ចាប់ទាញអ្នកបើកបរចេញពីក្នុងរថយន្តមិនមានរងរបួសទេ និងជួយទាញរថយន្តក្រឡាប់មកធម្មតាវិញ និងត្រូវជនឆ្លៀតឱកាសលួចយកកាបូបលុយបាត់អស់៣០០០ដុល្លារ និងទូរស័ព្ទដៃ ហើយរថយន្តខូចខាតផ្នែកខាងមុខនិងធ្លាក់កាងមុខ ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព







ចែករំលែកព័តមាននេះ